រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់១,២ទ្រីលានរៀល(៣០០លានដុល្លារ) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បើតាមលោក មាស សុខសេនសាន នាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឧបករណ៍ហិរញ្ញវត្ថុមួយនេះ រដ្ឋអាចនឹងបោះផ្សាយនាខែកញ្ញា បន្ទាប់ពីនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗត្រូវបានរៀបចំរួចរាល់។
តាមការគ្រោងទុក រដ្ឋនឹងខ្ចីលុយ៣០០លានដុល្លារពីវិនិយោគិនក្នុងស្រុក តាមរយៈការបោះផ្សាយលក់មូលត្របំណុលនៅលើទីផ្សារមូលបត្រកម្ពុជា(CSX)នៅឆ្នាំ២០២២ ដែលមានធនាគារជាតិនៃកម្ពុជា(NBC) ជាភ្នាក់ងារបោះផ្សាយមូលបត្រនេះ។ បច្ចុប្បន្ន កត្តាបច្ចេកទេសនៃការបោះផ្សាយបោះសញ្ញាបណ្ណ ឬ បណ្ណបំណុលជាលើកដំបូងរបស់រដ្ឋាភិបាលនេះ ត្រូវបានរៀបចំជិតរួចរាល់អស់ហើយ ។ នេះជាបញ្ជាក់សារជាថ្មីរបស់លោក មាស សុខសេនសាន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី« សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២សីហា។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញរូបនេះ បន្តថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ៖ «យើងសង្ឃឹមថា ឆាប់ៗនេះ[អាចបោះផ្សាយមូលបត្ររដ្ឋ]! អាចខែសីហា ឬខែកញ្ញា ប្រសិនបើជាកិច្ចការទាំងអស់វាត្រឹមត្រូវទៅអ្វីដែលយើងព្រាង ហើយកិច្ចការទាំងអស់នេះយើងបន្តខិតខំធ្វើយ៉ាងម៉េច ដើម្បីឱ្យការបោះផ្សាយមូលបត្ររដ្ឋនេះ នឹងអនុវត្តទៅបានដោយចំណេញទាំងអស់គ្នា»។
ការបោះផ្សាយមូលបត្ររដ្ឋ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល
តាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។ បើតាមលោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។ លើសនេះ ការបោះផ្សាយមូលបត្របំណុល ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ក្រោយដំណើរការអស់១០ឆ្នាំមកនេះ។
លោក ប៉ែន ធីរុង្គ បន្តថ្លែង ក្នុងសន្និសីទជាតិស្តីពីទីផ្សារមូលបត្រកម្ពុជា«មួយទសវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ» កាលពីថ្ងៃទី ១៦ឧសភាថា៖ «ចំណូលបានពីការបោះផ្សាយមូលបត្របំណុលហ្នឹង! យើងគ្រោងចាយ[ផ្តល់ហិរញ្ញប្បទាន]ទៅលើឱ្យធនាគាSME, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងគ្រោងផ្តល់ហិរញ្ញប្បទានក្នុងវិស័យសេដ្ឋកិច្ចឌីជីថល...ជាដើម»។
សម្រាប់ឧបករណ៍ហិរញ្ញវត្ថុថ្មីនេះ លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ក្តីរំពឹងថា នឹងទទួលបានការពេញនិយមសម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា និងផ្តល់នូវទិន្នន័យ Benchmark សម្រាប់ការជួញដូរមូលបត្រសាជីវកម្ម និងការវិភាគហិរញ្ញវត្ថុនានា ដូចត្រូវបានអនុវត្តនៅក្នុងប្រទេសដែលមានវិស័យមូលបត្ររីកចម្រើន។
សូមជម្រាបថា ផ្សារមូលបត្រកម្ពុជា(CSX) ត្រូវបានបើកឱ្យដំណើរការជួញដូរមូលបត្រនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១២។ រយៈពេល១០ឆ្នាំនៃការបង្កើតផ្សារមូលបត្រកម្ពុជានេះ គឺមានក្រុមហ៊ុនចំនួន១៦បានចុះបញ្ជី។ ក្នុងនោះមាន៩ក្រុមហ៊ុន ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណ ដែលមានកៀរគរទុនវិនិយោគពីទីផ្សារនេះបានប្រមាណ ២៨១លានដុល្លារ៕