ជាតិ
អាស៊ាន
សម្ដេច ហ៊ុន សែន ៖ ប្រមុខការទូតអឺរ៉ុបខ្លះ មិនចង់អង្គុយជិតគ្នា នៅក្នុងកិច្ចប្រជុំអាស៊ាន
05, Aug 2022 , 9:42 am        
រូបភាព
ភ្នំពេញ៖ ប្រមុខការទូតអឺរ៉ុបខ្លះ មិនចង់អង្គុយជិតគ្នា នៅក្នុងកិច្ចប្រជុំអាស៊ានឡើយ ដោយតែបញ្ហាជម្លោះនៅតំបន់អឺរ៉ុប។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៥ សីហានេះ។



សម្ដេច ហ៊ុន សែន បាននិយាយថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននេះ វាមិនមែនជារឿងងាយស្រួលឡើយ សម្រាប់កម្ពុជា។ ត្រង់ចំណុចនេះ សម្ដេច និយាយទាំងអស់សំណើចថា គ្រាន់តែបញ្ហាជម្លោះ ដែលបានបង្កឱ្យមានភាពអាកអន់ចិត្តគ្នានោះ ធ្វើឱ្យប្រមុខការទូតអឺរ៉ុបមួយចំនួន មិនចង់ទាំងអង្គុយគ្នាផង នៅក្នុងកិច្ចប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ។ ដូច្នេះវាត្រូវការយកចិត្តទុកដាក់សម្របសម្រួលខ្លាំង។ 
 
«សូម្បីតែរៀបចំកៅអីអង្គុយក៏ពិបាកដែរ ដោយសារតែមានជម្លោះនៅអឺរ៉ុប មានជម្លោះនៅកន្លែងមួយចំនួន ។ ដូច្នេះរៀបកៅអីអង្គុយជិតគ្នា ក៏គេមិនចង់អង្គុយជិតគ្នា (សម្ដេចនិយាយទាំងអស់សំណើច) ក៏មាន ។ មិនមែនជារឿងងាយស្រួលទេ ហើយការចេញសេចក្តីថ្លែងការណ៍ណា ក៏មិនមែនជារឿងងាយស្រួលដែរ។ ប៉ុន្តែសមត្ថភាពនៃការឆ្លើយតប និងសម្របសម្រួលរបស់កម្ពុជា អាចធ្វើទៅបាន»។ នេះជាការលើកឡើងរបស់ប្រធានអាស៊ាន។
 
តែយ៉ាងណាសម្ដេច ហ៊ុន សែន មើលឃើញថា ការរៀបចំកិច្ចប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធនេះ បានប្រព្រឹត្តទៅដោយរលូនល្អ ដោយសារបណ្ដាមេដឹកនាំថ្នាក់រដ្ឋមន្រ្តីការបរទេស មកចូលរួមប្រជុំផ្ទាល់ លើកលែងតែរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលកើតជំងឺកូវីដ-១៩ និងមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញ។

Tag:
 ហ៊ុន សែន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com