ជាតិ
អាស៊ាន
អ្នកនាំពាក្យកិច្ចប្រជុំ៖ អាស៊ាន ត្រៀមខ្លួនជាស្រេចក្នុងការជួយអ៊ុយក្រែន និងរុស្ស៊ីបញ្ចប់ជម្លោះ
04, Aug 2022 , 9:24 pm        
រូបភាព
លោកគង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យ
លោកគង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យ
លោកគង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានលើកឡើងថា ប្រសិនបើរុស្ស៊ី និងអ៊ុយក្រែន រកឃើញថា វេទិកាអាស៊ានមានប្រយោជន៍ អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសទាំងពីរ ដើម្បីបញ្ចប់វិបត្តិ។



មកទល់ពេលនេះ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយ និងក្លាយជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំអាស៊ាន។ មិនតែប៉ុណ្ណោះ សង្រ្គាមមួយនេះ បានធ្វើឱ្យពិភពលោកប្រឈមបញ្ហាជាច្រើនដូចជា ការកើនឡើងតម្លៃប្រេង កង្វះស្បៀង និងវិបត្តិមនុស្សធម៌។ ទាក់ទិននឹងបញ្ហានេះ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ បានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ាន ត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមដោះស្រាយបញ្ហាមួយនេះ។

«ប្រសិនបើរុស្ស៊ី និងអ៊ុយក្រែន រកឃើញថាវេទិកាអាស៊ាន មានប្រយោជន៍ អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសទាំងពីរ ដើម្បីបញ្ចប់វិបត្តិ»។ លោក គង់ ភោគ បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរជុំវិញបញ្ហានៅអ៊ុយក្រែន ដោយបន្តបង្ហាញក្តីសង្ឃឹមថា វិបត្តិមួយនេះ អាចបញ្ចប់ឱ្យបានឆាប់រហ័ស តាមរយៈកិច្ចចរចាប្រកបដោយការស្ថាបនា។

បើតាមអ្នកនាំពាក្យកិច្ចប្រជុំ ភាគីអ៊ុយក្រែន និងរុស្ស៊ី គួរបង្កើនចំណុចដែលអាចសហការគ្នាបាន និងបង្រួមភាពខុសគ្នា ហើយបង្កើនទំនុកចិត្តគ្នា ដើម្បីអាចដោះស្រាយវិបត្តិជាមួយគ្នា។ ត្រង់ចំណុចនេះ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានយល់ថា ការចរចាជាជម្រើសដ៏ល្អបំផុតសម្រាប់ជម្លោះនៅអ៊ុយក្រែន។

ក្រៅពីបញ្ហាខាងលើ លោក គង់ ភោគ ក៏បានលើកឡើងពីបញ្ហាភាពតានតឹងនៅកោះតៃវ៉ាន់ ជំនួបរវាងអាស៊ាន និងដៃគូ និងបញ្ហាផ្សេងទៀតផង។ លើសពីនេះ កម្ពុជាសង្ឃឹមថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន អាចចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលគ្រោងរៀបចំនៅខែវិច្ឆិកាខាងមុខ៕

Tag:
 រុស្ស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com