ជាតិ
អាស៊ាន
​​​ន​យោ​បាយ​ជាតិ​
ប្រធានអាស៊ាន ប្រាប់អឺរ៉ុបថា ការដាក់ទណ្ឌកម្មរុស្ស៊ី ប៉ះពាល់ទាំងអស់គ្នា, គួរពិនិត្យឡើងវិញ
04, Aug 2022 , 9:59 pm        
រូបភាព
លោក ចូសេប អនុប្រធានគណៈកម្មការអឺរ៉ុប ចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្ត
លោក ចូសេប អនុប្រធានគណៈកម្មការអឺរ៉ុប ចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្ត
ដោយ: ថ្មីៗ
ជម្លោះរុស្ស៊ី-អ៊ុយក្រែន ជាប្រធានបទសំខាន់១ ដែលស្ថិតលើតុពិភាក្សារវាងសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន ជាមួយលោក ចូសេប បលរ៉េល ហ្វុនថេលឡេស (Josep Borrell Fontelles) អនុប្រធានគណៈកម្មការអឺរ៉ុប នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព។



នៅចំពោះមន្រ្តីជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មលើរុស្ស៊ី។ ប្រធានអាស៊ាន មើលឃើញថា ការដាក់ទណ្ឌកម្មនេះ មិនមែនប៉ះពាល់តែរុស្ស៊ីទេ ប៉ុន្តែប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកសង្គមនៅអឺរ៉ុប និងនៅទូទាំងពិភពលោក។   

ក្នុងថ្ងៃតែមួយនេះ សម្តេច ហ៊ុន សែន ក៏បានជួបរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺជី ឡារ៉ូវ (Sergey Lavrov) ផងដែរ។ លោករដ្ឋមន្រ្តីការបរទេស បានរាយការជូនប្រមុខរដ្ឋាភិបាលកម្ពុជា អំពីស្ថានភាពជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការរក្សាជំហររបស់រុស្ស៊ីក្នុងជម្លោះនេះ។   

គួរបញ្ជាក់បន្តិចថា រដ្ឋមន្រ្តីការបរទេស និងគណៈប្រតិភូនៃបណ្តាប្រទេសនានា បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។   

ថ្វីបើមិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៊ី តែកម្ពុជា ស្ថិតក្នុងចំណោមប្រទេសជាច្រើនផ្សេងទៀត ដែលបានចូលរួមប្រឆាំងនឹងរុស្ស៊ី ដែលផ្តើមធ្វើសង្គ្រាមទៅលើអ៊ុយក្រែន។ មេដឹកនាំកម្ពុជា ប្រកាសកន្លងមកថា ការដែលអ្នកខ្លាំង វាយអ្នកខ្សោយបែបនេះ គឺបង្កើតទម្លាប់អាក្រក់លើពិភពលោក។  

សូមរម្លឹកថា រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមផ្ទុះសង្គ្រាមជាមួយគ្នា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ដោយមិនទាន់អាចរកផ្លូវបញ្ចប់បានឡើយ។ ក្នុងសង្គ្រាមនេះ ត្រូវប្រទេសជាច្រើនលើពិភពលោក ចាត់ទុកថា ជាការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ហើយប្រទេសខ្លះ ដោយរួមទាំងសហភាពអឺរ៉ុបផង បានរួមដៃគ្នាដាក់ទណ្ឌកម្មតាមទម្រង់ផ្សេងៗលើរុស្ស៊ី៕ 

Tag:
 កម្ពុជា
  អឺរ៉ុប
  សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
  ហ៊ុន សែន
  Josep Borrell Fontelles
© រក្សាសិទ្ធិដោយ thmeythmey.com