អន្តរជាតិ
ចិន ចាប់ផ្ដើមសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅតំបន់ចំនួន៦ ជុំវិញកោះតៃវ៉ាន់
04, Aug 2022 , 3:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
មួយថ្ងៃបន្ទាប់ពី​ប្រធាន​សភា​តំណាង​អាម៉េរិក​ លោកស្រីណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ចិន បានចាប់ផ្ដើមសមយុទ្ធយោធាបាញ់គ្រាប់ពិតដ៏កម្រមួយនៅថ្ងៃទី៤ ខែសីហា នៅតំបន់ចំនួន៦ ដែលស្ថិតនៅជុំវិញកោះនោះ។ តៃវ៉ាន់ថ្កោលទោសចិនថាបានបំពាន ច្បាប់អន្តរជាតិ ចំណែកឯចិនបញ្ជាក់ថានេះគ្រាន់ជារឿងផ្ទៃក្នុងតែប៉ុណ្ណោះ។

 
ទូរទស្សន៍រដ្ឋចិន CCTV នៅថ្ងៃទី៤ ខែសីហា បានផ្សាយថា សមយុទ្ធយោធាបាញ់គ្រាប់ពិតបាន ចាប់ផ្ដើមនៅម៉ោង ១២ ថ្ងៃត្រង់ (ម៉ោងចិន និងតៃវ៉ាន់) ហើយសមយុទ្ធនេះនឹងបន្តរហូតដល់ ម៉ោង ១២ ថ្ងៃត្រង់នៅថ្ងៃទី៧ ខែសីហា។ កងកម្លាំងចិនក៏នឹងរួមបញ្ជូលការបាញ់គ្រាប់ពិតនៅ លើទឹក និងក្នុងអាកាសជុំវិញកោះតៃវ៉ាន់ផងដែរ។
 
មិនទុកយូរ រដ្ឋាភិបាលក្រុងតៃប៉ិ បានប្រតិកម្មភ្លាមៗហើយបានថ្កោលទោសក្រុងប៉េកាំងថា សមយុទ្ធយោធានោះបានបំពានច្បាប់អង្គការសហប្រជាជាតិ ឈ្លានពានដែនដីតៃវ៉ាន់  ព្រមទាំងបង្កជាបញ្ហាប្រឈមដោយផ្ទាល់ចំពោះចរាចរណ៍អាកាស និងការធ្វើនាវាចរក្នុងតំបន់នោះ។
 
បន្ថែមពីនេះ គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ដែល​កំពុង​កាន់​អំណាចបានរិះគន់ថា សមយុទ្ធយោធាដែលចិនបានលើផ្លូវទឹកនិងផ្លូវអាកាសអន្តរជាតិដ៏មមាញឹកបំផុត ជាអាកប្បកិរិយាមិនទទួលខុសត្រូវ និងខុសច្បាប់។ 
 
ស្របគ្នានេះ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីតៃវ៉ាន់ ដែលបានថ្កោលទោសយ៉ាង ធ្ងន់ធ្ងរចំពោះសមយុទ្ធនេះ បាននិយាយផងដែរថា គេហទំព័ររបស់ក្រសួងការពារជាតិ ក្រសួងការបរទេស និងការិយាល័យប្រធានាធិបតីតៃវ៉ាន់ ត្រូវបានវាយប្រហារដោយពួកលួចទិន្នន័យផងដែរ។
 
យ៉ាងណាមិញ នៅថ្ងៃដដែលនោះជុំវិញការចាប់ផ្ដើមសមយុទ្ធយោធានេះ ក្រុងប៉េកាំង  បញ្ជាក់ថាចំណាត់ការមួយនេះ ជាផ្នែកមួយនៃការដោះស្រាយវិបត្តិផ្ទៃក្នុងតែប៉ុណ្ណោះ។
 
«ការដាក់ទណ្ឌកម្មរបស់យើងចំពោះការគាំទ្រឯករាជ្យភារតៃវ៉ាន់ដោយប្រើប្រាស់កម្លាំងខាងក្រៅ (កម្លាំងយោធា) គឺសមហេតុផល និងស្របច្បាប់»។ ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​បានលើកឡើងបែបនេះ។
 
បច្ចុប្បន្ន យោធារបស់របបក្រុងតៃប៉ិបានបញ្ជាក់នៅថ្ងៃដដែលថា កងកម្លាំងរបស់ខ្លួនកំពុង តាមដានយ៉ាងដិតដល់អំពីសមយុទ្ធរបស់ចិនខាងលើ ហើយកងកម្លាំងតៃវ៉ាន់ក៏បានរៀបចំខ្លួន រួចរាល់សម្រាប់ជម្លោះដែលអាចកើតមានផងដែរ ក៏ប៉ុន្តែនឹងមិនជំរុញឱ្យមានការប៉ះទង្កិចគ្នានោះឡើយ ៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com