ជាតិ
សេដ្ឋកិច្ច
NBC ព្យាករ អតិផរណានៅកម្ពុជានឹងធ្លាក់នៅត្រឹម៣,២ភាគរយវិញ​ នៅឆមាសទី២
04, Aug 2022 , 9:41 am        
រូបភាព
ស្ត្រី​ម្នាក់​ទិញ​ខ្ទឹមបារាំង​នៅ​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១។​ រូបថត​ពី AFP
ស្ត្រី​ម្នាក់​ទិញ​ខ្ទឹមបារាំង​នៅ​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១។​ រូបថត​ពី AFP
អតិផរណានៅកម្ពុជាកើនជាមធ្យមដល់កម្រិត៦,៥ភាគរយ ដែលខ្ពស់ជាងឆមាសទី២ក្នុងឆ្នាំ២០២១ដែលមានត្រឹម ៣,៤ភាគរយ។ ការកើនឡើងនៃអតិផរណាក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ គឺដោយសារ កំណើនថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងម្ហូបអាហារ។ ប៉ុន្តែកំណើននៃអតិផរណានេះត្រូវបានព្យាករធ្លាក់ចុះមកវិញនៅត្រឹម៣,២ភាគរយ ក្នុងឆមាសទី២។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា(NBC)។​

 
ស្ថានភាពអតិផរណានៅកម្ពុជាក្នុងឆមាសទី២ អាចប្រឈមនឹងភាពមិនច្បាស់លាស់ច្រើន ជាចម្បងអាស្រ័យលើស្ថានភាពសង្គ្រាមរុស្សី-អ៊ុយក្រែន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ប៉ុន្តែ បើសម្ពាធនៃការឡើងថ្លៃប្រេងឥន្ធនៈអាចគ្រប់គ្រងបានឬត្រូវបានកាត់បន្ថយនោះអតិផរណានៅកម្ពុជា នឹងត្រូវធ្លាក់ចុះ ផងដែរ។ ធនាគារជាតិនៃកម្ពុជា(NBC) បានព្យាករដោយសុទិដ្ឋនិយម ថា អតិផរណានៅកម្ពុជា​​នឹងត្រូវបានធ្លាក់ចុះពី៦,៥ភាគរយក្នុងឆមាសទី១ មកនៅកម្រិតត្រឹម៣,២ភាគរយវិញ នៅក្នុងឆមាសទី២។
 
NBC បានបញ្ជាក់ថា​អតិផរណានៅកម្ពុជាសម្រាប់ឆ្នាំ២០២២ អាចមានកម្រិតជាមធ្យមប្រមាណ ៤,៨ភាគរយ។ បើតាមNBC ការព្យាករនេះត្រូវបានធ្វើឡើងក្រោមការសន្មតនៃនិន្នាការថមថយល្បឿននូវកំណើនថ្លៃក្រុមទំនិញ ​និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈមកត្រឹម៩,៣ភាគរយ ដោយសារថ្លៃប្រេងឆៅពិភពលោក បានព្យាករធា្លក់ចុះចាប់ពីខែកក្កដា ដល់ចុងឆ្នាំ២០២២ ក្នុងបរិការណ៍ដែលប្រទេសសមាជិកផលិតនាំចេញប្រេង (OPEC)នឹងបង្កើនការផ្គត់ផ្គង់វិញ។ 
 
ទន្ទឹមគ្នានេះ​ កំណើនថ្លៃម្ហូបអាហារនឹងថយល្បឿនមកវិញ២,៥ភាគរយ ស្របពេលខ្សែច្រវាក់ផ្គត់ផ្គង់មានភាពប្រសើរឡើង នៅពេលប្រទេសចិនកាត់បន្ថយការរឹតបន្តឹងលើវិធានការបិទខ្ទប់ និងភាពប្រសើរឡើងនៃទិន្នផលកសិកម្មក្នុងរដូវវស្សា គួបផ្សំនឹងឥទ្ធិពលធ្លាក់ចុះ នៃថ្លៃប្រេងឥន្ធនៈមកវិញ។  NBC បានបញ្ជាក់បន្ថែមនៅក្នុង​របាយការណ៍ប្រចាំឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២របស់ខ្លួនថា៖ «អតិផរណាស្នូល អាចនឹងថមថយមកវិញ ២,៦ភាគរយ ដោយសារតម្រូវការក្នុងស្រុកអាចមានល្បឿនយឺតជាងមុន ក្នុងបរិការណ៍ដែលចំណូលមានស្ថិរភាព និងមូលដ្ឋានខ្ពស់ស្រាប់កាលពីគ្រាដូចឆ្នាំមុន»។ 
 
ជុំវិញនៃការគ្រប់គ្រងអតិផរណានេះ ក្រៅតែជាភារកិច្ចរបស់ធនាគារនៃកម្ពុជាហើយនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ជាស្ថាប័នមួយចូលរួមឃ្លាំងមើលអតិផរណានេះដែរ ដោយអាចចូលរួមចំណែកណាមួយ ដើម្បីដោះស្រាយអតិផរណា តាមរយៈគោលនយោបាយសារពើពន្ធ។ នេះបើតាមលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
 
លោក បន្ថែមថា ក្រសួង បានបម្រុងកញ្ចប់ថវិកាមួយចំនួន ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋក្រីក្រ មានលទ្ធភាពអាចឆ្លើយតបនឹងស្ថានភាពនៃអតិផរណានេះបានទាន់ពេល។«កិច្ចការនេះយើងបន្តយកចិត្តទុកដាក់សម្រាប់ជួយដល់ពលរដ្ឋ ដែលយើងបន្តតាមដានដោយយើងមានគោលការណ៍មិនទុកចោលនូវពលរដ្ឋ​ណាម្នាក់ ឱ្យរងទុកវេទនាទេ។ អ៊ីចឹង! កិច្ចការទាំងអស់នេះ យើងបានអនុវត្តកន្លងមកក្នុងការដោះស្រាយកូវីដ-១៩ ​ដែលពលរដ្ឋរងផលប៉ះពាល់ពីកូវីដ»។ នេះជាការលើកឡើងរបស់លោក មាស សុខសេនសាន។
 
លោក បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការគណៈរដ្ឋមន្រ្តី​ នាថ្ងៃទី៣សីហា ឆ្នាំ២០២២ ដូច្នេះ៖ «បើសិនជាក្នុងការវាយតម្លៃ យើងយកBenchmarkនៃកូវីដនេះ[ប្រសិទ្ធភាពនៃការអន្តាគមន៍កូវីដ-១៩ជាចំណុចយោងសម្រាប់ការវាស់វែង] យើងឃើញថា ជារៀងរាល់ខែ​យើងចាយខ្ទង់៣០ទៅ៣១លានដុល្លារ សម្រាប់ដោះស្រាយប្រជាពលរដ្ឋក្រីក្រ។ អ៊ីចឹង! បើសិនក្នុងករណីដែលវាប៉ះទង្គិចដូចកូវីដ  ការ[ចំណាយរបស់យើង]គឺប្រហាក់ប្រហែលប៉ុណ្ណឹង! តែបើសិនធ្ងន់ធ្ងរជាងហ្នឹងទៀតកញ្ចប់ថវិកាវាអាចនឹងឡើងតាមហ្នឹងបន្តទៀត»។ 
 
យោងតាមរបាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​  រដ្ឋាភិបាលបានផ្ទេរថវិកា១០០លានដុល្លារ​អាម៉េរិក  ដើម្បីអនុវត្តសកម្មភាពការងារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដោយដៃតាមមូលដ្ឋាន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព ដើម្បីជំរុញកំណើនផលិតស្បៀង និងសន្តិសុខស្បៀង ក្នុងបរិការណ៍នៃការឡើងថ្លៃស្បៀង និងម្ហូបអាហារ៕ 
 

Tag:
 អតិផរណា
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com