អន្តរជាតិ
អាស៊ាន
ប្រមុខការទូតកូរ៉េខាងត្បូង៖ អាស៊ាននឹងក្លាយតំបន់ប្រមូលផ្តុំនៃគំនិតផ្តួតផ្តើមរបស់ក្រុងសេអ៊ូល កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកូរ៉េខាងត្បូង។ រូបភាព៖ ASEAN Cambodia 2022
× រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន នៅថ្ងៃទី៤ ខែសីហា បានអះអាងថា គោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មី នឹងជួយពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តរវាងក្រុងសេអ៊ូល និងឥណ្ឌាបន្ថែមទៀត។ ទាក់ទិននឹងបញ្ហានេះ លោក ផាក បានអះអាងថា អាស៊ាននឹងក្លាយជាតំបន់ប្រមូលផ្តុំដោយគំនិតផ្តួតផ្តើមថ្មីរបស់កូរ៉េខាងត្បូង។
នៅថ្ងៃទី៤ ខែសីហា អាស៊ាន និងកូរ៉េខាងត្បូង បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅក្រុងភ្នំពេញ។ ក្នុងកិច្ចប្រជុំដែលចូលរួមជាលើកដំបូងចាប់តាំងពីកាន់តំណែងនៅក្នុងខែឧសភាកន្លងមក លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹងទំនាក់ទំនងដៃគូជាយុទ្ធសាស្រ្ត ជាមួយអាស៊ានបន្ថែមទៀត ទាំងនៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងទៀត។
ក្នុងជំនួបនេះដដែល ប្រមុខការទូតកូរ៉េខាងត្បូង បានប្រាប់សមភាគីអាស៊ានថា គោលនយោបាយឆ្ពោះទៅភាគខាងត្បូង មានបំណងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយអាស៊ាន ឥណ្ឌា ហើយផែនការនេះ នឹងជួយឱ្យកូរ៉េខាងត្បូងដើរតួនាទីកាន់តែសកម្មនៅក្នុងការលើកតម្កើងសេរីភាព សន្តិភាព វិបុលភាពនៅជុំវិញពិភពលោក។
«ទាក់ទិននឹងបញ្ហាខាងលើ អាស៊ាន ដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ប្រមូលផ្តុំដោយគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូង»។ លោកផាក បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាស៊ានជាដៃគូដ៏ទុកចិត្តរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ទន្ទឹមនេះ ក្នុងថ្ងៃដដែលនោះ លោកផាក ក៏បានចូលរួមកិច្ចប្រជុំអាស៊ានបូក៣ ដែលមានសមភាគីចិន និងកូរ៉េខាងត្បូងចូលរួមផង។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកូរ៉េខាងត្បូង ត្រូវបានបារព្ធឡើងចាប់តាំងពីឆ្នាំ១៩៩៧ មក៕ Tag:
កូរ៉េខាងត្បូង
សេអ៊ូល
© រក្សាសិទ្ធិដោយ thmeythmey.com