អន្តរជាតិ
រុស្ស៊ី៖ ក្រុងមូស្គូនឹងប្រើអាវុធនុយក្លេអ៊ែរ បើណាតូលូកដៃចូលក្នុងជម្លោះអ៊ុយក្រែនដោយផ្ទាល់
03, Aug 2022 , 8:29 pm        
រូបភាព
តំណាងរុស្ស៊ីអំឡុងសន្និសីទពិនិត្យឡើងវិញលើកទី១០ លើភាគីនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT)។ រូបភាព៖​ AP
តំណាងរុស្ស៊ីអំឡុងសន្និសីទពិនិត្យឡើងវិញលើកទី១០ លើភាគីនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT)។ រូបភាព៖​ AP
មន្រ្តីទូតរុស្ស៊ី នៅថ្ងៃទី២ ខែសីហា បានបញ្ជាក់ថា ក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្ន ក្រុង មូស្គូមិនបានគំរាមប្រើអាវុធនុយក្លេអ៊ែរដូចលោកខាងលិចបានចោទនោះឡើយ ក៏ប៉ុន្តែ ក្រុងមូស្គូ​អាចនឹងសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរជាការឆ្លើយតបប្រសិនបើសម្ព័ន្ធយោធាណាតូ (NATO) ឈ្លានពានក្នុងជម្លោះមួយនេះដោយផ្ទាល់។

 
អំឡុងសន្និសីទពិនិត្យឡើងវិញលើកទី១០ លើភាគីនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) នៅថ្ងៃទី២ ខែសីហា នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ (UN) អ្នកការទូតជាន់ខ្ពស់នៃនាយកដ្ឋានមិនរីកសាយ និងគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ី លោក Alexander Trofimov បានច្រានចោលការចោទដែលលោកចាត់ទុកថាគ្មានមូលដ្ឋានច្បាស់ លាស់ ខុសពីការពិត និងមិនអាចទទួលយកបានដែលបានថា ក្រុងមូស្គូបានគំរាមប្រើអាវុធ នុយក្លេអ៊ែរលើអ៊ុយក្រែន។
 
យ៉ាងណាមិញ លោក Trofimov ក៏បានសង្កត់ធ្ងន់ថា នៅពេលអនាគតរុស្ស៊ីនឹងប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងអាវុធប្រល័យលោក ឬការវាយប្រហារដោយអាវុធ ធម្មតាណាមួយដែលគំរាមកំហែងដល់អត្ថិភាពនៃរដ្ឋរុស្ស៊ី។ កន្លងមកមន្រ្តីរុស្ស៊ីផ្សេងទៀត ក៏ធ្លាប់លើកឡើងបែបនេះដែរ។ 
 
«គ្មាន​សេណារីយ៉ូខាងលើ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​អ៊ុយក្រែន​ឡើយ»។ លោក Trofimov បានពន្យល់ បន្ថែមបែបនេះ ដោយចង់សំដៅដល់ស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែនដែលមិនទាន់ មានការប្រើប្រាស់អាវុធប្រល័យលោក ឬអាវុធធម្មតាណាមួយដែលគំរាមកំហែងអត្ថិភាពនៃរដ្ឋរុស្ស៊ីឡើយ។
 
ទន្ទឹមនេះ មន្រ្តីការទូតរុស្ស៊ីរូបនេះ ក៏បានចោទសម្ព័ន្ធយោធាណាតូថាបានព្យាយាម ចូលក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន ហើយមកប្រឈមមុខជាមួយរុស្ស៊ីដែលការណ៍នេះនឹង រឹតតែអាចបង្កឱ្យមានការប៉ះទង្កិចគ្នាដោយបើកចំហរ។
 
«យើងច្បាស់ជាការពាររឿងនេះ ប៉ុន្តែប្រសិនបើប្រទេសលោកខាងលិចព្យាយាមសាកល្បងការតាំងចិត្តរបស់យើង រុស្ស៊ីនឹងមិនថយក្រោយឡើយ»។ លោក Trofimov បានព្រមានសម្ព័ន្ធយោធាណាតូបែបនេះដោយចង់មានន័យថា​ក្រុងមូស្គូ​អាចនឹងសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរជាការឆ្លើយតប ប្រសិនបើសម្ព័ន្ធយោធាណាតូ (NATO) ឈ្លានពានក្នុងជម្លោះមួយនេះដោយផ្ទាល់។
 
ក្រៅពីនេះ នៅថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ីបានចោទអាម៉េរិកថាបានលូកដៃចូលជម្លោះ រុស្ស៊ី-អ៊ុយក្រែនដោយផ្ទាល់។ ក្រុងមូស្គូចោទថា ការណ៍ដែលអ៊ុយក្រែនពិគ្រោះយោបល់ជា មួយមន្ត្រីចារកម្មអាម៉េរិកមុនការវាយប្រហារគោលដៅណាមួយ ហើយអាម៉េរិកក៏មានសិទ្ធិបដិ សេធដាច់ខាតលើគោលដៅគ្រោងទុក គឺជាការលូកដៃចូលវិបត្តិមួយនេះដោយផ្ទាល់តែម្ដង។
 
ក្រសួងការពារជាតិរុស្ស៊ី ក៏បានលើកឡើងទៀតថា រដ្ឋបាលប្រធានាធីបតីអាម៉េរិកលោកចូ បៃឌិនត្រូវតែទទួលខុសត្រូវដោយចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលត្រូវបាន អនុម័តដោយទីក្រុងកៀវលើតំបន់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ដុនបាស និងតំបន់ផ្សេងទៀតដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់យ៉ាងច្រើន៕
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com