កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន, ស៊ីលី, អ៊ុយរូហ្គាយ និង ប៉ារ៉ាហ្គាយ រួមគ្នាដេញថ្លៃ World Cup 2030
03, Aug 2022 , 7:29 pm        
រូបភាព
 អាហ្សង់ទីន ស៊ីលី អ៊ុយរូហ្គាយ និង ប៉ារ៉ាហ្គាយ រួមដៃគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup 2030។ នេះបើតាម CONMEBOL ថ្ងៃទី២ ខែសីហា។


ប្រសិនបើកិច្ចរួមសហការរបស់ប្រទេសទាំង ៤នៃទ្វីបអាម៉េរិកខាងត្បូង ជោគជ័យក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ​World Cup នោះ ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះ នឹងបានវិលត្រលប់ទៅប្រទេសអ៊ុយរូហ្គាយ ក្រោយខកខានជាងមួយសតវត្ស។ អ៊ុយរូហ្គាយធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ដំបូងគេបង្អស់ក្នុងឆ្នាំ ១៩៣០ ចំណែកឯអាហ្សង់ទីនក៏ធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ១៩៧៨ និង ស៊ីលីធ្លាប់ធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ ១៩៦២។
 
«នេះគឺសុបិននៃទ្វីបមួយ! ការប្រកួត World Cup នេះនឹងមានច្រើនលើកតទៀត ប៉ុន្តែការវិលត្រលប់របស់ពានរង្វាន់មួយនេះក្នុងរយៈពេល ១០០ឆ្នាំ គឺមានតែម្តងប៉ុណ្ណោះ ដូច្នេះវាគួរតែវិលត្រលប់មកផ្ទះវិញ។»។ លោក ​Alejandro Dominguez ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូង CONMEBOL និយាយបែបនេះ ក្នុងកម្មវិធីមួយនាកីឡដ្ឋាន Montevideo Centenario។
 
មិនត្រឹមតែប៉ុណ្ណោះលោក Dominguez ក៏បានបញ្ជាក់បន្ថែមថាគោលបំណង និងហេតុផលដែល ​FIFA គួរតែទទួលយកការដេញថ្លៃពីប្រទេសទាំង៤ គឺការដេញថ្លៃ World Cup 2030 នេះធ្វើទៅតាមដូចអ្វីដែល World Cup 2026 ដែលមានប្រទេសអាម៉េរិក កាណាដា​ និងម៉ិកស៊ិកជាសហម្ចាស់ផ្ទះ។
 
ចំណែកឯប្រធានសហព័ន្ធបាល់ទាត់អ៊ុយរូហ្គាយលោក Ignacio Alonso ក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកប្រាប់អ្នកកាសែតថា៖«World Cup 2030 គឺជាព្រឹត្តិការណ៍តែមួយគត់ដែលនឹងត្រូវធ្វើឡើងនៅប្រទេសដែលធ្លាប់បានរៀបចំការប្រកួតនេះតាំងពីរយៈពេល ១០០ឆ្នាំមុនមក។»។
 
មកដល់ពេលនេះ ប្រទេសកំពូលៗប្រចាំទ្វីបអាម៉េរិកខាងត្បូងបានបង្ហាញខ្លួន ដាក់ចំណាប់អារម្មណ៍ក្នុងការប្រជែងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ក្រោយពេលប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ដែលបានបង្ហាញចំណាប់អារម្មណ៍ដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ កាលពីខែមុន៕
 

Tag:
 CONMEBOL
  World Cup 2030
© រក្សាសិទ្ធិដោយ thmeythmey.com