អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របបយោធាមីយ៉ានម៉ា ចោទអ្នកកាសែតជប៉ុនម្នាក់ពីបទញុះញង់ឱ្យមានការបះបោរ
04, Aug 2022 , 5:54 pm        
រូបភាព
រូបភាព៖ AFP (1)
រូបភាព៖ AFP (1)
ដោយ:
អ្នកសារព័ត៌មានជប៉ុនម្នាក់ឈ្មោះ Toru Kubota ត្រូវបានជាប់បទចោទពីការបំពានច្បាប់អន្តោប្រវេសន៍ និងបំផុសបំផុលឱ្យមានការប្រឆាំងរបបសឹកមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃទី៤ ខែសីហា បន្ទាប់ពីលោក Kubota ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន។

 
អ្នកកាសែតជនជាតិជប៉ុន លោក Toru Kubota ត្រូវបានចាប់ខ្លួនដោយយោធាមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន ខណៈកំពុងយកការណ៍ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលយោធានៅក្រុង Yangon។ ចាប់តាំងពីក្តោបក្តាប់អំណាចនៅខែកុម្ភៈ ឆ្នាំ២០២១មក របបសឹកមីយ៉ាន់ម៉ាបានចាប់ផ្តើមបំបិទសិទ្ធិសេរីសារព័ត៌មាន ចាប់ខ្លួនអ្នកយកការណ៍ ក៏ដូចជារឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយនានាទាំងតាមប្រព័ន្ធអនឡាញ និង​ក្រៅប្រព័ន្ធអនឡាញ។ 
 
«លោក Toru Kubota ត្រូវបានជាប់បទចោទក្រោមមាត្រា 505 (a) និងក្រោមច្បាប់អន្តោប្រវេសន៍មាត្រា 13-1 »។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៤ ខែសីហា។
 
មាត្រា 505 (a) នៃក្រមព្រហ្មទណ្ឌមីយ៉ាន់ម៉ា​ បានចែងថាជនណាដែលជំរុញឱ្យមានការបះបោរប្រឆាំងយោធា ហើយបុគ្គលក្រោមបទចោទនេះត្រូវជាប់ពន្ធនាគារជាអតិបរមាបីឆ្នាំ។ ច្បាប់នេះត្រូវបានរដ្ឋាភិបាលយោធាប្រើយ៉ាងពេញទីដើម្បីបង្រ្កាបអ្នកប្រឆាំងរបបសឹក។ ចំណែក ពាក់ព័ន្ធនឹងច្បាប់អន្តោប្រវេសន៍វិញ បុគ្គលណាបំពានច្បាប់នេះនឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារជាអតិបរមាប្រាំឆ្នាំ។ 
 
តាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន AFP បន្ទាប់ពីលោក Kubota ដែលជាផលិតករភាពយន្តផងវ័យ ២៦ ឆ្នាំ បានជាប់ពាក្យបណ្តឹងក្រោមបទចោទខាងលើ លោកត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងប៉ូលិសទៅកាន់ពន្ធនាគារ Insein នៅក្រុង Yangon។ លោក Kubota ជាអ្នកកាសែតបរទេសទី៥ ហើយដែលត្រូវបានឃុំខ្លួន ប៉ុន្តែអ្នកកាសែត ៤ នាក់ទៀតក៏ត្រូវបានដោះលែង ហើយបញ្ជូនទៅប្រទេសកំណើតវិញ។
 
ទាក់ទងនឹងករណីអ្នកកាសែតជប៉ុនរូបនេះ យោងតាមប្រវត្តិរូបនៅលើគេហទំព័រ FlimFreeway រូបលោកក៏ធ្លាប់បានផលិតភាពយន្តឯកសារអំពីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ព្រមទាំងបញ្ហាជនភៀសខ្លួន និងជនជាតិភាគតិចនៅមីយ៉ាន់ម៉ាផងដែរ។ ក្រៅពីបញ្ហានយោបាយ មីយ៉ាន់ម៉ាប្រឈមនឹងជម្លោះជនជាតិភាគតិចដែលប្រយុទ្ធតទល់នឹងកងកម្លាំងយោធាតាំងពីឆ្នាំ ១៩៤៨ មកម្ល៉េះ៕
 
 
 

Tag:
 មីយ៉ាន់ម៉ា
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com