អន្តរជាតិ
កប៉ាល់ដឹកគ្រាប់ធញ្ញជាតិចំនួនបីគ្រឿង ត្រូវបានអនុញ្ញាតចាកចេញពីអ៊ុយក្រែន
05, Aug 2022 , 7:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ៖ហ៊ួយ ស៊ីវលី

កប៉ាល់ចំនួន ៣គ្រឿង ដឹកពោតសរុបចំនួន ៥៨០៤១តោន ត្រូវបានអនុញ្ញាតអោយចាកចេញពីកំពង់ផែអ៊ុយក្រែននៅថ្ងៃទី៥ ខែសីហា នៅប៉ុន្មានថ្ងៃបន្ទាប់ពីកប៉ាល់ដឹកគ្រាប់ធញ្ញជាតិមួយបានចាកចេញពីអ៊ុយក្រែនជាលើកដំបូង។ នេះជាផ្នែកមួយនេះ នៃកិច្ចខិតខំនាំចេញគ្រាប់ធម្មជាតិទៅទីផ្សារពិភពលោក ដើម្បីកាត់បន្ថយតម្លៃ ដែលកំពុងហក់ឡើងខ្ពស់។

 
មជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងមួយសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិកាលពីខែកក្កដា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៤ ខែសីហា ថាខ្លួនបានអនុញ្ញាតអោយកប៉ាលចំនួន ៣គ្រឿងចេញដំណើរហើយ។ កប៉ាល់ពីរដូចជាPolarnet និង Rojen នឹងចាកចេញពីកំពង់ផៃ Chornomorsk ហើយកប៉ាល់ Navi-Star នឹងចាកចេញពីកំពង់ផែ Odesa។ 
 
កប៉ាល Polarnet នឹងចាកចេញទៅកំពង់ផៃ Karasu នៅតួកគីជាមួយបរិមាណពោតចំនួន ១២០០០ តោន ហើយ Rojen នឹងដឹកពោត ១៣០៤១ តោនទៅកាន់កំពង់ផៃ Teesport នៅអង់គ្លេស។ រីឯ កប៉ាល់ Navistar នឹងដឹកពោតចំនួន ៣៣០០០ តោនទៅកាន់កំពង់ផែ Ringaskiddy អៀរឡង់។
 
សេចក្តីថ្លែងការណ៍នេះ ក៏បានបង្ហាញផងថា កប៉ាល់ទាំងនោះត្រូវបានគេរំពឹងថានឹងចេញដំណើរនៅព្រឹកថ្ងៃទី៥ ខែសីហា ប្រសិនបើអាកាសធាតុអំណោយផល។ ការឈប់ដំបូងរបស់កប៉ាល់ទាំងនោះ គឺត្រូវនៅក្នុងដែនទឹកតួកគី សម្រាប់ការត្រួតពិនិត្យដោយមជ្ឈមណ្ឌលសម្របសម្រួលរួម។ នេះបើយោងតាមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ។
 
ការនាំចេញគ្រាប់ធញ្ញជាតិនេះ នឹងជួយកាត់បន្ថយបញ្ហាខ្វះស្បៀងអាហារបានមួយចំនួន រួមទាំងតម្លៃនៅលើទីផ្សារសកលផង។ យ៉ាងណាមិញ គ្រាប់ធញ្ញជាតិជាច្រើនពាន់តោនទៀត នៅតែបន្តជាប់គាំងនៅកំពង់ផែរបស់អ៊ុយក្រែន៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com