ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន​ សែន ៖ការវិសោធនកម្មធម្មនុញ្ញ លើកទី១០នេះ ប្រហែលជាលើកចុងក្រោយហើយ
05, Aug 2022 , 2:08 pm        
រូបភាព
ការធ្វើវិសោធនកម្មធម្មនុញ្ញ លើកទី១០នេះ ប្រហែលជាលើកចុងក្រោយហើយ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៥ សីហានេះ។

 
សម្ដេច ហ៊ុន សែន បានអះអាងថា ការកែរដ្ឋធម្មនុញ្ញ មិនមែនចេះតែកែទេ ប៉ុន្តែវាជាការបំពេញនូវកន្លែងចន្លោះប្រហោង។ សម្ដេច សង្កត់ធ្ងន់ថា បើមិនបានគិតគូពីឥឡូវទៅ វានឹងនាំឱ្យគ្រោះថ្នាក់ទៅថ្ងៃអនាគត។ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល បកស្រាយបន្ថែមត្រង់ចំណុចតំណែងនាយករដ្ឋមន្រ្តី ត្រង់មាត្រា ១២៥ថ្មី (មាត្រា១០៦ចាស់) និងការទម្លាក់រដ្ឋាភិបាល ត្រង់មាត្រា ៩៨ថ្មី ។
 
មាត្រា ៩៨ ថ្មី បានចែងថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ញត្តិបន្ទោសរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្រ្តចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។
 
សម្រាប់មាត្រានេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលដឹកនាំធ្វើវិសោធនកម្មនោះ ធ្លាប់បានពន្យល់ថា មាត្រា ៩៨ថ្មី បច្ចុប្បន្ន មានភាពមិនច្បាស់ ដោយមិនបានចែងកំណត់ថា តើនរណាជាអ្នកដឹកនាំនីតិប្រតិបត្តិ នៅពេលដែលរដ្ឋាភិបាល ត្រូវបានទម្លាក់ពីមុខតំណែង រហូតដល់ពេលរដ្ឋាភិបាលថ្មី ត្រូវបានបង្កើត។ បើតាមលោក កើត រិទ្ធ ប្រការរដ្ឋធម្មនុញ្ញត្រង់ចំណុចនេះ បានបង្កើតឱ្យមានស្ថានភាពមួយ ហៅថា «សុញ្ញភាពនៃអំណាច» ឬ អំណាចទំនេរចោល។
 
ចំណែកតម្រូវការសំឡេងតំណាងរាស្រ្តចំនួនសាមសិបនាក់ ដើម្បីធ្វើញត្តិស្តីបន្ទោស ដាក់ជូនរដ្ឋសភានោះ ក៏ពុំមានមូលដ្ឋានរឹងមាំដែរ។
 
ដោយសារមើលឃើញបញ្ហានេះ ទើបលោក កើត រិទ្ធ អះអាងថា ការវិសោធនកម្មមាត្រា ៩៨ថ្មីនេះ ត្រូវបានបន្ថែមថា «ក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភា រដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះ មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មី ចូលកាន់តំណែង។ ញត្តិបន្ទោសរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្រ្តចំនួនមួយភាគបី នៃសមាជិកសភាទាំងមូល ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន»។
 
បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ ការធ្វើវិសោធនកម្ម ដែលបន្ថែមខ្លឹមសារឱ្យមានភាពច្បាស់លាស់នេះ ដើម្បីធានាននូវសង្គតិភាព និងអំណាចនិតិប្រតិបត្តិប្រព្រឹត្តិទៅដោយរលូន។
 
ដោយឡែកមាត្រា ១២៥ថ្មី (មាត្រា១០៦ចាស់) បានចែងថា បើតំណែងនាយករដ្ឋមន្រ្តីជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្រ្តីមួយជាថ្មី ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់ចែងនាយករដ្ឋមន្រ្តីស្តីទីជាបណ្ដោះអាសន្ន»។
 
ត្រង់មាត្រានេះ ត្រូវបានលោក កើត រិទ្ធ បកស្រាយពន្យល់ដែរថា មាត្រា១២៥ថ្មី ចែងមិនច្បាស់ពីរូបភាព ឬស្ថានភាពបែបណា ដែលចាត់ទុកថាតំណែងនាយករដ្ឋមន្រ្តីទំនេរជាស្ថាពរឡើយ ។ ជាពិសេសពីការបំពេញភារកិច្ច និងការគ្រប់គ្រងអំណាច ចាប់តាំងពីតំណែងនាយករដ្ឋមន្ត្រីទំនេរជាស្ថាពរ រហូតដល់គណៈរដ្ឋមន្រ្តីថ្មី ចូលកាន់តំណែង។
 
មូលហេតុទាំងនេះហើយ ដែលរដ្ឋមន្រ្តីយុត្តិធម៌ រៀបចំបំពេញបន្ថែមនូវចំណុចខ្វះខាត ដោយដាក់ចំណុច៤បន្ថែម រួមមាន៖ ទី១ ការចាត់តាំងនាយករដ្ឋមន្រ្តីស្តីទី ក្នុងករណីនាយករដ្ឋមន្រ្តីអវត្តមានមួយកាលមួយគ្រា, ទី២ ការចែងពីមូលហេតុនានាដែលនាំឱ្យតំណែងនាយករដ្ឋមន្រ្តី នៅទំនេរជាស្ថាពរ ជាអាទិ៍ អនិច្ចកម្ម, ការលាលែងពីមុខតំណែងរបស់នាយករដ្ឋមន្រ្តី ព្រមទាំងការចែងអំពីការចាត់ចែងចាំបាច់នានា ដើម្បីធានាដល់និរន្តរភាពនៃការដឹកនាំអំណាចនីតិប្រតិបត្តិ តាមរយៈការតែងតាំងគណៈរដ្ឋមន្រ្តីថ្មី ឱ្យបានឆាប់រហ័ស, ទី៣ ការចែងអំពីបែបបទ នីតិវិធី និងការចាត់ចែងចាំបាច់នានា សម្រាប់លាលែងពីមុខតំណែងរបស់នាយករដ្ឋមន្រ្តី និងទី៤ ធានានិរន្តរភាពអំណាចរបស់រាជរដ្ឋាភិបាល ចាប់ពីពេលតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ រហូតដល់គណៈរដ្ឋមន្រ្តីថ្មី ចូលកាន់តំណែង ជាគ្រឹះសម្រាប់ធានានិរន្តរភាព និងស្ថិរភាពរបស់ប្រទេសជាតិ។
 
សម្ដេច ហ៊ុន សែន គាំទ្រការបកស្រាយរបស់លោក កើត រិទ្ធ ដោយបានបន្ថែថា៖«ខ្ញុំលើកឧទាហរណ៍នៅត្រង់ចំណុចនេះ ដែលអាចនាំទៅដល់គ្រោះថ្នាក់ បើយើងមិនបានគិតពីឥឡូវ។ នោះនៅត្រង់ពាក្យថា នៅពេលតំណែងនាយករដ្ឋមន្រ្តីទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយ ត្រូវរៀបចំឡើងវិញ ។ ចំណុចត្រង់នេះ បូកជាមួយរដ្ឋាភិបាលត្រូវបានទម្លាក់។ គ្មានការចែងកន្លែងណាមួយទាល់តែសោះ។ នាយករដ្ឋមន្រ្តី ស្លាប់ភ្លាម រដ្ឋាភិបាលរលាយតែម្ដង។ តើយើងគួរដាក់បម្រុងទុកទេ? »។
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល ពន្យល់បន្ថែមថា បើសិនមិនចែងឱ្យច្បាស់នូវចំណុចទាំងនេះទេ នោះពេលដែលគណៈរដ្ឋមន្ត្រី ឬរដ្ឋាភិបាល ត្រូវបានទម្លាក់ចេញពីតំណែង ទាំងនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ដើរចេញពីតួនាទី នឹងនាំឱ្យហានិភ័យដល់ប្រទេសជាតិភ្លាម ដោយសារគ្មានអ្នកដឹកនាំ និងគ្រប់គ្រង។ បើតាមសម្ដេច ហ៊ុន សែន ការរៀបចំបែបនេះ គឺធ្វើដូចគ្នាទៅបណ្ដាប្រទេសដទៃទៀត ដូចជា អង់គ្លេសជាដើម ដែលនាយករដ្ឋមន្ត្រី បូរីស ចនសុន បានលាលែងពីតំណែងហើយ ប៉ុន្តែនៅបំពេញការងារ និងជានាយករដ្ឋមន្ត្រីចាំផ្ទះបណ្ដោះអាសន្នសិន ដោយរង់ចាំនាយករដ្ឋមន្ត្រីថ្មីចូលមកជំនួស។
 
«អ៊ីចឹង ទោះបីជាអ្នកឯងលាលែងពីតំណែងក៏ដោយ តែអ្នកឯងត្រូវតែនៅចាំផ្ទះសិន ដើម្បីឱ្យគណៈរដ្ឋមន្រ្តីថ្មីមួយបង្កើតឡើង ដើម្បីទទួលខុសត្រូវបន្ត»។ នេះជាការបញ្ជាក់របស់សម្ដេច ដែលបានបន្ថែមថា ចំណុចនេះ មិនទាន់បានចែងក្នុងរដ្ឋធម្មនុញ្ញទេ ទើបត្រូវវិសោធនកម្ម បំពេញបន្ថែមលើភាពខ្វះចន្លោះនេះ។
 
កន្លងមក មានគណបក្សនយោបាយ សង្គមស៊ីវិល និងសាធារណជនរិះគន់លើការធ្វើវិសោធនកម្មនេះថា ការកែច្បាប់ធម្មនុញ្ញនេះ ធ្វើឡើងក្រោមរូបភាពបក្សតែមួយ ដែលឈ្នះឆ្នោតក្នុងរដ្ឋសភា គ្មានការសុំមតិយោបល់ពីមជ្ឈដ្ឋានទូទៅ។
 
តែយ៉ាងណាសម្ដេច ហ៊ុន សែន បានបកស្រាយវិញថា ការកែប្រែច្បាប់នេះ គឺដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋទូទៅ ដោយមិនមែនសម្រាប់តែគណបក្សប្រជាជន ឬក្រុមគ្រួសារសម្ដេចនោះទេ។ «អស់លោកកុំគិតថា អស់លោកមានសញ្ញាបត្របណ្ឌិត ហើយគេមិនចេះជាងអស់លោក។ យើងខ្ញុំមិនគ្រាន់តែជាអ្នកអនុវត្តទេ ក៏ប៉ុន្តែយើងខ្ញុំក៏ជាអ្នករួមចំណែកបង្កើតច្បាប់ និងបង្កើតរដ្ឋធម្មនុញ្ញ។ អស់លោកថា រង់ចាំបន្តិចទៀតធ្វើប្រជាមតិ ចុះកាលពីមុនធ្វើម៉ាគរគោក ម៉េចមិនធ្វើប្រជាមតិផង។ ឥឡូវកំពុងកូវីដ-១៩ ផង ធ្វើ(វិសោធនកម្មច្បាប់ធម្មនុញ្ញ)ឱ្យវាលឿនស្រូតទៅ វាឆាប់។ ហើយធ្វើលើកនេះ ប្រហែលលើកចុងក្រោយហើយ ព្រោះដើម្បីបំពេញចន្លោះប្រហោងដែលនៅខ្វះ»។ នេះជាការលើកឡើងរបស់សម្ដេច។
 
កាលពីថ្ងៃទី២១ កក្កដា គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានរួមគ្នាដាក់ញត្តិស្នើឲ្យរដ្ឋសភា បដិសេធលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ដែលរដ្ឋាភិបាលបានរៀបចំកែប្រែលើកទី១០។ ពួកគេ សង្កត់ធ្ងន់ថា មាត្រាដែលវិសោធនកម្មលើកទី១០នេះ ប៉ះពាល់ដល់អំណាចក្នុងរដ្ឋសភា។គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញជំហររួមគ្នា មិនគាំទ្រលើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើយ។
 
ប៉ុន្តែការលើកឡើងរបស់គណបក្សទាំង៤នេះ ត្រូវបានលោក កើត រិទ្ធ រដ្ឋមន្រ្តីយុត្តិធម៌ ច្រានចោល។ ថ្លែងបកស្រាយការពារសំណើរវិសោធនកម្មច្បាប់ធម្មនុញ្ញ នៅរដ្ឋសភា កាលពីថ្ងៃទី២៨ កក្កដា លោក កើត រិទ្ធ ចាត់ទុកការលើកឡើងរបស់គណបក្សទាំង៤នេះ ជាការយល់ឃើញដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលមិនត្រឹមត្រូវស្របតាមខ្លឹមសារពិតប្រាកដនៃបំណងធ្វើវិសោធនកម្ម និងបំភ្លៃការពិត។ ក្រោយបកស្រាយបែបនេះហើយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ចេញលិខិតឱ្យគណបក្សនយោបាយ សង្គមស៊ីវិល និងសាធារណជន ដែលរិះគន់លើសំណើវិសោធនកម្មច្បាប់ធម្មនុញ្ញនេះ ចូលទៅពិភាក្សាសួរដេញដោលគ្នា នៅក្រសួងយុត្តិធម៌។
 
ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានភាគីណាមួយ យល់ព្រមចូលទៅសួរដេញដោលជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឡើយ។ គណបក្សនយោបាយ និងសង្គមស៊ីវិលខ្លះ បានប្រាប់សារព័ត៌មានថ្មីៗថា ពួកគេមិនចូលទៅពិភាក្សាដេញដោលឡើយ ដោយសារវាគ្មានន័យនោះទេ ព្រោះរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តលើសំណើទាំងនោះហើយ។ បានន័យថា បើការជជែកដេញដោលគ្នានោះ ធ្វើមុនពេលអង្គនីតិបញ្ញត្តិអនុម័ត ទើបជារូបភាពល្អ និងអាចប្រមូលបានធាតុចូលច្រើន ដែលស្របតាមគំនិតពលរដ្ឋ។
 
អត្ថបទទាក់ទង
 
 
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ មាន៦មាត្រានៃរដ្ឋធម្មនុញ្ញ ដែលត្រូវបានជ្រើសរើសយកមកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ រួមមាន មាត្រា១៩​ ថ្មី​ (មួយ) មាត្រា​៨៩ មាត្រា៩៨ ​ថ្មី មាត្រា​ ១០២ ​ថ្មី មាត្រា​ ១១៩ ​ថ្មី (មួយ) និង​មាត្រា​១២៥ ​ថ្មី​។ សម្រាប់លើកនេះ មិនត្រឹមតែរដ្ឋធម្មនុញ្ញនោះទេ ច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវធ្វើវិសោធនកម្មដែរ។ មាន២មាត្រានៃច្បាប់ធម្មនុញ្ញបន្ថែម គឺ ​មាត្រា​៣ ​ថ្មី និង​មាត្រា៤ ថ្មី ដែលត្រូវធ្វើវិសោធនកម្ម។
 
សូមជម្រាបថា ច្បាប់ធម្មនុញ្ញនេះ វិសោធនកម្មចំនួន១០លើកហើយ ដោយគិតទាំងអំឡុងពេលនេះ។ ច្បាប់ធម្មនុញ្ញ បង្កើតឡើងនៅ២៤កញ្ញា ១៩៩៣។ ច្បាប់នេះ កែលើកទី១ នៅឆ្នាំ១៩៩៤, លើកទី២ ឆ្នាំ១៩៩៩, លើកទី៣ ឆ្នាំ២០០១, លើកទី៤ ឆ្នាំ២០០៥, លើកទី៥ ឆ្នាំ២០០៦, លើកទី៦ ឆ្នាំ២០០៨, លើកទី៧ ឆ្នាំ២០១៤, លើកទី៨ ឆ្នាំ២០១៨, លើកទី៩ ឆ្នាំ២០២១ និងលើកចុងក្រោយនេះ នៅឆ្នាំ២០២២៕ 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com