ជាតិ
អាស៊ាន
ដាណឺម៉ាក កាតា ក្រិក អេមីរ៉ាតអារ៉ាប់រួម អូម៉ង់ ហូឡង់ ក្លាយជាភាគីនៃសន្ធិសញ្ញាមិត្តភាពរបស់អាស៊ាន
03, Aug 2022 , 6:04 pm        
រូបភាព
រដ្ឋមន្រ្តីការបរទសកម្ពុជា លោក ប្រាក់ សុខុន (កណ្ដាល) ធ្វើជាអធិបតីពិធីចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរបស់ហូឡង់ ក្រិក ដាណឺម៉ាក អូម៉ង់ កាតា និងអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី៣ ខែសីហា
រដ្ឋមន្រ្តីការបរទសកម្ពុជា លោក ប្រាក់ សុខុន (កណ្ដាល) ធ្វើជាអធិបតីពិធីចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរបស់ហូឡង់ ក្រិក ដាណឺម៉ាក អូម៉ង់ កាតា និងអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី៣ ខែសីហា
ប្រទេសចំនួន៦ទៀត បានចុះហត្ថលេខាចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ (TAC) របស់អាស៊ាន។ សមាជិកនៃសន្ធិសញ្ញាកើនដល់៤៩ប្រទេសហើយ។

 
រដ្ឋកាតា សាធារណរដ្ឋក្រិក ព្រះរាជាណាចក្រដាណឺម៉ាក ព្រះរាជាណាចក្រហូឡង់ អេមីរ៉ាតអារ៉ាប់រួម និងរដ្ឋស៊ុលតង់អូម៉ង់​ ជាសមាជិកថ្មីទាំង៦ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ (TAC) ។ រដ្ឋមន្រ្តីនៃប្រទេស៦ បានចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាសមាជិកនៅថ្ងៃទី៣ ខែសីហា អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ។
 
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅល្ងាចនៅថ្ងៃទី៣ ខែសីហា ថា អាស៊ាន ស្វាគមន៍មិត្ត និងដៃគូក្នុងការក្លាយជាសមាជិករបស់ TAC ។ បើតាមលោក គង់ ភោគ ការក្លាយជាសមាជិក TAC នឹងបើកផ្លូវដល់ការក្លាយជាដៃគូជាមួយអាស៊ានផងដែរ។
 
«ក្លាយជាសមាជិក TAC ជាលក្ខខណ្ឌអប្បរមាដើម្បីក្លាយជាដៃគូអាស៊ាន។» អ្នកនាំពាក្យដដែលលើកឡើងបែបនេះ មុនបន្តថា ហត្ថលេខីថ្មី នឹងអនុវត្តតាមគោលការណ៍ និងគុណតម្លៃរបស់សន្ធិសញ្ញា។
 
TAC ត្រូវបានបង្កើតនៅឆ្នាំ១៩៧៦។ សន្ធិសញ្ញានេះ ចែងពីគោលការណ៍សកលនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមិត្តក្នុងចំណោមរដ្ឋនានានៅអាស៊ីអាគ្នេយ៍ ហើយមានចំណងផ្លូវច្បប់សម្រាប់ទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងលើសពីតំបន់ថែម។ សន្ធិសញ្ញានេះ ត្រូវបានកែប្រែប៣លើកដើម្បីបើកផ្លូវឱ្យប្រទេសក្រៅតំបន់ ឬអង្គការតំបន់ដែលមានសមាជិកជារដ្ឋអធិបតេយ្យអាចចូលជាភាគីបាន។
 
សមាជិកអាស៊ានទាំងអស់ សុទ្ធតែជាភាគីនៃសនិ្ធសញ្ញានេះ ដោយកម្ពុជាចូលរួមក្នុងឆ្នាំ១៩៩៥។ អាម៉េរិក ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងចិនជាដើម​ ក៏ជាភាគីនៃសនិ្ធសញ្ញានេះដែរ។ សហភាពអឺរ៉ុប ជាអង្គការតំបន់តែមួយគត់ដែលជាសមាជិកនៃសន្ធិសញ្ញា ដោយចូលរួមក្នុងឆ្នាំ២០១២៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com