អន្តរជាតិ
ចិនរឹតត្បិតពាណិជ្ជកម្មជាមួយតៃវ៉ាន់ ចំពេលទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី
03, Aug 2022 , 4:18 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
រដ្ឋាភិបាលចិន នៅថ្ងៃទី៣ ខែសីហា បានប្រកាសពីការរឹតត្បិតពាណិជ្ជកម្មដូចជាការផ្អាកការនាំចេញខ្សាច់ និងនាំចូលផ្លែឈើ និងត្រីជាមួយកោះតៃវ៉ាន់ ខណៈភាពតានតឹង ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី កំពុងកើតមាន។សេដ្ឋវិទូមួយរូបអះអាងថា ទោះបីជាទំនិញទាំងនោះមិនមែនជាទំនិញដ៏សំខាន់បំផុតក៏ដោយ​ ប៉ុន្តែ ការដាក់សម្ពាធមួយនេះ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចតៃវ៉ាន់មួយផ្នែកផងដែរ។

 
ក្រសួងពាណិជ្ជកម្មចិន ចេញសេចក្ដីប្រកាសមួយ នៅថ្ងៃទី៣ ខែសីហា ដែលកំណត់ឱ្យមានការ ផ្អាកការនាំចេញខ្សាច់ទៅកោះតៃវ៉ាន់ដែលជាសម្ភារដ៏សំខាន់សម្រាប់ការសងសាង់របស់កោះមួយនេះ និងផ្អាកការនាំចូលផ្លែក្រូចឆ្មារតៃវ៉ាន់ និងប្រភេទត្រីមួយចំនួនពីកោះមួយនេះវិញ។
 
បន្ថែមពីនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានប្រកាសដាច់ដោយឡែកថា រដ្ឋាភិបាលក្រុងប៉េកាំងហាម​ក្រុមហ៊ុន និង​បុគ្គល​ចិន​ដីគោក​មិន​ឱ្យ​ធ្វើ​ការប្រតិបត្តិការហិរញ្ញវត្ថុ​ជាមួយ​មូលនិធិ​តៃវ៉ាន់​ពីរដែលរួមមាន មូលនិធិតៃវ៉ាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងមូលនិធិសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍តៃវ៉ាន់។
 
សេចក្ដីប្រកាសទាំងពីរនេះ បានកើតឡើងក្រោយលោកស្រីផេឡូស៊ីបានទៅដល់កោះតៃវ៉ាន់ ទោះបីជាចិនបានព្រមានពីផលវិបាកជាច្រើនលើកច្រើនសារក្ដី។ 
 
ជុំវិញការដាក់កម្រិតលើពាណិជ្ជកម្មតៃវ៉ាន់ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន Natixis នៅ​ទីក្រុង​ហុងកុងលោកស្រី Alicia García-Herrero បានបញ្ជាក់ថា ការផ្អាកការនាំចូលផ្លែឈើ និងត្រី នឹងមានផលប៉ះពាល់តិចតួចដល់សេដ្ឋកិច្ចរបស់តៃវ៉ាន់ ប៉ុន្តែការបញ្ឈប់ការនាំចេញខ្សាច់អាចមានផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការសាងសង់ បានក្លាយជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេលជំងឺរាតត្បាត។
 
គួររំលឹកថា កាលពីថ្ងៃទី១ ខែកក្កដា មុនពេលលោកស្រីផេឡូស៊ីទៅដល់កោះតៃវ៉ាន់ ទីភ្នាក់ងារ គយចិន បានចុះម៉ាកអាហារតៃវ៉ាន់ជាង១០០ប្រភេទក្នុងបញ្ជីខ្មៅសម្រាប់ការខកខានក្នុងការបន្តការចុះបញ្ជីការនាំចេញ។ យ៉ាងណាមិញ លោកស្រី Wu Shou-Mei អគ្គនាយក រដ្ឋបាលចំណីអាហារនិងឱសថរបស់តៃវ៉ាន់ បញ្ជាក់ថា វិធានការមួយនេះអាចជាហេតុផលនយោបាយច្រើនជាង ដោយសារក្រុមហ៊ុនផលិតរបស់តៃវ៉ាន់រងការដាក់សម្ពាធខ្លាំងជាងក្រុម ហ៊ុនប្រទេសផ្សេងៗ។ នេះបើការរាយការណ៍របស់កាសែត Taipei Times៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com