ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីប្រៃសណីយ៍​ សម្រេចលុបសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនទូរសព្ទ ​និង អ៊ិនធឺណិតទាំងអស់ ក្នុងបុរី ពីថ្ងៃ៥សីហា តទៅ
04, Aug 2022 , 4:53 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ភ្នំពេញ៖ រាល់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនទូរសព្ទ ​និង ក្រុមហ៊ុនអ៊ិនធឺណិតនៅក្នុងបុរីទាំងអស់ ត្រូវលុបចោលពីថ្ងៃទី៥ ខែសីហានេះ តទៅ។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានអះអាងថា ​ ការធ្វើបែបនេះគឺដើម្បីឱ្យក្រុមហ៊ុនឬប្រតិបត្តិករក្នុងស្រុកទាំងអស់ មានសិទ្ធិប្រកួតប្រជែងដោយស្មើភាពគ្នា ហើយពលរដ្ឋមានជម្រើសច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធទូរសព្ទ និងសេវាអ៊ិនធឺណែត។

 
«រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៊ិនធឺណិតនៅក្នុងបុរី លុបចោលទាំងអស់។ អត់មានឲ្យផ្តាច់មុខទៀតទេ»។ លោក ជា វ៉ាន់ដេត ថ្លែងបែបនេះក្នុងសន្និសីទកាសែតស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤សីហា។ បើតាមលោក ជា វ៉ាន់ដេត ការសម្រេចលុបចោលនូវកិច្ចសន្យារបស់ក្រុមហ៊ុនទូរសព្ទនិងក្រុមហ៊ុនអ៊ិនធឺណិតនៅក្នុងបុរីនេះ  គឺមានការបញ្ជាដោយផ្ទាល់ពីសម្តេច ហ៊ុន សែន។ 
 
រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រូបនេះ បានបញ្ជាក់ថា ការរំសាយឬលុបចោលនូវសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនទូរសព្ទ និងក្រុមហ៊ុនអ៊ិនធឺណិតនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៥សីហា ឆ្នាំ២០២២ តទៅ។ ការធ្វើដូច្នេះ គឺដើម្បីឱ្យក្រុមហ៊ុន ឬប្រតិបត្តិករក្នុងស្រុកទាំងអស់​មានសិទ្ធិប្រកួតប្រជែងទីផ្សារដោយស្មើភាពគ្នា ហើយប្រជាពលរដ្ឋមានជម្រើសសម្បូរបែប​ក្នុងប្រើប្រាស់ប្រព័ន្ធទូរសព្ទ និងសេវាអ៊ិនធឺណិតសម្រាប់ប្រតិបត្តិការនានាប្រចាំថ្ងៃ។​
 
បើតាមលោក ជា វ៉ាន់ដេត បច្ចុប្បន្ននៅរាជធានីភ្នំពេញមានជាង១០០បុរី។ ក្នុងនោះមានម្ចាស់បុរីមួយចំនួន បានផ្តល់សិទ្ធិផ្តាច់មុខឱ្យក្រុមហ៊ុនទូរសព្ទ និងក្រុមហ៊ុនផ្តត់ផ្គង់សេវា​អ៊ីធឺណិតណាមួយ ដែលនាំឱ្យពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងបុរីផ្ទាល់ គឺលំបាកក្នុងការប្រើប្រាស់សេវាអ៊ិនធឺណិត។

យោងតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍ បច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករក្នុងវិស័យទូរគមនាគមន៍ចំនួន ៦៩។ ក្នុងនោះ មាន៥ ជាប្រតិបត្តិករទូរសព្ទចល័ត, មាន៣៨ ជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត(ISP) និង៥ទៀត ជាប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុកទិកលើគោក និងក្រោមបាតសមុទ្រ។ ទិន្នន័យដដែលបានបង្ហាញថា  អ្នកប្រើប្រាស់សេវាទូរសព្ទចល័តនៅកម្ពុជា មានជាង១៣លាននាក់, អ្នកប្រើសេវាអ៊ីនធឺណិតចល័តមាន ជាង១៧លាននាក់, សេវាទូរសព្ទអចល័ត មានជិត៤ម៉ឺននាក់ និងសេវាអ៊ិនធឺណិតអចល័ត មានជាង៣១ម៉ឺននាក់៕
 

Tag:
 លោក ជា វ៉ាន់ដេត
© រក្សាសិទ្ធិដោយ thmeythmey.com