ជាតិ
សេដ្ឋកិច្ច
គយ ៖ ការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរមានកំណើនខ្ពស់ ខណៈកសិផលទាប
04, Aug 2022 , 11:29 pm        
រូបភាព
រូបពី ក្រសួងសាធារណការ និងដឹកជញ្ជូន។
រូបពី ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយ៖ ធន់ សេងហុង

កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២ ដែលក្នុងនោះការនាំចេញផលិតកាត់ដេរកើន ៣៩ភាគរយ ខណៈផលិតផលមិនមែនកាត់ដេរកើន ៤០ភាគរយ ស្របពេលការនាំចេញកសិផលកើនត្រឹមតែ ១០,២ភាគរយ បើធៀបគ្រាដូចគ្នាក្នុងឆ្នាំ ២០២១។ នេះបើតាមការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ​ជា នាថ្ងៃទី​ ៣សីហា។



បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញផលិតផលកាត់ដេរដូចជា ស្បែកជើង កាបូប សម្លៀកបំពាក់ជាដើម មានទំហំទឹកប្រាក់ ៦,៥៦ពាន់លានដុល្លារ កើនឡើង ៣៩ភាគរយ ។ ចំណែកការនាំចេញផលិតផលមិនមែនកាត់ដេរដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានទំហំទឹកប្រាក់ ២,៦៥ពាន់លានដុល្លារ ក្នុងឆមាសទី១នេះ កើនឡើង ៤០ភាគរយធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២១។

ដោយសារតម្រូវការពិភពលោកចាប់ផ្តើមកើនឡើង ក្រោយការរីករាលដាលជំងឺកូវីដ-១៩បានថមថយ ដែលនាំឱ្យកម្ពុជានាំចេញផលិតផលវាយភណ្ឌ និងមិនមែនកាត់ដេរច្រើន ជាពិសេសការនាំចេញសម្លៀកបំពាក់កម្ពុជាទៅអ៊ឺរ៉ុប មានការកើនឡើងខ្លាំងក្នុងឆមាសទី១នេះ។ នេះបើតាមលោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់សារព័ត៌មានថ្មីៗ នាពេលកន្លងមក។​

ចំណែកឯការនាំចេញផលិតផលកសិផលមានតម្លៃ ១,៧៤ ពាន់លានដុល្លារក្នុងឆមាសទី១ ដែលកើនឡើងតិចតួចប្រមាណ ០,១៦ ពាន់លានដុល្លារស្មើនឹង ១០,២ភាគរយធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញស្រូវការធ្លាក់ចុះ ១៣,៤ភាគរយ ខណៈការនាំចេញអង្ករមានធ្លាក់ចុះតិច ក្នុងអត្រា ០,១ភាគរយ ស្របពេលការនាំចេញកៅស៊ូកើន១៥,៣ភាគរយ និងកសិផលផ្សេងទៀតមានការកើន ១៩,៤ភាគរយធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ ២០២១។

កន្លងមកលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម»កាលពីថ្ងៃទី២១កក្កដាយ៉ាងដូច្នេះថា មានកត្តាចំនួន​បី ដែលធ្វើឱ្យការនាំចេញទំនិញទៅចិនមានការធ្លាក់ចុះ។ ក្នុងនោះ ថ្លៃដឹកជញ្ជូនកើនឡើង ខណៈតំបន់ខ្លះរបស់ប្រទេសចិនបានបិទខ្ទប់ និងការនាំទំនិញឆ្លងកាត់ប្រទេសទីបីមានភាពយឺតយ៉ាវ ដោយការអនុវត្តគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រទេសផ្សេងៗគ្នា។

សូមជម្រាបថា កម្ពុជាមានទំហំពាណិជ្ជកម្ម ២៧,២៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា គឺមានតម្លៃ ១១,៣៧ពាន់លានដុល្លារ ខណៈការនាំចូលមានតម្លៃ ១៥,៨៦ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ​ជា៕

Tag:
 កាត់ដេរ
  គយ
© រក្សាសិទ្ធិដោយ thmeythmey.com