កីឡាជាតិ
ជាតិ
អត្តពលិកប៉ារ៉ាហ្គេមកម្ពុជាឈ្នះសរុបមេដាយ២៨ ក្នុងនោះមាស៧ ពីព្រឹត្តិការណ៍នៅឥណ្ឌូណេស៊ី
06, Aug 2022 , 4:59 pm        
រូបភាព
ក្រុមអត្ដពលិកកីឡាបាល់ទះអង្គុយកម្ពុជា ទទួលម~៊ានប៉ារ៉ាហ្គេមលើកទី១១ បន្ទាប់ពីឈ្នះក្រុមថៃ
ក្រុមអត្ដពលិកកីឡាបាល់ទះអង្គុយកម្ពុជា ទទួលម~៊ានប៉ារ៉ាហ្គេមលើកទី១១ បន្ទាប់ពីឈ្នះក្រុមថៃ
កម្ពុជា ឈ្នះបានមេដាយសរុបចំនួន២៨  ពីព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ មេដាយសរុបចំនួន២៨នោះ មានមេដាយមាស៧, ប្រាក់១០ និងសំរិទ្ធ១១។

 
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៦ ខែសីហា។ អត្តពលិកកម្ពុជា ធ្វើបានល្អក្នុងការដណ្ដើមមេដាយ ដោយឈ្នះមេដាយលើសការរំពឹងទុកទៅទៀត។ ខាងក្រោមនេះជាបញ្ជីមេដាយរបស់កម្ពុជា៖

កីឡាករ ខូយ កុយ  ម្ចាស់មេដាយប្រាក់កីឡាហែលទឹក

កីឡាអត្ដពលកម្ម មេដាយសរុប១៥ មាស៤, ប្រាក់៧ និងសំរិទ្ធ៣

 
កីឡាការិនី វ៉ិត ចាន់ថា រកបានមេដាយមាស២ លើវិញ្ញាសាលោតចម្ងាយ និងរត់៤០០ម៉ែត្រ និងឈ្នះមេដាយប្រាក់១ លើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ។ 
 
កីឡាករ ហៀ ហុក ឈ្នះមេដាយប្រាក់២ វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 និង សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ ប្រភេទT53។ 
 
កីឡាករ វ៉ាន់ វ៉ុន ឈ្នះមេដាយប្រាក់២ លើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទT54 និង លើវិញ្ញាសាប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ ប្រភេទT54។ 
 
កីឡាករ ឈន់ ពន់ ឈ្នះមេដាយសំរឹទ្ធ១គ្រឿង សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ ប្រភេទ T53។ 
 
កីឡាការិនី ងួន រតនា ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទT46 និងមេដាយប្រាក់២ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទT46 និងវិញ្ញាសា៨០០ម៉ែត្រ (ប្រភេទ T46)។
 
កីឡាការិនី ស្រ៊ុន ប៊ុនថេង ដណ្តើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ។ 
 
កីឡាករ ប៊ុង ហុង ដណ្តើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ។
 
 កីឡាករប្រណាំងរទេះជនពិការកម្ពុជា ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាប្រណាំងរទេះបណ្ដាក់ ១០០ម៉ែត្រ ៤ x ៤។ 
 
កីឡាករ វ៉ាន់ សុចិន ដណ្ដើមបានមេដាយសំរិទ្ធ១ លើវិញ្ញាសាលោតចម្ងាយ។
 
កីឡាបាល់បោះ មេដាយសរុប២ មាស១ និងសំរិទ្ធ១
 
អត្ដពលិកកីឡាបាល់បោះរទេះនារី កម្ពុជា ឈ្នះបានមេដាយមាស១ លើវិញ្ញាសា ៣ទល់៣ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា បន្ទាបពីយកឈ្នះលើ អត្ដពលិកថៃ ក្នុងលទ្ធផល៧-៥ និងមេដាយសំរិទ្ធ១ បានពីក្រុមបាល់បោះបុរសជិះទេះកម្ពុជា បន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី លទ្ធផល៩-៥។
 
ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា បានត្រឹមគ្រងមេដាយប្រាក់ ក្រោយចាញ់ក្រុមថៃ ក្នុងលទ្ធផល ៣៩-៥០។
 
កីឡាហែលទឹក មេដាយសរុប៦ ប្រាក់២ និងសំរិទ្ធ៥
 
កីឡាករហែលទឹកជនពិការកម្ពុជា ខូយ កុយ ដណ្ដើមបានមេដាយប្រាក់២ លើវិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ប្រភេទSB7 និងវិញ្ញាសា ហែលកង្កែប៥០ម៉ែត្រ។
 
ចំណែកឯ កីឡាករហែលទឹកកម្ពុជា យ៉ុន មួយ ដណ្ដើមបានមេដាយប្រាក់១ លើវិញ្ញាសាហែល ២០០ម៉ែត្រ ៤របៀប និងមេដាយសំរិទ្ធ១ លើវិញ្ញាសាហែល ៥០ម៉ែត្រ របៀបមេអំបៅ។
 
អត្ដពលិកហែលទឹកម្នាក់ទៀត លោក យ៉ាវ វណ្ណៈ ដណ្ដើមបានមេដាយសំរឹទ្ធ៣ លើវិញ្ញាសាហែល ២០០ម៉ែត្រ ៤របៀប, ១០០ម៉ែត្រ និងហែល៥០ម៉ែត្រសេរី។ 
 
កីឡាករ ជុំ ជូ  ឈ្នះមេដាយសំរឹទ្ធ១ លើវិញ្ញាសាហែលកង្កែប ៥០ម៉ែត្រ។
 
កីឡាវាយកូនឃ្លីលើតុ
កីឡាករឯក ញាណសមុទ្រ និងកីឡាករ ពៅ ណុច ឈ្នះមេដាយសំរិទ្ធ១ លើវិញ្ញាសាវាយជាគូបុរស។
 
អុកអន្ដរជាតិ
 
អត្តពលិកពិការកម្ពុជា ជា ស៊ីដេត និង ប៉ែន រ័ត្នទីណា ឈ្នះមេដាយសំរឹទ្ធ១ លើកីឡាអុកអន្តរជាតិ វិញ្ញាសាក្រុម។
 
កីឡាប៊ូស្យា 
 
កីឡាការិនីប៊ូស្យារបស់កម្ពុជា សន សាល ប្រភេទពិការ BC 2   ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាឯកត្តជន នៅថ្ងៃទី៣ ខែសីហា។

កីឡាបាល់ទះអង្គុយជនពិការ
 
អត្ដពលិកពិការកីឡាបាល់ទះអង្គុយកម្ពុជា ដណ្ដើមបានមេដាយមាស១ ក្រោយយកឈ្នះ ក្រុមអត្ដពលិកថៃ ដោយលទ្ធផល ៣-១សិត (២៥-២៣, ២៥-២២, ១៩-២៥, ២៥-២២) ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
 
គួរបញ្ជាក់ថាការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា នៅប្រទេសូឡូ ប្រទេសឥណ្ឌូណេស៊ី បានដាក់១៤ប្រភេទកីឡា។ កម្ពុជា បានបញ្ជូនអត្ដពលិក១១៣នាក់ ដើម្បីប្រកួតលើ១១ប្រភេទកីឡា៕
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com