កីឡាជាតិ
ជាតិ
តើវិសាខា អាចឲ្យ ព្រះខ័នរាជស្វាយរៀង ស្គាល់បរាជ័យក្នុងលីគកំពូល បានទេ?
06, Aug 2022 , 7:59 am        
រូបភាព
ក្រុមព្រះខ័នរាជ ស្វាយរៀង ហ្វឹកហាត់អំឡុងពេលភ្លៀង រូបពីក្លិបព្រះខ័នរាជ ស្វាយរៀង
ក្រុមព្រះខ័នរាជ ស្វាយរៀង ហ្វឹកហាត់អំឡុងពេលភ្លៀង រូបពីក្លិបព្រះខ័នរាជ ស្វាយរៀង
ព្រះខ័នរាជស្វាយរៀង ត្រូវស្វាគមន៍ វិសាខា ក្នុងការប្រកួត Cambodian Premier League សប្ដាហ៍ទី១៤ នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី៦ ខែសីហា ។ ព្រះខ័នរាជស្វាយរៀង កំពុងបង្ហាញភាពខ្លាំងខ្លួននៅពានលីគកំពូលនេះ។ តើក្រុមវិសាខា អាចយក៣ពិន្ទុបានដែរទេ បើម្ចាស់ផ្ទះ មិនធ្លាប់ចាញ់សោះ ក្នុងពានរង្វាន់ Cambodian Premier League 2022?


 
លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានប្រាប់មកសារព័ត៌មានថ្មីៗតាមតេលេក្រាមថា ក្លិបនៅក្នុង ក្របខ័ណ Cambodian Premier League (CPL) សុទ្ធតែមានសមត្ថភាព និងអាចប្រកួតឈ្នះ ក្លិបខ្លួន។ 
 
គ្រូបង្វឹករូបនេះ និយាយដោយមានការប្រុងប្រយ័ត្ន និងមិនមើលស្រាលដៃគូបែបនេះថា៖«ក្លិបក្នុងលីគសុទ្ធតែអាចយកឈ្នះយើងបាន។ នេះ គឺជាបាល់ទាត់។ យើង តែងតែគោរព និងឲ្យតម្លៃគូប្រកួត ១០០ភាគរយ។ យើង មានគម្រោងសម្រាប់ជ័យជម្នះគ្រប់ប្រកួត ប៉ុន្ដែយើងត្រូវ ទទួលយកនៅ ការបរាជ័យ ដែលអាចនឹងកើតមាន សម្រាប់ក្រុម។»។

ក្រុមវិសាខា កំពុងហ្វឹកហាត់ នៅកីឡដ្ខានព្រីនស៍ រូបពីក្លិបវិសាខា
 
ឆ្លើយតបគូប្រកួតដែលមិនធ្លាប់ចាញ់ក្នុងលីគនេះ លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា ថាក្រុម នឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីយក៣ពិន្ទុ។ «យើង ដាក់គោលដៅដើម្បីឈ្នះ។ ៣ពិន្ទុ សម្រាប់យើង គឺសំខាន់ណាស់។ ការប្រកួតនេះ គឺយើងត្រៀម ដើម្បីភាពឈ្នះ។ ទាំងកីឡាករ គ្រូបង្វឹក បានដាក់គោលដៅ គឺត្រូវតែឈ្នះការប្រកួតនេះជាដាច់ខាត។»។ នេះជាការប្ដេជ្ញារបស់អគ្គលេខាធិការក្លិបវិសាខា។ 
 
ការប្រកួតនេះ មិនមែនជាការងាយស្រួលសម្រាប់វិសាខា និងព្រះខ័នរាជស្វាយរៀង ដែលសុទ្ធតែជាក្រុមខ្លាំងនៅក្នុងលីគកំពូលកម្ពុជានេះ។ ដោយឡែក ជើងទីមួយ នៅថ្ងៃទី២៣ ខែមេសា វិសាខា ចាញ់ ព្រះខ័នរាជស្វាយរៀង រួចមកហើយ ក្នុងលទ្ធ២-១ នៅកីឡដ្ឋានព្រីនស៍។
 
ដោយឡែកស្របពេលជាមួយគ្នានេះ ណាហ្គាវើលដ៍ នឹងប្រើប្រាស់កីឡដ្ឋានស្ដាតចាស់ ទទួលក្រុមអង្គរថាយហ្គឺរ បន្ទាប់ពីការប្រកួត រវាង បឹងកេត និងភ្នំពេញក្រោន នៅកីឡដ្ឋាន Cambodian Airway និង ការប្រកួតរវាង គិរីវង់សុខសែនជ័យ និងក្លិបទ័ព នៅទីលានបាល់ទាត់គិរីវង់សុខសែនជ័យ នៅវេលាម៉ោង ៣:៤៥រសៀល៕
 

Tag:
 បាល់ទាត់
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com