អន្តរជាតិ
តៃវ៉ាន់បាញ់ភ្លើងគំរាមដ្រូនចិនដែលហោះក្បែរកោះ Kinmen
04, Aug 2022 , 2:00 pm        
រូបភាព
លោកស្រិ Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ AFP
លោកស្រិ Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ AFP
ក្រសួងការពារជាតិតៃវ៉ាន់ ​នៅថ្ងៃទី៤ ខែសីហា បានរាយការណ៍ពីយន្តហោះចិនមិនស្គាល់ អត្តសញ្ញាណមួយដែលតៃវ៉ាន់ប៉ាន់ស្មានថាប្រហែលជាប្រភេទដ្រូន បានហោះចូលក្បែរកោះ Kinmen របស់តៃវ៉ាន់នៅថ្ងៃទី៣ ខែសីហា។ ជាការឆ្លើយតប កងកម្លាំងតៃវ៉ាន់បាន បាញ់ភ្លើងគំរាមឱ្យដ្រូននោះហោះចេញទៅវិញ។ ក្នុងថ្ងៃដដែលនោះ យន្តហោះតៃវ៉ាន់ក៏បានហោះគំរាមយន្តហោះចម្បាំងចិនចំនួន ២៧ គ្រឿងឱ្យចេញពីតំបន់ការពារដែនអាកាសរបស់ខ្លួនផងដែរ។

 
ឧត្តមសេនីយ៍ទោ លោក Chang Zone-sung មេបញ្ជាការប្រចាំកោះ Kinmen តៃវ៉ាន់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែសីហាថា ដ្រូនចិនចំនួន ២គ្រឿងបាន ហោះទន្ទឹមគ្នាចូលក្បែរកោះ Kinmen ចំនួនពីរលើក នៅយប់ថ្ងៃទី៣ ខែសីហា។  
 
«ពួកយើងបានបាញ់ភ្លើងភ្លាមៗ ដើម្បីប្រកាសពីការព្រមាន និងតម្រូវការឱ្យពួកគេចាកចេញ។ បន្ទាប់មកពួកគេក៏ចាកចេញទៅវិញ។ លោក Chang អះអាងបែបនេះ រួចបន្តថា ដ្រូនទាំងនោះ បានចូលទៅក្នុងតំបន់ហាមឃាត់ទើបកងកម្លាំងតៃវ៉ាន់សម្រេចគំរាមឱ្យដ្រូនទាំងនោះត្រឡប់ចេញទៅវិញ។
 
លោក Chang បានបន្ថែមថា កងកម្លាំងតៃវ៉ាន់​មាននីតិវិធីប្រតិបត្តិការស្តង់ដារ។ ដូច្នេះកងកម្លាំង នឹងប្រតិកម្មភ្លាមៗប្រសិនបើដ្រូនចិនទាំងនោះចង់ចូលទៅ។ លោកក៏ជឿថាដ្រូនចិនមាន បំណងប្រមូលព័ត៌មាន និងស៊ើបការណ៍ស្តីពីការដាក់ពង្រាយសន្តិសុខរបស់តៃវ៉ាន់នៅក្នុងកោះដាច់ស្រយាលរបស់ខ្លួនមួយនេះ។ កោះ Kinmen ត្រូវបានពង្រឹងឱ្យមានម្លាំងការពារខ្លួនយ៉ាង ​ខ្លាំងដោយសារកោះមួយនេះស្ថិត​នៅ​ក្បែរ​ឆ្នេរ​ភាគ​អាគ្នេយ៍​នៃ​​ចិន ឬក្បែរ​ទីក្រុង Xiamen។
 
យ៉ាងណាមិញ ឧត្តមសេនីយ៍ទោតៃវ៉ាន់រូបនេះ បានបញ្ជាក់ថា ស្ថានការណ៍នៅ Kinmen នៅធម្មតា និងមិនមានអ្វីតានតឹងនោះឡើយ។
 
បន្ថែមពីនេះ នៅថ្ងៃទី៣ ខែសីហាដដែល ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា យន្ត ហោះរបស់ខ្លួនបានហោះព្រមាន ឱ្យយន្តហោះចម្បាំងចិនចំនួន២៧គ្រឿងចេញពីតំបន់ ការពារដែនអាកាសរបស់ខ្លួន។ ក្រសួងក៏បានបន្តថា យន្តហោះ២២គ្រឿងក្នុងចំណោមនោះ បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដែលបែងចែករវាងដែនកោះតៃវ៉ាន់ និងចិន ខណៈភាពតានតឹងរវាងភាគីទាំងពីរ បន្តកើនឡើង។ 
 
យន្តហោះចម្បាំងរបស់របបក្រុងប៉េកាំងទាំងនោះរួមមាន យន្តហោះចម្បាំងចិន Su-30 និងយន្ត ហោះចម្បាំង ១១ គ្រឿងផ្សេងទៀត។
 
គួរបញ្ជាក់ថាតៃវ៉ាន់​បាន​បង្កើនការប្រុង​ប្រយ័ត្ន​បន្ថែម ខណៈ​ចិន​ធ្វើ​សមយុទ្ធ​យោធា​ជា​បន្ត បន្ទាប់​ដើម្បី​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​​ក្នុង​សប្តាហ៍​នេះ​ដោយ​ប្រធាន​សភា​តំណាង​អាម៉េរិក​ លោកស្រីណាន់ស៊ី ផេឡូស៊ី៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com