ជាតិ
អាស៊ាន
អាស៊ានសង្ឃឹមថាការចរចាCOC អាចបញ្ចប់នៅចុងឆ្នាំនេះ
03, Aug 2022 , 6:44 pm        
រូបភាព
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាពយកពីការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាពយកពីការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា
អាស៊ានសង្ឃឹមថា ការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) អាចបញ្ចប់នៅចុងឆ្នាំនេះ។ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី៣ ខែសីហា។

 
 
មកទល់ពេលនេះ អាស៊ាន និងចិន នៅតែបន្តចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដើម្បីជាយន្តការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង ក៏ដូចជាកាត់បន្ថយភាពតានតឹង។ ក្នុងសន្នីសិទសារព័ត៌មានមួយនៅថ្ងៃទី៣ ខែសីហា លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ បានបង្ហាញក្តីសង្ឃឹមថា ការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង អាចបញ្ចប់នៅចុងឆ្នាំនេះ។ 
 
«ក្តីសង្ឃឹមរបស់យើង (អាស៊ាន) នៅតែដដែល។ យើងសង្ឃឹមថា យើងអាចបញ្ចប់ការចរចា(ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង)នៅចុងឆ្នាំនេះ»។ លោក គង់ ភោគ បានប្រាប់បែបនេះទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរជុំវិញក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ អ្នកនាំពាក្យកិច្ចប្រជុំរូបនេះ បានបន្ថែមថា យ៉ាងហោចណាស់ អាស៊ាន និងចិន អាចបញ្ចប់សេចក្តីព្រាងនៅដំណាក់កាលទី២ (Second Reading) នៅឆ្នាំនេះ។ 
 
បើតាមរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា អាស៊ានជឿថា ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នឹងជាលិខិតូបករណ៍ ក៏ដូចជាការបង្ហាញផ្លូវសម្រាប់រដ្ឋសមាជិក ក្នុងការគ្រប់គ្រងទំនាក់ទំនងនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងផ្តល់នូវយន្តការ ដើម្បីបញ្ចៀសជម្លោះ និងភាពតានតឹង។ 
 
​សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​សមុទ្រ​មួយ ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ដូចជា​រ៉ែ ប្រេង ឧស្ម័ន​ធម្មជាតិ ត្រី និង​សម្បត្តិ​ជាច្រើន​ទៀត​។ មិនតែប៉ុណ្ណោះ វា​គឺជា​ផ្លូវ​សមុទ្រ​ដ៏​មមាញឹក​មួយ​ខាង​នាវាចរណ៍ ឬ​អាច​និយាយបានថា គឺជា​ផ្លូវដង្ហើម​ពាណិជ្ជកម្ម​របស់​ប្រទេស​ជាច្រើន​ផង។ 
 
សូមបញ្ជាក់ថា ភាគីជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង មានដូចជា ចិន ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និងវៀតណាម។ កន្លងមក ចិន បានទាមទារដែនទឹកនេះប្រមាណ ៩០ភាគរយ៕ 
 

Tag:
 អាស៊ាន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com