អន្តរជាតិ
អាស៊ាន
លោក កៅ គឹមហួន ត្រូវតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ២០២៣ ដល់២០២៨
03, Aug 2022 , 5:27 pm        
រូបភាព
លោក កៅ គឹមហួន នឹងកាន់តំណែងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិដែលចាប់ផ្តើមពីឆ្នាំ២០២៣ ។ នេះបើតាមការប្រកាសរបស់លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៣ ខែសីហា។



ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣ ខែសីហា លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្លែងថា អំឡុងកិច្ចប្រជុំចង្អៀត លោក ប្រាក់ សុខុន បានប្រកាសពីការតែងតាំងលោក គីម គឹមហួន ដែលជាបច្ចុប្បន្នរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាអគ្គលេខាធិការអាស៊ានដែលចាប់ផ្ដើមពីឆ្នាំ២០២៣
 
«ការតែងតាំងនេះ ត្រូវបានស្វាគមន៍ពីរដ្ឋមន្រ្តីការបរទេសអាស៊ានផងដែរ។» អ្នកនាំពាក្យដដែលបន្តបែបនេះ។
 
អគ្គលេខាធិការអាស៊ានបច្ចុប្បន្ន គឺលោក Lim Jock Hoi ដែលជាជនជាតិព្រុយណេ។ អាណត្តិអគ្គលេខាធិការអាស៊ានរយៈពេល៥ឆ្នាំតែម្ដងប៉ុណ្ណោះ ហើយត្រូវបានតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន។ អគ្គលេខាធិការអាស៊ាន ត្រូវបានជ្រើសរើសតាមលំដាប់អក្សរភាសាអង់គ្លេសរបស់សមាជិកអាស៊ានទាំង១០ និងផ្អែកលើលក្ខខណ្ឌមួយចំនួនដូចជាសុចរិតភាព សមត្ថភាព បទពិសោធ និងសមភាពយេនឌ័រ។

លោក កៅ គឹមហួន ជាឥស្សរជនកម្ពុជាទីមួយ ដែលកាន់តំណែងអគ្គលេខាធិការអាស៊ាននេះ៕
 

Tag:
 អាស៊ាន
  កៅ គឹមហួន
© រក្សាសិទ្ធិដោយ thmeythmey.com