ជាតិ
មន្ត្រីបរិស្ថាន៖ ប៉មមើលទេសភាពចូលរួមទប់ស្កាត់បទល្មើស និងជំរុញទេសចរណ៍
06, Aug 2022 , 8:59 pm        
រូបភាព
ប៉មមើលទេសភាព ក្នុងតំបន់ការពារ ក្នុងខេត្តឧត្ដរមានជ័យ។ រូបភាពក្រសួងបរិស្ថាន។
ប៉មមើលទេសភាព ក្នុងតំបន់ការពារ ក្នុងខេត្តឧត្ដរមានជ័យ។ រូបភាពក្រសួងបរិស្ថាន។
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានផ្ដល់ប៉មមើលទេសភាពចំនួន២ទៀត ទៅកាន់ខេត្តឧត្ដរមានជ័យ។ តាមរយៈការសាងសង់ប៉មនេះ ប្រធានមន្ទីរបរិស្ថានខេត្ត លើកឡើងថា ប៉មមើលទេសភាពនេះជួយពង្រឹងការអភិរក្ស និងជំរុញវិស័យទេសចរណ៍ធម្មជាតិឱ្យកាន់តែប្រសើរឡើង។


 
មកទល់ពេលនេះ ក្នុងខេត្តឧត្ដរមានជ័យ មានប៉មមើលទេសភាពចំនួន៤ហើយ ដែលត្រូវបានកសាងឡើង នៅក្នងតំបន់បឹងស្នោរ ក្រុងសំរោង និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។ ប៉មមើលទេសភាពនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង បម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលទាក់ទាញទេសចរ។ 
 
ជុំវិញការស្ថាបនាប៉មនេះ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ យល់ឃើញថា ប៉មមើលទេសភាពនេះ ផ្តល់ជាមធ្យោបាយ ពង្រឹងការពិនិត្យ និងតាមដាន ព្រមទាំងចាត់វិធានការឆ្លើយតបសកម្មភាពបទល្មើស កាន់តែប្រសើរថែមទៀត។ លោកលើកឡើងបែបនេះ នាយុទ្ធនាការផ្សព្វផ្សាយ សក្កានុពលធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ក្នុងខេត្តឧត្តរមានជ័យ។
 
នាឱកាសនោះ លោក និយាយថា ប៉មទាំងនោះ ជំរុញវិស័យទេសចរណ៍ តាមរយៈការមើលទេសភាពព្រៃឈើ និងសត្វព្រៃ ដែលរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សាភ្ជាប់ទឹកដី និងជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។
 
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍វិញ ប្រធានមន្ទីរបរិស្ថានរូបនេះ ប្រៀបធៀបតំបន់ទេសចរណ៍ធម្មជាតិ ជាពិសេសនៅតំបន់ការពារធម្មជាតិ ដូចនឹងកូនក្រមុំលាក់ខ្លួនដូច្នោះដែរ។ លោកបន្តថា ស្របពេលតំបន់ការពារធម្មជាតិចំនួន ៣កន្លែង និងរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានព្រៃឈើស្រស់ស្អាត សត្វព្រៃ ក៏ដូចជាសត្វស្លាបកម្រនោះ ធនធានធម្មជាតិទាំងនោះ ក៏រងការគំរាមកំហែងជិតផុតពូជផងដែរ។ 
 
គួរជម្រាបផងដែរថា ការសាងសង់ប៉មមើលទេសភាពនេះ ក្រសួងបរិស្ថានក្នុងជំហានដំបូងគ្រោងសាងសង់ ចំនួន១០កន្លែង នៅក្នុងឆ្នាំ២០២២។ គម្រោងសាងសង់របស់ក្រសួងបរិស្ថាននេះ ក្នុងគោលបំណងលើកកម្ពស់ទេសភាពនៅតាមតំបន់ការពារធម្មជាតិ និងជំរុញការទាក់ទាញយកផលប្រយោជន៍តាមរយៈទេសចរដែលមកកម្សាន្តនៅក្នុងតំបន់ធម្មជាតិនេះផងដែរ៕
 

Tag:
 ប៉មមើលទេសភាព
  ឧត្ដរមានជ័យ
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com