ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ប្រកាសឱ្យកូនចៅខ្លួនទាំងអស់ ប្រឡូកចូលក្នុងនយោបាយ
× សម្ដេច ហ៊ុន សែន ប្រកាសឱ្យកូនចៅខ្លួន ចាប់យកអាជីពនយោបាយ ចាប់ពីពេលនេះទៅ។ សម្ដេច ប្រកាសបែបនេះ នៅក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៥ សីហានេះ។
«ខ្ញុំតែងប្រដៅកូនកុំឲ្យពាក់ព័ន្ធនយោបាយសុខចិត្តធ្វើទាហាន ប៉ុន្ដែឥឡូវនេះវាហួសពេលហើយ ខ្ញុំនឹងអំពាវនាវជំរុញកូនខ្ញុំ ចៅខ្ញុំឲ្យចូលប្រឡូកក្នុងនយោបាយទាំងអស់»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានផ្ដាំចៅប្រុសខ្លួនម្នាក់ ឱ្យដាក់គោលដៅដណ្ដើមយកតំណែងនាយករដ្ឋមន្រ្តី នា២០ឆ្នាំខាងមុខទៀត។
បច្ចុប្បន្ននេះ កូនៗរបស់សម្ដេច ហ៊ុន សែន សុទ្ធតែមានឈ្មោះក្នុងគណៈកម្មាធិការនីមួយក្នុងបក្សប្រជាជនកម្ពុជា។ ក្នុងនោះលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល, លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យកិច្ចការផ្ទៃក្នុង និងលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឃលកំពង់ស្ពឺ ជាសមាជិកគណៈកម្មាធិការកណ្ដាល ។ ក្រៅពីនេះ ក៏មានកូនប្រសារសម្ដេចផងដែរ។
លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា គាំទ្រជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ កក្កដា ២០២២ ខណៈសម្ដេច ហ៊ុន សែន នៅតែឈរឈ្មោះជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។
ជុំវិញការរៀបចំឱ្យលោក ហ៊ុន ម៉ាណែត បន្តវេនជានាយករដ្ឋមន្រ្តីនេះ ក៏ត្រូវបានមហាជន ជាពិសេសអ្នកប្រឆាំងរដ្ឋាភិបាល រិះគន់ថា ជាការផ្ទេរអំណាចពីឪពុក ទុកឱ្យកូន និងគ្រួសារមេដឹកនាំរូបនេះ។ ប៉ុន្តែសម្ដេច ហ៊ុន សែន មិនខ្វល់សម្តីទាំងនោះឡើយ។ សម្ដេច បានព្យាយាមបកស្រាយថា សម្ដេចប្រឹងប្រែងបណ្ដុះបណ្ដាលកូន គឺចង់ឱ្យពួកគេយកចំណេះដឹងមកអភិវឌ្ឍប្រទេសជាតិ ។
«ខ្ញុំក៏សុំបញ្ជាក់ត្រឡប់ទៅវិញ ខ្ញុំមិនបណ្តុះបណ្តាលកូនឲ្យធ្វើមេចោរទេ ខ្ញុំស្វាគមន៍កូនរបស់អ្នកឯងចូលរួម ខ្ញុំលើកទឹកកូនអ្នកឯង ខ្ញុំសរសើរកូនអ្នកឯង។ ត្រង់អ្នកឯងវាយកូនខ្ញុំរឿងរបស់អ្នកឯង វាអន់ណាស់អាមនុស្សចាស់ទាស់ជាមួយកូនក្មេង វាយ៉ាប់ពេក»។ នេះជាការបញ្ជាក់ជាថ្មី របស់ប្រមុខរដ្ឋាភិបាល ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕
© រក្សាសិទ្ធិដោយ thmeythmey.com