ជាតិ
សង្គមជាតិ
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងប្រាសាទ
09, Aug 2022 , 9:59 am        
រូបភាព
ភ្នំពេញ៖ ក្នុងចន្លោះថ្ងៃទី៩ និងថ្ងៃទី១១ខែសីហាឆ្នាំ២០២២ខាងមុខនេះ អ្នកសារព័ត៌មានជាង២០នាក់(ខ្មែរ បារាំង អូស្រ្តាលី) មកពី១៦ស្ថាប័ន(សារព័ត៌មានជាភាសាបារាំងចំនួនពីរ សារព័ត៌មានជាភាសាអង់គ្លេសចំនួន២) នឹងធ្វើដំណើរទៅកាន់ទីក្រុងប្រាសាទនៃខេត្តសៀមរាបដើម្បីចូលរួមផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍ឡើងវិញក្រោយកូវីដ។ ហេតុអ្វីទស្សនកិច្ចអ្នកសារព័ត៌មាន? តើទស្សនកិច្ចអ្នកសារព័ត៌មានមានសារៈសំខាន់អ្វីខ្លះសម្រាប់ស្ថាប័នពាក់ព័ន្ធ?


 
នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក ដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅកាន់តំបន់ ឬប្រទេសណាមួយត្រូវបានគេរៀបចំជាញឹកញាប់។ ប្រទេសម៉ាឡេស៊ីតែងតែអញ្ជើញអ្នកសារព័ត៌មានពីគ្រប់ប្រទេសទៅកាន់ប្រទេសរបស់ខ្លួនដើម្បីជួយជំរុញការផ្សព្វផ្សាយបន្ថែមស្ទើរជារៀងរាល់ឆ្នាំ។
 
ប្រទេសជប៉ុន ប្រទេសនៅទ្វីបអឺរ៉ុប ប្រទេសអាមេរិក ក៏មានទម្លាប់រៀបចំទស្សនកិច្ចអ្នកសារព័ត៌មានជាច្រើនលើកច្រើនសារ និងជានិច្ចជាកាលផងដែរ។ ផលប្រយោជន៍ដែលទទួលបានពីដំណើរទស្សនកិច្ចនេះ គឺការចូលរួមផ្សព្វផ្សាយធ្វើឲ្យគេដឹង គេលឺពីតំបន់ ឬប្រទេសនោះ។ លទ្ធផលពីដំណើរទស្សកិច្ចនៃក្រុមអ្នកសារព័ត៌មាន គឺធំសម្បើមណាស់។ 
 
សមិទ្ធផល ដែលខ្វះការផ្សព្វផ្សាយ ស្ថិតនៅតែជាសមិទ្ធផល និងទាក់ទាញចំណាប់អារម្មណ៍ពីមហាជនបានតិច។ សមិទ្ធផល ដែលមានការជ្រោមជ្រែងផ្សព្វផ្សាយបន្តពីវិស័យសាព័ត៌មាន នឹងទទួលបានផលវិជ្ជមានកាន់តែច្រើនទ្វេដង។ 
 
ដោយសារតែផ្អែកលើទ្រឹស្តីខាងលើនេះហើយ ទើបក្រុមអ្នកសារព័ត៌មានមួយក្រុមដែលមានគ្នាជាង២០នាក់ មកពី១៦ស្ថាប័នបានសម្រេចចិត្តធ្វើដំណើរបែបទស្សនកិច្ចសារព័ត៌មានទៅកាន់ទីក្រុងប្រាសាទនៃខេត្តសៀមរាបចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។ អ្នកសារព័ត៌មានដែលមានជនជាតិបារាំង អូស្រ្តាលី ខ្មែរ នឹងធ្វើដំណើរទៅទស្សនារោងចក្រផលិតទឹក Eau Kulen, ចូលរួមកម្មវិធីជជែកសួរដេញដោលលើខ្លឹមសារសៀវភៅ«ក្តីសង្ឃឹមលោក ហ៊ុន ម៉ានី», ចូលរួមសន្និសីទកាសែតជាមួយអាជ្ញាធរជាតិអប្សរាស្តីពីយុទ្ធនាការផ្សព្វផ្សាយជំរុញវិស័យទេសចរណ៍ឡើងវិញក្រោយកូវីដ និងចុងក្រោយបង្អស់ អ្នកសារព័ត៌មាននឹងធ្វើដំណើរស្វែងយល់ពីប្រវត្តិធ្នូ(អាវុធសម្រាប់ធ្វើសឹកសង្រ្គាមរបស់ខ្មែរនាសម័យបុរាណ)នៅបន្ទាយធ្នូ៨០២ក្នុងស្រុកបាគង្គនៃខេត្តសៀមរាប៕ 

© រក្សាសិទ្ធិដោយ thmeythmey.com