សេដ្ឋកិច្ច
អន្តរជាតិ
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅភ្នំពេញ៖ រុស្ស៊ី និងកម្ពុជាពិចារណាប្រើប្រាស់រូបិយប័ណ្ណជាតិ សម្រាប់ទូទាត់ជាមួយគ្នា
04, Aug 2022 , 2:39 pm        
រូបភាព
លោក Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅក្រុងភ្នំពេញ។ រូបភាពយកពីស្ថានទូតរុស្ស៊ី
លោក Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅក្រុងភ្នំពេញ។ រូបភាពយកពីស្ថានទូតរុស្ស៊ី
ដោយ៖ ធន់ សេងហុង

លោក  Anatoly Borovik  អគ្គរដ្ឋទូតរូស្ស៊ីប្រចាំក្រុងភ្នំពេញ បាននិយាយក្នុងបទសម្ភាសជាមួយសារព័ត៌មាន Sputnik ថា រុស្ស៊ី និងកម្ពុជា កំពុងពិចារណាលើលទ្ធភាពនៃការប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិ ក្នុងការទូទាត់ផ្សេងៗជាមួយគ្នាទៅវិញទៅមក។

 
បន្ទាប់ពីរងទណ្ឌកម្មប្រទេសលោកខាងលិច រុស្ស៊ី បានប្រើប្រាស់ប្រាក់រូប្លិ៍ លើការទូទាត់ពាណិជ្ជកម្មជាមួយបណ្តាប្រទេស ដែលខ្លួនដាក់ក្នុងបញ្ជីអមិត្ត។ ម្យ៉ាងរុស្ស៊ី ចង់ពង្រឹងការប្រើប្រាស់ប្រាក់រូប្លិ៍របស់ខ្លួនជាង បន្ទាប់ពីរងទណ្ឌកម្មរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត។ 
 
ទាក់ទិននឹងការប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិ ដើម្បីទូទាត់លើទំនិញនេះ លោក  Anatoly Borovik  អគ្គរដ្ឋទូតរូស្ស៊ីប្រចាំក្រុងភ្នំពេញ ក៏បានអះអាងថា រុស្ស៊ី និងកម្ពុជា ក៏កំពុងពិចារណាលើបញ្ហានេះដែរ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។ 
 
«ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ដៃគូរបស់យើង ដឹងពីគំនិតផ្តួចផ្តើមដែលពាក់ព័ន្ធរបស់រុស្ស៊ីហើយ»។ អគ្គរដ្ឋទូតរូស្ស៊ីបានបញ្ជាក់បែបនេះទៅកាន់ សារព័ត៌មាន Sputnik ដែលបានសួរជុំវិញការប្រើប្រាស់រូបិយប័ណ្ណជាតិសម្រាប់ទូទាត់ទំនិញ។ 
 
មន្រ្តីទូតរូបនេះ បានកត់សម្គាល់ថា ក្នុងឆ្នាំ ២០១២ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី-កម្ពុជា បានឈានដល់ ២៣៩លានដុល្លារ ប៉ុន្តែនៅឆ្នាំ ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ និងការដាក់ទណ្ឌកម្មដោយខុសច្បាប់ពីសំណាក់លោកខាងលិច។ បើតាមលោក លោក Borovik  ក្រុមហ៊ុនរុស្ស៊ីកំពុងស្វែងរកដៃគូដែលអាចជឿទុកចិត្តបាន ដើម្បីចូលក្នុងទីផ្សារកម្ពុជា តាំងពីប្រទេសនេះបានបង្ហាញការយល់ដឹង និងចាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ 
 
សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការឆ្លើយតបពីលោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបជុំវិញការលើកឡើងរបស់លោក  Anatoly Borovik  អគ្គរដ្ឋទូតរូស្ស៊ីប្រចាំក្រុងភ្នំពេញ បាននៅឡើយទេ។
 
សូមបញ្ជាក់ថា មកទល់ពេលនេះ អាម៉េរិក និងសម្ព័ន្ធមិត្ត នៅតែបន្តដាក់ទណ្ឌកម្មលើមេដឹកនាំរុស្ស៊ី និងក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីជំរុញឱ្យប្រទេសមួយនេះ បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដែលធ្វើឱ្យប្រជាជនស៊ីវិលជាច្រើនពាន់នាក់ បានបាត់បង់ជីវិត៕ 
 

Tag:
 រុស្ស៊ី
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com