កីឡាអន្តរជាតិ
អន្តរជាតិ
Ofcom ៖ Ronaldo និង Maguire រងការបំពានលើបណ្តាញសង្គម Twitter ច្រើនជាងគេ
03, Aug 2022 , 10:29 pm        
រូបភាព
កីឡាករក្រុម Manchester United ពីររូបរួមមាន Cristiano Ronaldo និង Harry Maguire ក្លាយជាកីឡាករដែលរងការរំលោភបំពានលើបណ្តាញសង្គម Twitter ច្រើនជាងគេកាលពីរដូវកាលមុន។ នេះបើតាមការសិក្សាពីស្ថាប័នគ្រប់គ្រងលើបណ្តាញទូរគមនាគមន៍អង់គ្លេស (Ofcom) ថ្ងៃទី២ ខែសីហា។

 
យ៉ាងហោចណាស់ចំណោម ៣ភាគ៤ នៃកីឡាករបាល់ទាត់នៅ ​Premier League ទទួលបានការផ្ញើសាររំលោកបំពាន ឬការរើសអើងជាប្រចាំ។
 
បើតាមរបាយការណ៍ពីវិទ្យាស្ថាន ​​The Alan Turing និង Ofcom ដោយបានប្រើប្រាស់ម៉ាស៊ីនសិក្សាពីបច្ចេកវិទ្យាថ្មីមួយ បានវិភាគឱ្យដឹងថា បានរកឃើញមានសារប្រមាណ ២,៣លាន បានផ្ញើសំដៅលើកីឡាកររបស់ Premier League ដោយផ្ទាល់ក្នុងអំឡុងប្រាំខែដំបូងនៃរដូវកាល ២០២១​-២២។ 
 
មាស៊ីននោះរកឃើញថាការបង្ហោះជាង ៦០,០០០សារដែលចាត់ទុកថាជាការបំពាន ហើយប្រមាណជាង ៦៨ភាគរាយ គឺសំដៅលើកីឡាករប្រចាំនៅក្រុមកំពូលៗនៅអង់គ្លេសតែម្តង។ សារបំពានជាងពាក់កណ្តាល សំដៅទៅលើកីឡាករ ១២នាក់តែប៉ុណ្ណោះ ដោយក្នុងនោះមានកីឡាកររបស់ក្រុមបិសាចក្រហម ​​Manchester United ៨នាក់ ដោយ​ Ronaldo ជាគោលដៅធំជាងគេបង្អស់។
 
Ronaldo ទទួលបានសារបំពានទាំងនោះ ១២,៥២០​សារ ចំណែកខ្សែការពារ Maguire ទទួលបានសារបំពាន ៨,៩៥៤សារ និង ​Marcus Rashford ទទួលបានជាង ២,៥៥៧សារ ព្រមទាំងកីឡាករដដៃផ្សេងទៀត ។
 
ប្រាប់ទៅកាន់កាសែត BBC Sports លោក Kevin Bakhurst ប្រធានរបស់ ​Ofcom បានឱ្យដឹងថា ការតាមដាននេះ កំពុងធ្វើឱ្យមានពន្លឺជាថ្មីសម្រាប់ការប្រកួតដ៏អស្ចារ្យប្រចាំអង់គ្លេស ហើយការបំពានលើអ៊ិនធឺណិតនឹងមិនអាចជះផលប៉ះពាល់លើកីឡាទៀតឡើយ។
 
«ការស្វែងរកនេះគឺជាពន្លឺមួយ ដែលបានបញ្ជាំងនៅត្រង់ទីកន្លែងងងឹតនៃការប្រកួតដ៏ស្រស់ស្អាត និងអស្ចារ្យ។ ការរំលោភបំពានតាមប្រព័ន្ធអ៊ិនធឺណិតនឹងលែងមានវត្តមានក្នុងកីឡាបន្តទៀត ឬនៅក្នុងសង្គមមួយនេះទៀត ហើយយើងនឹងបន្តដោះស្រាយវា យើងក៏ត្រូវការកម្លាំងជាក្រុមមួយផងដែរ។»។លោក Bakhurst និយាយបែបនេះ។
 
ទោះជាបែបនេះក្តី ក្នុងរបាយការណ៍ដដែលនោះក៏បានបង្ហាញពីការបង្ហោះសារវិជ្ជមានដល់កីឡាករដែរ ដោយក្នុងចំណោមការបង្ហោះទាំង ២,៣លានសារនោះ មាន៥៧ភាគរយ​ដែលនិយាយល្អសំដៅលើកីឡាករ៕
 

Tag:
 Cristiano Ronaldo
  Harry Maguire
© រក្សាសិទ្ធិដោយ thmeythmey.com