ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យក្រុមហ៊ុនកូរ៉េ វិនិយោគផលិតឱសថ និងវ៉ាក់សាំងសត្វនៅកម្ពុជា
04, Aug 2022 , 10:45 am        
រូបភាព
Front ដំណើរទស្សនកិច្ចរបស់លោក វេង សាខុន រដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងកសិកម្ម ទៅស្នាក់ការធំក្រុមហ៊ុន Orient Group ប្រទេសកូរ៉េ នៅថ្ងៃទី២ ខែសីហា។ រូបពី លោក វេង សាខុន
Front ដំណើរទស្សនកិច្ចរបស់លោក វេង សាខុន រដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងកសិកម្ម ទៅស្នាក់ការធំក្រុមហ៊ុន Orient Group ប្រទេសកូរ៉េ នៅថ្ងៃទី២ ខែសីហា។ រូបពី លោក វេង សាខុន
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យក្រុមហ៊ុន  Orient Group របស់កូរ៉េ បោះទុនវិនិយោគផលិត ឱសថ និងវ៉ាក់សាំងសត្វនៅកម្ពុជា ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅបរទេស។



ក្រុមហ៊ុន Orient Group មានអាយុកាល ៦៣ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងដំណើរអាជីវកម្មផ្នែក ឧស្សហកម្មជីវសាស្រ្តដូចជា ការស្រាវជ្រាវ និងផលិតវ៉ាក់សាំងសត្វ ផលិតគ្រឿងបន្លាស់រថយន្ត ឧបករណ៍អេឡិចត្រនិច គ្រឿងសំអាង អចលនទ្រព្យ និងគ្រឿងអលង្ការ។ ក្រុមហ៊ុននេះ ក៏មានស្នាក់ការនៅប្រទេសកម្ពុជាផងដែរ។   
 
នៅក្នុងកិច្ចពិភាក្សាជាមួយ លោក CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group នៅប្រទេសកូរ៉េ កាលពីថ្ងៃទី២ខែសីហា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា លោកពិតជាសាទរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន។ ទន្ទឹមនេះ លោកស្នើឱ្យក្រុមហ៊ុន ពង្រីកការវិនិយោគលើវិស័យកសិកម្ម ជាពិសេសលើខ្សែច្រវាក់ផលិតកម្មកែច្នៃ ដើម្បីធ្វើយ៉ាងណាកែប្រើប្រាស់វត្ថុធាតុដើមដែលកម្ពុជាផលិតបាន កែច្នៃសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។  
 
ជាការឆ្លើយតប លោក CHANG បានបញ្ជាក់ថា នាពេលអនាគតដ៏ខ្លីក្រុមហ៊ុនរបស់លោក នឹងពង្រីកទំហំវិនិយោគនៅកម្ពុជាឲ្យកាន់តែទូលំទូលាយ ដើម្បីបង្កើតការងារ និងផ្តល់ប្រយោជន៍ដល់ពលរដ្ឋ។ លោក សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងដំណើរការរលូន និងទទួលជោគជ័យ។    
 
ថ្វីដ្បិតដំណើរទស្សនៈកិច្ចមានរយៈពេលត្រឹម៥ថ្ងៃ តែលោក វេង សាខុន បញ្ជាក់ថា មន្រ្តីរបស់ខ្លួនមាន អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរដ្ឋបាលព្រៃឈើកម្ពុជា ទទួលបានចំណេះដឹង និងបទពិសោធល្អៗពីបណ្ដាក្រុមហ៊ុន និងក្រសួងព្រៃឈើកូរ៉េ ដើម្បីយកទៅអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ 
 
លោក រដ្ឋមន្រ្តី បន្ថែមថា ស្ថាប័នទាំង៣របស់កម្ពុជា នឹងរង់ចាំផ្ដល់កិច្ចសហការជាមួយក្រុមហ៊ុនកូរ៉េ ដើម្បីឱ្យការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាទទួលបានជោគជ័យ ផ្តល់ប្រយោជន៍ដល់ជាតិ៕
 
 
 

Tag:
 កសិកម្ម
  វ៉ាក់សាំងសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com