អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាស៊ាន បង្ហាញការខកចិត្តចំពោះកង្វះការប្តេជ្ញារបស់របបសឹកមីយ៉ាន់ម៉ា
05, Aug 2022 , 12:09 pm        
រូបភាព
ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាព៖ ASEAN Cambodia 2022
ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាព៖ ASEAN Cambodia 2022
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានថ្លែងថា អាស៊ានមានការខកចិត្តយ៉ាងខ្លាំងចំពោះដំណើរការមានកម្រិត និងកង្វះការប្តេជ្ញារបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការអនុវត្តការឯកភាព៥ ចំណុចឱ្យបានឆាប់រហ័ស និងពេញលេញ។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពផងដែរ​ ក្នុងការអនុញ្ញាតឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជួបភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។

 
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៣ ខែសីហា បានជួបប្រជុំគ្នា នាទីក្រុងភ្នំពេញ ដោយមីយ៉ាន់ម៉ា បានក្លាយជាប្រធានបទដ៏សំខាន់មួយ។ កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលវិបត្តិមីយ៉ាន់ម៉ា នៅតែបន្តមានភាពស្មុគស្មាញ និងបន្ទាប់ពីមានការអនុវត្តទោសប្រហារជីវិតលើសកម្មជនប្រឆាំងចំនួន ៤រូប។ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចេញនៅថ្ងៃទី៥ ខែសីហា រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញពីការមិនពេញចិត្តជាថ្មី ចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ា។ 
 
«យើងមានការខកចិត្តជាខ្លាំង ចំពោះដំណើរការមានកម្រិត និងកង្វះការប្តេជ្ញារបស់អាជ្ញាធរក្រុងណៃពិដោ ក្នុងការអនុវត្តការឯកភាព៥ ចំណុចឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស»។ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា រដ្ឋមន្រ្តីការបរទេសអាស៊ាន ផ្តល់អនុសាសន៍ឱ្យកិច្ចប្រជុំអាស៊ានវាយតម្លៃពីការអនុវត្តរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីណែនាំនៅជំហានបន្ទាប់។
 
ទន្ទឹមនេះ ប្រមុខការទូតអាស៊ាន ក៏បានបញ្ជាក់ផងដែរថា អាស៊ានបានត្រៀមខ្លួនជាស្រេចក្នុងការជួយមីយ៉ាន់ម៉ានៅក្នុងលក្ខណៈវិជ្ជាមាន ស្ថាបនា និងសន្តិភាព ដោយរួមទាំងជំនួយមនុស្សធម៌។ មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍ដដែល បានបន្តថា រដ្ឋមន្រ្តីការបរទេសអាស៊ាន ឯកភាពឱ្យប្រេសិតពិសេសរបស់ប្រធានផ្លាស់វេនអាស៊ាន អាចភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា។ 
 
វិបត្តិនយោបាយមីយ៉ាន់ម៉ា កាន់តែផុងជ្រៅទៅ ដោយសារតែយោធាមីយ៉ាន់ម៉ា តែងប៉ះទង្គិចជាញឹកញាប់រវាងកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។ ការប្រយុទ្ធគ្នានេះ អាចធ្វើឱ្យមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលរយៈពេលយូរ និងធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន៕
 

Tag:
 អាស៊ាន​
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com