កីឡាជាតិ
ជាតិ
ម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរ អបអរការវិលត្រឡប់មកវិញនៃទេសចរណ៍ និងត្រៀមស្វាគមន៍ស៊ីហ្គេម
06, Aug 2022 , 5:59 pm        
រូបភាព
អត្ដពលិក រត់ម៉ារ៉ាតុន ក្នុងព្រឹត្តិការណ៍ នាឆ្នាំ២០១៩ រូបពី ម៉ារ៉ាតុនខ្មែរអន្ដរជាតិ
អត្ដពលិក រត់ម៉ារ៉ាតុន ក្នុងព្រឹត្តិការណ៍ នាឆ្នាំ២០១៩ រូបពី ម៉ារ៉ាតុនខ្មែរអន្ដរជាតិ
លោក សែម ផល្លា អ្នកគ្រប់គ្រងទូទៅនៃព្រឹត្តិការណ៍ម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរ ថាព្រឹត្តិការណ៍ នាថ្ងៃទី៧ ខែសីហានេះ ធ្វើឡើងដើម្បីស្ដារ និងពង្រីកនូវសក្ដានុពល នៃវិស័យទេសចរណ៍ ដ៏សម្បូរបែបនៅខេត្តសៀមរាប បន្ទាប់ពីធ្លាក់ចុះអំឡុងពេលកូវីដ-១៩ និងធ្វើដើម្បីប្រមូលថវិកា សម្រាប់សប្បុរសធម៌ ជាពិសេសទៀតនោះ ដើម្បីចូលរួមអបអរ ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។



គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុនអន្ដរជាតិដោយផ្អែកលើគោលដៅសំខាន់ៗជាច្រើន។ លោក សែម ផល្លា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការធ្វើព្រឹត្តិការណ៍ម៉ារ៉ាតុននេះ ដើម្បីទាកទាញភ្ញៀវទេសចរណ៍ ឲ្យមកខេត្តសៀមរាប ព្រោះអំឡុងខែនៃរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ហើយចំនួនភ្ញៀវទេសចរណ៍មានការធ្លាក់ចុះ។

គោលការណ៍ក្រសួងទេសចរណ៍ គឺតម្រូវឲ្យគណៈកម្មការរៀបចំ ត្រូវធ្វើព្រឹត្តិការណ៍មួយ ដើម្បីទាក់ទាញ់ភ្ញៀវទេសចរណ៍។ មួយវិញទៀត ព្រឹត្តិការណ៍នេះ នឹងបញ្ជាក់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ពីដំណើរការឡើងវិញ នូវវិស័យទេសចរណ៍ នៅខេត្តសៀមរាប បន្ទាប់ពីរាំងស្ទះដោយការរីករាលដាលនៃជំងឺកូវីដ-១៩។


អត្ដពលិក រត់ម៉ារ៉ាតុន ក្នុងព្រឹត្តិការណ៍ នាឆ្នាំ២០១៩ រូបពី ម៉ារ៉ាតុនខ្មែរអន្ដរជាតិ

អ្នកគ្រប់គ្រងរូបនេះ បន្ថែមថា គោលដៅសំខាន់មួយទៀតនោះ គឺរាល់ព្រឹត្តិការណម៉ារ៉ាតុន ដើម្បីប្រមូលថវិការ ចូលរួមក្នុងសកម្មភាពមនុស្សធម៌។ «សុខភាព ទេសចរណ៍ និងមនុស្សធម៌ ទាំង៣នេះ គឺដើរទន្ទឹមគ្នា។ ពេលចប់ព្រឹត្តិការណ៍ម៉ារ៉ាតុននីមួយៗ យើង តែងមានពិធីផ្ដល់អំណោយ និងថវិការទៅកាន់មន្ទីរពេទ្យ និងអង្គការសប្បុរសធម៌មួយចំនួន។»។

ព្រឹត្តិការណ៍កីឡាមួយនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដែលនឹងធ្វើទៅនៅថ្ងៃទី៥-១៦ ខែឧសភា ឆ្នាំ២០២៣ ផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ម៉ារ៉ាតុននៅអំឡុងខែសីហានេះ បានខកខានអស់រយៈពេល២ឆ្នាំរួចមកហើយ ដោយសារបញ្ហាកូវីដ-១៩។ ព្រឹត្តិការណ៍ចុងក្រោយ នៅឆ្នាំ២០១៩ មានអ្នកចូលរួមប្រមាណជាង៤០០០នាក់។ ដោយឡែក ម៉ារ៉ាតុន នាថ្ងៃទី៧ ខែសីហានេះ មានអ្នកចូលរួម២១០០នាក់។ បើទោះជាចំនួនតិចជាងឆ្នាំ២០១៩ លោក សែម ផល្លា ចាត់ទុកថាជាការចូលរួមដ៏ល្អ និងជោគជ័យមួយចំណែកធំ ព្រោះជាការចាប់ផ្ដើមម្ដងទៀតក្រោយកូវីដ-១៩៕
 

Tag:
 ម៉ារ៉ាតុន
  Marathon
© រក្សាសិទ្ធិដោយ thmeythmey.com