អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េខាងត្បូង អំពាវនាវឱ្យចរចាដោះស្រាយភាពតានតឹងជុំវិញទស្សនកិច្ចលោកស្រីផេឡូស៊ីនៅតៃវ៉ាន់ 
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក ជាមួយសមាជិកសភាអាម៉េរិក និងថ្នាក់ដឹកនាំតៃវ៉ាន់។ រូបភាពយកពីTwitter របស់លោកស្រីណាន់ស៊ី ផេឡូស៊ី
×![]()
កូរ៉េខាងត្បូង នៅថ្ងៃទី៣ ខែសីហា បានអំពាវនាវឱ្យមានការចរចា ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ ខណៈភាពតានតឹងរវាងចិន និងអាម៉េរិកកំពុងតែកើនឡើងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់។ លោកស្រីផេឡូស៊ី រំពឹងថានឹងទៅដល់ក្រុងសេអ៊ូលនៅយប់ថ្ងៃទី ៣ ខែសីហា ដែលជាទិសដៅមួយក្នុងបញ្ជីដំណើរទស្សនកិច្ចរបស់លោកស្រីនៅអាស៊ី។
ការឈានជើងចូលកោះតៃវ៉ាន់របស់មន្រ្តីអាម៉េរិកដែលមានតំណែងខ្ពស់ក្នុងរយៈពេល ២៥ ឆ្នាំនេះ បានធ្វើឱ្យទំនាក់ទំនងរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនកាន់តែល្អក់កករមួយកម្រិតទៀត។ បើទោះជារងការព្រមានជាញយៗពីសំណាក់ចិន ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី អះអាងថា ទស្សនកិច្ចរបស់ខ្លួននៅតៃវ៉ាន់ជាការគាំទ្រប្រជាធិបតេយ្យ។
ដោយភាពតានតឹងកំពុងកើនឡើង ការិយាល័យប្រធានាធិបតីខាងត្បូង នៅថ្ងៃទី៣ ខែសីហា បានអំពាវនាវឱ្យមានការសន្ទនារវាងប្រទេសមហាអំណាចទាំងពីរ ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់។ ប្រធានសភាតំណាងអាម៉េរិករំពឹងថានឹងទៅដល់ក្រុងសេអ៊ូលនៅយប់ថ្ងៃទី៣ ខែសីហា។
«ជំហររបស់រដ្ឋាភិបាលយើង គឺរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ… ដោយឈរលើមូលដ្ឋានថាការរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគឺសំខាន់»។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងប្រាប់អ្នកកាសែតបែបនេះ។
ថាតើលោកស្រី ផេឡូស៊ី នឹងជួបជាមួយបុគ្គលណាខ្លះក្នុងទស្សនកិច្ចនៅកូរ៉េខាងត្បូងនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ ដោយមានតែការបញ្ជាក់ពីជំនួបជាមួយប្រធានរដ្ឋសភាលោក Kim Jin-pyo មួយរូបប៉ុណ្ណោះ។ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ក៏នឹងមិនបានជួបជាមួយលោកស្រីផេឡូស៊ីដែរ ដោយសារតែកំពុងនៅវិស្សមកាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានតំណាងសភាអាម៉េរិកនៅតៃវ៉ាន់នេះធ្វើឱ្យចិនតឹងសរសៃកជាខ្លាំង
ដោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យីហៅអាម៉េរិកថាជាប្រទេសដែលបង្កឱ្យទំនាក់ទំនងទ្វេភាគីល្អក់កករ ហើយបំផ្លាញស្ថិរភាព និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។
សូមបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយក្រុងតៃប៉ិទេ និងតែងអះអាងថា ខ្លួនទទួលស្គាល់គោលការណ៍ចិនតែមួយ៕
Tag:
កូរ៉េខាងត្បូង
ចិន
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com