អន្តរជាតិ
លោក ប្លីងខិន៖ មកកម្ពុជាដំបូង ខ្ញុំទាក់ចិត្តនឹងភាពរួសរាយរបស់ប្រជាជនកម្ពុជា
05, Aug 2022 , 4:28 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៥ ខែសីហា។ រូបថត៖ ឈន សុផាត
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៥ ខែសីហា។ រូបថត៖ ឈន សុផាត
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន អះអាងថា លោកពិតជាប់ចិត្តនឹងភាពរួសរាយរបស់ប្រជាជនកម្ពុជាដែលលោកបានជួប ហើយអាម៉េរិកនឹងធ្វើការជាមួយកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៥​ ខែសីហា ប្រមុខការទូតអាម៉េរិករូបនេះ ក៏ឆ្លៀតបញ្ជាក់ជំហររបស់អាម៉េរិកដែលចង់ដំណើរការប្រជាធិបតេយ្យដ៏ពិតប្រាកដមួយនៅកម្ពុជា។

 
«នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំមកកម្ពុជាក្នុងនាមជារដ្ឋមន្រ្តីការបរទេស ខ្ញុំអាចនិយាយបានថា ខ្ញុំជាប់ចិត្ត និងពិតជារីករាយភាពរួសរាយ និងកក់ក្ដៅរបស់ប្រជាជនកម្ពុជាដែលខ្ញុំមានឱកាសបានជួប។» នេះជាការលើកឡើងរបស់លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែសីហាជុំវិញដំណើរទស្សនកិច្ចនៅកម្ពុជា។
 
លោក ប្លីងខិន មកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោករដ្ឋមន្រ្តី បានជួបជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមភាគីលោក ប្រាក់ សុខុន ក៏ដូចជាយុវជនកម្ពុជាដែលធ្លាប់ផ្លាស់ប្ដូរទស្សនកិច្ចនៅទឹកដីអាម៉េរិកផងដែរ។
 
បើតាមលោក ប្លីងខិន ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា លោកបានជជែកពីវិធីសាស្រ្តល្អបំផុតសម្រាប់ប្រជាជនកម្ពុជាមានអនាគតត្រចះត្រចង់តាមរយៈការធានាសិទ្ធិតាមបែបប្រជាធិបតេយ្យ ការការពារឯករាជ្យកម្ពុជា និងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ 
 


«អាម៉េរិករំពឹងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងជាមួយកម្ពុជាលើវិស័យទាំងនេះ និងផ្នែកផ្សេងទៀត។ យើងរីករាយនឹងទំនាក់ទំនងយូរអង្វែងជាមួយកម្ពុជា។»​ ប្រមុខការទូតអាម៉េរិកបញ្ជាក់បែបនេះ មុនបញ្ជាក់ជាថ្មីថា ទីក្រុងវ៉ាស៊ីនតោនចង់បានទំនាក់ទំនងវិជ្ជមានជាមួយក្រុងភ្នំពេញ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា អ្វីដែលរារាំងទំនាក់ទំនងទ្វេភាគី គឺការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងការថយក្រោយប្រជាធិបតេយ្យ។
 
លោក ប្លីងខិន ស្នើឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមគោលការណ៍អន្តរជាតិ និងអ្វីដែលចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ មន្រ្តីអាម៉េរិកដដែលក៏បញ្ជាក់ច្បាស់ៗថា អាម៉េរិកមិនផ្ដោតលើបុគ្គលជាក់លាក់ ឬបក្សនយោបាយណាមួយឡើយ តែអាម៉េរិកចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ និងប្រកាន់ផ្លូវពហុបក្សទៀតផង៕​ 
 
 
 
 

Tag:
 អាម៉េរិក
  អាស៊ាន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com