ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
៨​ចំណុច​ដែល​អ្នក​មិនគួរ​ផុស​នៅក្នុង​ហ្វេ​សប៊ុក​របស់អ្នក
04, Aug 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងពេល​បច្ចុប្បន្ន​នេះ ហ្វេ​សប៊ុក​បាន​ក្លាយ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ ដែល​ទទួលបាន​នូវ​ប្រជាប្រិយភាព​ជាខ្លាំង ចំពោះ​មនុស្ស​គ្រប់​វ័យ ។ ជាក់ស្តែង​ហ្វេ​សប៊ុក គឺជា​ប្រព័ន្ធ​ទំនាក់ទំនង មួយ​ដ៏​អស្ចារ្យ ដែល​អាច​ឲ្យ​អ្នករ​ក្សាទំនាក់ទំនង​ជាមួយ​មិត្ត​គ្រប់​ទីកន្លែង មិន​ថា​ពួកគេ​នៅ​ជិត ឬ​ឆ្ងាយ ក៏ដូចជា​ចែករំលែក​នូវ​រូបភាព និង​ដំណឹង​ទាន់​ហេតុការណ៍​ផ្សេងៗ​នៅក្នុង​សង្គម​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ហ្វេ​ស​ប៊ុកក៏​មាន​ឥទ្ធិពលអ​វិជ្ជមាន​មួយ​ចំនួន ទៅលើ​ជីវិត​ប្រចាំថ្ងៃ និង​ភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ផងដែរ​។វា​អាច​បាចសាច​នូវ​ពាក្យ​ច​ចាម​រ៉ា​ម បង្ក​ជា​បញ្ហា និង​ជា​វេទិកា​សម្រាប់​មនុស្ស​ចំនួន ធ្វើការ​បង្អួត ឬ​ឈ្លោះ​គ្នា​។ ដើម្បី​បង្ការ​នូវ​បញ្ហា​ផ្សេងៗ និង​ចៀសវាង​ហ្វេ​សប៊ុក​បំផ្លាញ ជីវិត​ផ្ទាល់ខ្លួន​នោះ អ្នក​គប្បី​មិនគួរ​ផុស ឬ​ស្ហែរ​នូវ​រឿង​ទាំង ៨​ចំណុច​ខាង​ក្រោម​នេះ ៖

 
១. បញ្ហា​នៅក្នុង​ទំនាក់ទំនង​របស់​អ្នក​
​វា​ពិតជា​មាន​គ្រោះថ្នាក់​ណាស់ ប្រសិនបើ​អ្នក​ផុស​នូវ​ជំលោះ​ផ្សេងៗ ដែល​អ្នក​កំពុង​មាន ឬ​រឿងរ៉ាវ​អ្វីមួយ ដែល​ធ្វើឲ្យ​អ្នក​អំពល់ ឬ​អាចជា​វិបត្តិ​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ ( អ្នក​កំពុង​ពិចារណា និង​សម្រេចចិត្ត​ធ្វើការ​លែងលះ ឬ​រស់នៅ​បែក​គ្នា​ជាមួយ​ដៃគូរ​) នៅ​អា​ខោ​ន​ហ្វេ​សប៊ុក​របស់អ្នក ។ ទោះជា​ពេលខ្លះ​អ្នក​គិតថា វា​ជា​វិធី​មួយ​ដែល​អ្នក​អាច​ចែករំលែក​នូវ​ការឈឺចាប់ ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ​ផ្នែក​ផ្លូវចិត្ត ឬ​រឹតចំណង​មិត្តភាព​របស់អ្នក តែ​វា​ក៏​អាច​ត្រលប់​ផ្តល់​មក​វិញ​នូវ ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ទៅ​ដល់​កិត្តិយស​អ្នក និង​គ្រួសា​រនា​ថ្ងៃ​ក្រោយ​បាន​ដែរ​។អ្វី​ដែល​ពួកគេ​បានឃើញ គឺ​ត្រឹមតែ​ផ្នែក​នៃ​ការបង្ក​ជំលោះ តែ​ពួកគេ​មិន​បាន​ឃើញ​នូវ​ការ​សុំទោស និង​អធ្យាស្រ័យ​របស់​ភាគី​ម្ខាង​ទៀត ចំពោះ​អ្នក​នោះ​ទេ​។ ក្រោយមកទៀត អ្នក​បែរ​ជា​ផុស​ថា​អ្នក​ទាំង​ពីរ​ត្រូវ​គ្នា​វិញ​ហើយ តើ​អ្នក​គិតថា​មនុស្ស​ដទៃ​នឹង​យល់​បែប​ណា​ចំពោះ​អ្នក​ដែរ ? ពួក​គេ​ប្រាកដជា​គិតថា អ្នក​ល្ងង់ ដែល​នៅតែ​ទ្រាំ​រស់នៅ​ជាមួយ​មនុស្ស​ដែល​ធ្វើ​ខុស​ម្តង​ហើយ​ម្តងទៀត ។​
លើសពីនេះទៅទៀត ភាគី​ម្ខាង​ទៀត​ក៏​អាច​នឹង​ទទួល​នូវ​ភាពឈឺចាប់ ឬ​ប៉ះពាល់​អារម្មណ៍​យ៉ាងខ្លាំង ដោយសារ​អ្នក​បាន​យក គេ​មក​ធ្វើ​ជា​ប្រធានបទ ជីក​កកាយ​ឲ្យ​មនុស្សម្នា​នៅក្នុង​ប្រព័ន្ធ​សង្គម​មួយ​នេះ បានដឹង​នូវ​ចំណុច​ខុសឆ្គង​របស់​គេ​។ បើ​អ្នក​ជា​គេ​វិញ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​? គ្មាន​មនុស្ស​ណា ដែល​មិន​ចេះ​ធ្វើ​ខុស​នោះទេ សំខាន់​គឺ​ការកំណត់​នូវ ចំនួន​ដង​នៃ​ការធ្វើ​ខុស​ចំពោះ​ទង្វើ​ដដែលៗ ។​អ្វី​ដែល​សំខាន់​នោះ គឺ​អ្នក​ត្រូវ​ចេះ​រក្សា​ការសម្ងាត់​ផ្ទាល់ខ្លួន និង​រឿងរ៉ាវ​ក្នុង​ជីវិត​ក្នុង​គ្រួសារ ព្រោះ​យើង​មិន​អាច​ដឹង​បាន​ទេ​ថា អ្នកណា​ជា​អ្នក​ស្រលាញ់​យើង​ពិត ឬ​លួច​រិះគន់​យើង​ពីក្រោយ​នោះ ។​
 
២. រូបភាព​អាសអាភាស មិន​ថា​ចំពោះ​កុមារ​ឬ​មនុស្ស​ចាស់​
​ពេលខ្លះ​អ្នក​គិតថា រូបភាព​ស្រាត​របស់​ទារក ឬ​កុមារ ហាក់​នឹង​មើលទៅ​គួរ​ឲ្យ​ស្រលាញ់ និង​គួរ​ឲ្យ​ខ្នាញ់ ហើយ​វា​ហាក់​នឹង​គ្មាន​ផលប៉ះពាល់​អ្វី​ឡើយ តែ​ជា​ការពិត​អ្នក​ក៏​មិន​គប្បី​ផុស ឬ​ស្ហែរ​វា​នៅ​ហ្វេស​ប៊ុក​នេះដែរ​។ មិន​ខុស​គ្នា​ពី​រូប​មនុស្ស​ពេញវ័យ ឬ​ខ្លួន​អ្នក​ផ្ទាល់ ចៀសវាង​ការបង្ហាញ​នូវ​រូបភាព​ណា​ដែល​ប៉ះពាល់​ទៅដល់​អារម្មណ៍​អ្នកដទៃ ម្យ៉ាងវិញទៀត យើង​ក៏​មិន​ដឹង​ដែរ​ថា​តើ អាច​មាន​មនុស្ស​ណា​ខ្លះ​ដែល​អាច​សេវ​ទុក​រូប​ទាំង​នេះ និង​យក​វា​ទៅប្រើ​ក្នុង​ផ្លូវ​មិនល្អ ។

នៅក្នុង​ហ្វេ​ស​ប៊ុកក៏​មាន​រូបភាព icon sticker ដែល​អាច​ឲ្យ​អ្នកប្រើ​វាយក​មក​បិទបាំង​នូវ​ចំណុច​ណា ដែល​អ្នក​មិន​ចង់បង្ហាញ​បានដែរ ។​៣. រឿង​អាម៉ាស់​របស់​បុគ្គល​ណា​ម្នាក់​​ប្រសិនបើ​អ្នក​ចង់​ចែករំលែក​ជាមួយ​មនុស្ស​រាល់គ្នា នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ខ្មាស់​របស់​អ្នក​នៅ​ក្នុង បណ្តាញ​សង្គម​មួយ​នេះ ដោយ​អ្នក​មិន​ខ្វល់​អ្វី​ទាំងអស់ នោះ​អ្នក​អាច​ធ្វើ​វា​បាន​។ ប៉ុន្តែ​ប្រសិនបើ វា​ជា​រឿង​របស់​បុគ្គល​ផ្សេង មិន​ថា​ជា​ដៃគូរ​, ក្រុមគ្រួសារ​, មិត្តភក្តិ ឬ​មិត្ត​រួម​ការងារ​របស់​អ្នក នោះ​ចូរ​អ្នក​គិត​សារជាថ្មី ឬ​ដរាបណា​មាន​ការអនុញ្ញាត​ពី​ពួកគេ ។ វា​អាច​ជា​រឿង​កំប្លែង​សម្រាប់ អ្នក និង​មនុស្ស​ដទៃ​ទៀត​ដែល​បាន​ដឹង​ពី​វា តែ​សម្រាប់​បុគ្គល​នោះ​ផ្ទាល់​នឹង​មាន​អារម្មណ៍​មិន​សុខ​ស្រួល ឬ​ខ្មាស់អៀន​ជាខ្លាំង នៅពេល​ដែល​គ្រប់​គ្នា​បានដឹង​នូវ​កំហុសឆ្គង​របស់​គេ​នេះ ។​
 
៤.​អាស័យដ្ឋាន ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន​
​វា​ជា​ការ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​មនុស្ស​មួយចំនួន​បាន​ផុស​នូវ​ប័ណ្ណបើកបរ​ថ្មី​របស់​ពួកគេ ឬ​commennt លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន ដែល​ឲ្យ​មនុស្ស​ជាច្រើន​មើល​ឃើញ​វា​។ អ្នក​មិន​អាច​ដឹង ទេ​ថា​តើ មាន​មនុស្ស​ណា​ខ្លះ ដែល​អាច​ប្រើ​នូវ​ព័ត៌មាន​ពិត​របស់​អ្នក​នេះ យក​ទៅ​ធ្វើ​រឿង​មិនល្អ​អ្វីមួយ ដូច្នេះ​ដំណោះស្រាយ​ដ៏​ល្អ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន​នូវ​ព័ត៌មាន​ទាំងឡាយ ដែល​ទាក់ទង​នឹង​ជីវិត​ផ្ទាល់​ខ្លួន​អ្នក ឬ​កំណត់​ថា​តើ​អ្នក​ណា​ខ្លះ ដែល​អាច​មើលឃើញ​វា​។​
 
៥. អារម្មណ៍​អវិជ្ជមាន​ទៅលើ​អ្វីមួយ​
​ជា​ការពិត​នៅ​លើ​លោក​នេះ គ្មាន​អ្វី​ដែល​ល្អឥតខ្ចោះ​នោះទេ ការជួប​នូវ​ភាព​សោកស្តាយ ឬ​ការ​មិន​ពេញចិត្ត​នឹង​អ្វីមួយ តែង​កើតមាន​នៅក្នុង​ដំណាក់កាល​ណាមួយ​នៅក្នុង​ជីវិត​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​មិន​ពេញចិត្ត​នឹង ពិធី​ជប់លៀង​មួយ​នៅ​ជិត​ផ្ទះ​របស់​អ្នក ឬ ការ​លាបថ្នាំ​ពណ៌​នៅលើ​ជញ្ជាំង​ផ្ទះ​អ្នកជិតខាង​អ្នក ធ្វើឲ្យ​អ្នក​មិន​សប្បាយចិត្ត តើ​អ្នក​ចង់​ផុស​រឿង​ទាំងនេះ ប្រាប់​ដល់​មនុស្ស​រាល់គ្នា​ឲ្យបាន​ដឹងឬ​? ជា​ការពិត​បើ​ទោះជា​អ្នកផុ​សវា ក៏​គ្មាន​អ្វី​អាច​នឹង​ផ្លាស់ប្តូរ​ចំពោះ​ស្ថានភាព​នេះដែរ​។ ចូរ​គិតថា បើ​មនុស្ស​ដែល​អ្នក​កំពុង​រិះគន់​នោះ គឺជា​ខ្លួន​អ្នក​វិញ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​? គ្មាន​អ្នកណា​គេ សប្បាយចិត្ត​នឹង​ដឹង​ថា​រឿង​របស់​ខ្លួន ត្រូវបាន​គេ​យក​ទៅ​ធ្វើ​ជា​ប្រធានបទ​វែកញែក​រក​ខុស​ត្រូវ​នោះទេ​។ ប្រាកដ​ណាស់ នេះ​ជា​អា​ខោ​ន​របស់​អ្នក ហើយ​វា​ជា​សិទ្ធ​របស់​អ្នក ក្នុងការ​និយាយ​នូវ​អ្វី​ដែល​អ្នក​ចង់​និយាយ ប៉ុន្តែ​ក៏​អ្នក​ត្រូវ​ចាំ​ផងដែរ ថា​អ្នក​គួរ​ផ្តល់​យោបល់​រិះគន់​ស្ថាបនា​បាន ដរាបណា​មាន​មនុស្ស​ស្នើរ​សុំ​ឲ្យ​អ្នក​ធ្វើ​ដូចនេះ ។​
 
៦. រូបភាព​នៃ​ការប៉ះទង្គិច​ផ្សេងៗ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកដទៃ​
​មនុស្ស​មួយចំនួន​គិតថា ការ​ផុស​រូបភាព​នៃ​របួស​ខ្លួន ឬអ្វី​ដែល​គួរ​ឲ្យ​ខ្ពើម អាច​នឹង​ក្លាយជា​ចំណាប់អារម្មណ៍​ទាក់ទាញ​មិត្ត​ឲ្យ like  ឬ comment លើកទឹកចិត្ត​អ្នក​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ វា​ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​មនុស្ស​មួយចំនួន ដែល​អាច​ធ្វើឲ្យ​គេ​ក្អួត ឬ​សន្លប់​បាន​ទៀត​ផង ។ ពិត​ណាស់​នេះ គឺជា​អា​ខោ​ន​ផ្ទាល់​ខ្លួន​អ្នក និង​ជា​សិទ្ធ​ក្នុង​ការ​ផុស​នូវ​រឿងរ៉ាវ​ដែល​អ្នក​ចង់​ចែករំលែក តែ​អ្នក​ក៏​ត្រូវ​ដឹង​ផង​ដែរ ថា​រាល់​អ្វី​ដែល​អ្នក​ផុស នឹង​លោត​ចូលទៅក្នុង News Feeds របស់​មិត្ត​ទាំងអស់ ដែល​វា​ពិតជា​ពិបាក​ថា​មិន​រំលង​ឃើញ​នូវ​រូបភាព​ទាំងអស់​នេះ​ណាស់​។​
 
៧. រាល់​រឿងរ៉ាវ​ផ្សេងៗ​ដែល​អ្នក​មិន​ចង់​ឲ្យ​អ្នកដទៃ​ដឹង​
​ប្រសិនបើ​អ្នក​ស្អប់​ការងារ​របស់​អ្នក ឬ កុហកថា​អ្នក​មិន​ស្រួលខ្លួន ខណៈពេល​ដែល​អ្នក​កំពុងតែ​គេច​ទៅ​ដើរលេង ឬ​រវល់​ធ្វើ​កិច្ចការ​អ្វី​មួយ​ផ្សេង​នោះ ប្រាកដ​ណាស់ អ្នក​មិន​គួរ​ផុស​វា​នៅ​ក្នុង​ហ្វេ​សប៊ុក​នោះទេ ។ រូបភាព ឬ​ស្តេ​ធឹ​ស​ទាំងនោះ អាច​នឹង​ក្លាយជា​ប្រធានបទ ក្នុងចំណោម​មិត្ត​រួម​ការងារ​អ្នក ឬ​អាច​លឺ​ដល់​ប្រធាន​របស់​អ្នក ព្រមទាំង​អាច​ធ្វើឲ្យ​អ្នក​បាត់បង់​ការងារ​បាន​គ្រប់ពេល​។ ទោះ​ជា​អ្នក​ប្រាកដថា អ្នក​បាន​ព្យាយាម​លាក់​វាពី​ក្រុមមនុស្ស​មួយចំនួន ដែល​អ្នក​មិន​ចង់​ឲ្យឃើញវា តែ​នោះ​ក៏​វា​មិន​ធានា​ដែល​ថា​ពួកគេ​មិន​អាច​ឃើញ​វា តាមរយៈ​អា​ខោ​ន​របស់​អ្នក​ដទៃ​បាន​ដែរ ។​
 
៨. ព័ត៌មាន​របស់​អ្នកដទៃ​
​មាន​រឿង​មួយ​ចំនួន ដែល​បុគ្គល​ខ្លះ អាច​នឹង​មិន​ចង់​ចែករំលែក​វា​ជា​មួយ​អ្នក​ដទៃ​ដូចជា ទំនាក់ទំនង​ដៃគូរ​ស្នេហា​,​ការ​មាន​ផ្ទៃពោះ ឬ​ការ​រើ​ផ្ទះ​ជាដើម​។ ប្រសិនបើ​អ្នក​ចង់​អបអរសាទរ​ពួកគេ ឬ​ចែករំលែក​នូវ​ដំណឹង​ល្អ​របស់​ពួកគេ​នោះ ចូរ​ប្រាកដថា​អ្នក​បាន​ទទួល​ការអនុញ្ញាត​ពី​ពួកគេ​ជាមុនសិន ឬ​អាច​ផ្ញើរ​សារ​ជូនពរ​ដោយផ្ទាល់ ទៅក្នុង​ប្រអប់​សារ​របស់​ពួកគេ​។ អ្នក​ក៏​អាច​ចែករំលែក​នូវ​ដំណឹង​នេះ​ល្អ​បាន​ដើរ ប្រសិន​បើ​ពួកគេ​បាន​បើកចំហរ​នូវ​រឿងរ៉ាវ​ទាំងនេះ ។​
 
​ខណៈពេល​ដែល​ការ​ផុស​មួយចំនួន អ្នក​អាច​នឹង​គិត​ថា​មិន​មាន​ផលប៉ះពាល់​អ្វីមួយ តែ​វា​តែង​មាន​ផល​រំខាន​នៅ​ពី​ក្រោយ​វា​ជានិច្ច ដែល​ពេល​ខ្លះ​វា​អាច​ផ្តល់​នូវ​ការឈឺចាប់ ឬ​សោកស្តាយ​ចំពោះ​អ្នក​ដទៃ​។ ដូច្នេះ​ចូរ​ពិចារណា​ឲ្យបាន​ឌិ​តដល់​ជាមុនសិន មុន​នឹង​អ្នកសម្រេចចិត្ត​ផុស ឬ​ស្ហែរ​អ្វីមួយ នៅក្នុង​អា​ខោ​ន​ហ្វេ​សប៊ុក​របស់អ្នក ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com