អន្តរជាតិ
លោកស្រី ផេឡូស៊ី ហៅតៃវ៉ាន់ជាប្រទេស បើទោះអាម៉េរិកទទួលស្គាល់គោលនយោបាយចិនតែមួយ
05, Aug 2022 , 9:29 pm        
រូបភាព
ប្រធានសភាតំណាងអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ក្នុងសន្និសីទសារព័ត៌មាននៅក្រុងតូក្យូ។ រូបភាព៖ AP
ប្រធានសភាតំណាងអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ក្នុងសន្និសីទសារព័ត៌មាននៅក្រុងតូក្យូ។ រូបភាព៖ AP
ប្រធានសភាតំណាងអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃទី៥ ខែសីហា បានលើកឡើងថា តៃវ៉ាន់ជាប្រទេសដែលមានសេរីភាពមួយ នៅលើពិភពលោក។ បើតាមលោកស្រីផេឡូស៊ី សេរីភាពនេះ មិនមែនបានមកពីការអះអាងរបស់លោកស្រីឡើយ ប៉ុន្តែបានមកពីអង្គការ Freedom House។ ការបញ្ជាក់បែបនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទទួលស្គាល់គោលនយោបាយចិនតែមួយ។

 
ក្នុងសន្និសីទសារព័ត៌មានមួយនៅស្ថានទូតអាម៉េរិក ក្នុងក្រុងតូក្យូ លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក បានហៅតៃវ៉ាន់ ជាប្រទេស។ ការលើកឡើងបែបនេះ អាចធ្វើឱ្យចិនផ្ទុះកំហឹងបន្ថែមទៀត បន្ទាប់ពីទស្សនកិច្ចនៅតៃវ៉ាន់។ 
 
«តៃវ៉ាន ជាប្រទេសមានសេរីភាពមួយនៅក្នុងពិភពលោក»។ ប្រធានសភាតំណាងអាម៉េរិក បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី៥ ខែសីហា ដោយបន្តថា សេរីភាពរបស់តៃវ៉ាន់ មិនមែនបានលោកពីលោកស្រីឡើយ ប៉ុន្តែវាកើតចេញពីការវាយតម្លៃរបស់អង្គការ Freedom House ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន។ 
 
ការអះអាងបែបនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទទួលស្គាល់គោលនយោបាយចិនតែមួយ។ គោលនយោបាយចិនតែមួយ ជាការទទួលស្គាល់តួនាទីរបស់រដ្ឋាភិបាលក្រុងចិនតែមួយគត់ និងមិនមានចិនផ្សេងទៀតឡើយ។ កន្លងមក ប្រទេសជាច្រើន បានទទួលស្គាល់គោលនយោបាយចិនតែមួយ ដោយចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយរបស់ចិនដែរ។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់ ចិនបានផ្ទុះកំហឹងយ៉ាងខ្លាំង និងបានធ្វើសមយុទ្ធចំនួន ៦កន្លែងនៅជុំវិញតៃវ៉ាន់ ដើម្បីបង្ហាញសាច់ដុំខ្លួន ក៏ដូចជាព្រមានរដ្ឋាភិបាលក្រុងតៃប៉ិ កុំឱ្យហ៊ានប្រកាសឯករាជ្យ។ ក្នុងសមយុទ្ធនោះ ចិនបានសម្ញែងយន្តហោះចម្បាំង ជាង ១០០គ្រឿង រួមទាំងបានមីស៊ីលផង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មាននៅក្រុងភ្នំពេញ លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានជំរុញជាថ្មីឱ្យចិន និងតៃវ៉ាន់ ដោះស្រាយភាពខុសគ្នាប្រកបដោយសន្តិភាព ជាជាងការសម្លុត និងកម្លាំងទ័ព៕ 
 

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com