កីឡាជាតិ
ជាតិ
AFF U-16​៖ កម្ពុជា យកឈ្នះអូស្ដ្រាលី ជាលើកដំបូង
05, Aug 2022 , 5:22 pm        
រូបភាព
ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជាមួយ អូស្ដ្រាលី
ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជាមួយ អូស្ដ្រាលី
ក្រុមបាល់ទាត់កម្ពុជា U-16 បានទទួលជ័យជម្នះ លើក្រុមអូស្ដ្រាលី ជាលើកដំបូងក្នុងព្រឹត្តិការណ៍ AFF U-16 Championship នៅកីឡដ្ឋាន Magowoharjo ក្រុង Sleman ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៥ ខែសីហា ក្នុងលទ្ធផល៤-២។


នាដើមតង់ទីមួយ កីឡាករកម្ពុជា វ៉ារ ដេវីន បានស៊ុតបញ្ចូលទី នាទី១ តាមរយៈការស៊ុតពីចម្ងាយ ផុតអ្នកចាំទីរបស់អូស្ដ្រាលី ឲ្យកម្ពុជានាំមុខអូស្ដ្រាលី លទ្ធផល១-០។ នៅដើមតង់ទីមួយ កម្ពុជា បានដាក់សម្ពាធយ៉ាងខ្លាំងមក U-16 អូស្ដ្រាលី ដោយមានការស៊ុតជាច្រើនលើក តែត្រូវអ្នកចាំទីអូស្ដ្រាលី ជួយសង្គ្រោះបាន។ 
 
លុះចូលមកដល់នាទី២៤ កីឡាករ ស៊ូ មេងហុង រកបាន១គ្រាប់ទៀត បន្ទាប់ពីមានការបញ្ជូនបាល់ពី សួន មករា ខ្សែបម្រើការពារកម្ពុជា នាំឲ្យលទ្ធផល២-០។ ជាមួយនិងការដាក់សម្ពាធរបស់កម្ពុជានេះ អូស្ដ្រាលី មានឱកាសខ្លះដែរ តែមិនអាចបញ្ចប់ទីបាន ដោយសារតំបន់ការពារកម្ពុជា មានភាពរឹងមាំ។ 
 
អូស្ដ្រាលី ទទួលបានបាល់ពិន័យ១១ម៉ែត្រនៅនាទី៣៨ ដោយកីឡាករ Ayman Gulasi របស់អូស្ដ្រាលី អ្នករ៉ាប់រង។ លទ្ធផលកម្ពុជា នាំមុខអូស្ត្រាលី ២-១ បន្ដដល់ចប់តង់ទី១។
ចូលមកដល់តង់ទី២ កម្ពុជា នៅតែបន្ដទម្រង់ល្អ ដូចជាតង់ទី១ដែរ ដោយព្យាយាមបញ្ចប់ទី តែត្រូវអ្នកចាំទី របស់អូស្ដ្រាលីជួយបានជាច្រើនលើក។ ការប្រកួតជាក់ស្ដែងនៅលើទីលាន កីឡាករកម្ពុជា មានការពិបាកក្នុងការប្រជែងយកបាល់បន្ដិច ព្រោះកាយសម្បទាតូចជាង អូស្ដ្រាលី។ 
 
នៅនាទី៧៤ កីឡាករ សួន មករា រកបានគ្រាប់បាល់ទី២ របស់ខ្លួន ហើយក៏ជាគ្រាប់បាល់ទី៣ សម្រាប់ក្រុមកម្ពុជា ផងដែរ បន្ទាប់ពីប្រជែងយកបាល់ពី កីឡាករអូស្ដ្រាលី រួចក៏បណ្ដើរស៊ុតបញ្ចូលទី។ បើទោះជាមានការរារាំងពីខ្សែការពាររបស់អូស្ដ្រាលី ៣នាក់ក៏ដោយ កីឡាករកម្ពុជារូបនេះ នៅតែអាចសម្រេចទីបាន។
 
អូស្ដ្រាលី វាយបកបាន១គ្រាប់ទៀត នៅនាទី៨២ បន្ទាប់ពីអ្នកចាំទីកម្ពុជា រុន ចុងមីង មិនអាចសង្គ្រោះបាល់ស៊ុតពីចម្ងាយរបស់កីឡាករអូស្ត្រាលី។ លទ្ធផលគិតត្រឹមនាទី៨៩ កម្ពុជា នាំមុខ អូស្ដ្រាលី ៣-២។ អូស្ដ្រាលី ដាកសម្ពាធមកកម្ពុជាវិញ កាន់តែខ្លាំងដោយមានបាល់ទាត់ជ្រុងជាច្រើនលើកច្រើនសារ។ ចូលនាទី៩០ កម្ពុជា រកបានមួយគ្រាប់ទៀត ដោយកីឡាករ ស៊ូ ម៉េងហុង និងជាគ្រាប់បាល់ទី២របស់កីឡាកររូបនេះ។ បញ្ចប់តង់កម្ពុជា ឈ្នះ អូស្ដ្រាលី ៤-២។ នេះជាជ័យជម្នះលើកទីដំបូងរបស់កម្ពុជា លើអូស្ត្រាលី។
 
គួរបញ្ចាក់ថា អូស្ដ្រាលី ធ្លាបឈ្នះកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ ៣លើករួចមកហើយ ។ ជម្រើសជាតិ U-16 អូស្រ្តាលី ក៏ធ្លាប់គ្រងជើងឯក២សម័យកាលដែរ គឺនៅឆ្នាំ២០០៨ និង២០១៦។ ការយកឈ្នះលើកម្ពុជា ៣លើកកាលពីពេលមុននោះ U-16 កម្ពុជា ស្ទើរតែមិនអាចរកគ្រាប់បាល់វាយបកបាន។ នៅឆ្នាំ២០១៣ U-16កម្ពុជា ចាញ់ ៤-០, ២០១៥ បរាជ័យក្នុងលទ្ធផល៤-០ និងឆ្នាំ២០១៩ កម្ពុជា ចាញ់ក្នុងលទ្ធផល ៣-១។ កម្ពុជា នៅមានមួយប្រកួតទៀត នៅថ្ងៃទី៨ ខែសីហា ជាមួយក្រុមជម្រើសជាតិ U-16 មីយ៉ាន់ម៉ា នៅកីឡដ្ឋានMagowoharjo សម្រាប់វគ្គជម្រុះក្នុងពូល C៕
 

Tag:
 បាល់ទាត់
  AFF U-16 Championship
© រក្សាសិទ្ធិដោយ thmeythmey.com