ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាម៉េរិក ស្នើឲ្យផ្តល់សេរីភាពជូនលោក កឹម សុខា និងអ្នកដទៃទៀត
05, Aug 2022 , 1:33 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបលោក អេនតូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅវិមានសន្តិភាព កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)។ រូបរង្វង់មូល គឺលោក កឹម សុខា ទៅចូលរួមសវនាការនៅតុលាការភ្នំពេញ នាពេលកន្លងមក (រូបពី AFP)។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបលោក អេនតូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅវិមានសន្តិភាព កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)។ រូបរង្វង់មូល គឺលោក កឹម សុខា ទៅចូលរួមសវនាការនៅតុលាការភ្នំពេញ នាពេលកន្លងមក (រូបពី AFP)។
ដោយ៖ ទេពញាណ

អាម៉េរិក ចង់ឃើញលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ដៃជាប់ជើងក្នុងរឿងក្តីក្តាំ រួមទាំងអ្នកដទៃទៀត មានសេរីភាពពេញលេញឡើងវិញ។ ប្រទេសមហាអំណាចមួយនេះ បង្ហាញបំណងចង់បានបែបនេះ តាមរយៈលោក អេនតូនី ប្លីងខិន (Antony Blinken) រដ្ឋមន្រ្តីការបរទេសរបស់ខ្លួន ដែលកំពុងមានវត្តមានលើទឹកដីកម្ពុជា និងបានចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងវិមានសន្តិភាព កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។



សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិកស្តីពីជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ប្លីងខិន បានសរសេរដូច្នេះថា៖«លោករដ្ឋមន្រ្តីការបរទេស ទទូចសុំឲ្យលោកនាយករដ្ឋមន្រ្តី បើកចំហបរិយាកាសនយោបាយនិងស៊ីវិលឡើងវិញ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣មកដល់ ហើយធ្វើឲ្យដំណើរការនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការធានាឲ្យប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងមេដឹកនាំប្រឆាំង លោក កឹម សុខា ផង អាចចូលរួមដោយសេរីក្នុងដំណើរការនយោបាយ»។

បន្ថែមពីនេះ រដ្ឋមន្រ្តីការបទេសអាម៉េរិក សុំឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកនាង សេង ធារី មេធាវីអន្តរជាតិជាជនជាតិខ្មែរ ដែលមានសញ្ជាតិអាម៉េរិក និងសកម្មជននានា ដែលត្រូវបានចាប់ឃុំខ្លួន ក្រោមបទចោទពាក់ព័ន្ធនឹងរឿងនយោបាយ។ ស្នើសុំប៉ុណ្ណឹងហើយ នៅមិនទាន់អស់ចិត្ត លោកប្រមុខការទូតអាម៉េរិក ថែមទាំងសុំឲ្យមេដឹកនាំកម្ពុជា រក្សាតម្លាភាពយ៉ាងពេញលេញចំពោះសកម្មភាពរបស់កងទ័ពជើងទឹកចិន ដែលត្រូវសង្ស័យថា មានវត្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាម នៃខេត្តព្រះសីហនុ ដោយសង្កត់ថា វត្តមានផ្តាច់មុខរបស់កងទ័ពជើងទឹកចិននេះ អាចប៉ះពាល់ដល់អធិបតេយ្យកម្ពុជា សន្តិសុខក្នុងតំបន់ និងសាមគ្គីអាស៊ាន។

មិនខុសពីលើកមុន លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា រដ្ឋាភិបាល មិនអាចលូកដៃចូលកិច្ចការរបស់តុលាការបានឡើយ បូករួមទាំងសំណុំរឿងរបស់លោក កឹម សុខា ផង។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា៖«លុះត្រាតែនីតិវិធីរបស់តុលាការចប់ ទើបរដ្ឋាភិបាល អាចធ្វើអន្តរាគមន៍បាន»។ ការធ្វើអន្តរាគមន៍នេះ លោក សំដៅលើការធ្វើសំណើពីនាយករដ្ឋមន្រ្តី ថ្វាយទៅព្រះមហាក្សត្រ ដើម្បីក្រាបបង្គំសុំឲ្យទ្រង់ប្រោសប្រទានការលើកលែងទោសដល់បុគ្គលណា ដែលត្រូវតុលាការ កាត់ទោសរួចហើយ។

ចំពោះមន្ទិលសង្ស័យអំពីវត្តមានកងទ័ពជើងទឹកចិន មេដឹកនាំកម្ពុជា ធ្លាប់បកស្រាយស្ទើរតែរាប់ភ្លេចទៅហើយថា កម្ពុជា ពុំអនុញ្ញាតឲ្យកងទ័ពបរទេស តាំងមូលដ្ឋានឬឈរជើងលើទឹកដីរបស់ខ្លួននោះទេ។ ប៉ុន្តែ មហាអំណាចអាម៉េរិក នៅតែមិនជឿលើការអះអាងដោយមាត់ពីភាគីកម្ពុជា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មី លោក ផៃ ស៊ីផាន លើកឡើងថា សម្រាប់បញ្ហាទ័ពចិននេះ រដ្ឋាភិបាលកម្ពុជា បកស្រាយជាច្រើនមកហើយ តែមិនអាចចប់នោះទេ។ លោក មើលឃើញថា អាម៉េរិក លើកឡើងពីបញ្ហានេះឡើង ដើម្បីគ្រាន់តែធ្វើជារបៀបវារៈដែលមានផលប្រយោជន៍សម្រាប់អាម៉េរិកលើឆាកអន្តរជាតិប៉ុណ្ណោះ។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក ពុំឃើញមានសរសេរពីការឆ្លើយតបរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅនឹងសំណើទាំងអម្បាលម៉ានខាងលើរបស់លោករដ្ឋមន្រ្តីការបរទេសអាម៉េរិកឡើយ។ លោក ប្លីងខិន បានមកដល់កម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ ព័ត៌មានអំពីជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ប្លីងខិន ក៏ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចដែរ តែមិនបង្ហាញពីការស្នើសុំរបស់លោក ប្លីងខិន និងការឆ្លើយតបរបស់សម្តេចនោះទេ។

លោក ប្លីងខិន ជម្រាបសម្តេច ហ៊ុន សែន ថា ទិសដៅរបស់អាម៉េរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា។ នេះបើតាមខ្លឹមសារលើទំព័រហ្វេសប៊ុករបស់សម្តេច។ សម្តេច និងលោក ប្លីងខិន បានថ្លែងអំណរគុណគ្នា ចំពោះការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-អាម៉េរិក។

សម្តេច ហ៊ុន សែន អរគុណអាម៉េរិក ដែលជួយដល់កម្ពុជាជាដរាបមក ដោយរាប់ទាំងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការជួយលើវិស័យផ្សេងៗទៀត។ រីឯលោក ប្លីងខិន អរគុណចំពោះគុណបំណាច់មួយចំនួនរបស់កម្ពុជា រួមមាន ការផ្ដល់ដីឲ្យអាម៉េរិកសង់ស្ថានទូតនៅរាជធានីភ្នំពេញ ការអនុញ្ញាតឲ្យកប៉ាល់ Westerdam ដែលផ្ទុកអ្នកដំណើរ៦០០នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ការរុករកធាតុទាហានអាម៉េរិក ដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម និងការប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។

ត្រឡប់មករឿងលោក កឹម សុខា វិញ។ លោក ត្រូវបានចោទប្រកាន់ តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ អំពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឬហៅឲ្យខ្លីតាមពាក្យច្បាប់ថា បទសន្ទិដ្ឋភាពជាមួយបរទេស។ បទចោទនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ។

ក្នុងចំណោមបរទេស ដែលត្រូវជាប់សង្ស័យថា លោក កឹម សុខា គប់គិតជាមួយនោះ ក៏មានអាម៉េរិកដែរ។ ប៉ុន្តែ សម្តេច ហ៊ុន សែន ធ្លាប់ប្រកាសនៅលើទឹកដីអាម៉េរិក កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ថា រដ្ឋាភិបាលកម្ពុជា មិនបានចោទប្រកាន់អាម៉េរិកថា គប់គិតជាមួយលោក កឹម សុខា ឡើយ តែបញ្ហានៅត្រង់ថា លោក កឹម សុខា ជាអ្នកនិយាយខ្លួនឯង ថា លោក គប់គិតជាមួយអាម៉េរិក ដូច្នេះ លោក កឹម សុខា និង អាម៉េរិក ត្រូវដោះស្រាយជាមួយគ្នា។

មកដល់ខែសីហា ឆ្នាំ២០២២នេះ សំណុំរឿងរបស់លោក កឹម សុខា អូសបន្លាយអស់រយៈពេលប្រមាណ៥ឆ្នាំ និងឆ្លងកាត់ការជំនុំជម្រះអស់ប្រមាណ៥០លើករួចហើយ តែនៅមិនឈានដល់ការធ្វើសេចក្តីសម្រេចនោះទេ ហើយគេ ក៏ពិបាកស្មានដែរថា ការបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់មេដឹកនាំប្រឆាំងរូបនេះ នឹងអាចដល់ទីបញ្ចប់នៅពេលណា៕

Tag:
 កម្ពុជា-អាម៉េរិក
  ហ៊ុន សែន
  កឹម សុខា
  Antony Blinken
© រក្សាសិទ្ធិដោយ thmeythmey.com