សង្គមអន្តរជាតិ​
អន្តរជាតិ
អាជ្ញាធរបេណាំងចេញលិខិតសរសើរដល់កសិករម្នាក់ដែលរើសលុយបាន១កាបូប ហើយស្វែងរកម្ចាស់ដើម្បីប្រគល់ឲ្យវិញ
06, Aug 2022 , 10:29 pm        
រូបភាព
ដោយ: ធីតា
កសិករម្នាក់នៅប្រទេសបេណាំង ទទួលបានបណ្ណកិត្តិយសពីអាជ្ញាធររបស់ខ្លួន ដោយតែបានបង្ហាញពីគំរូភាពដ៏ល្អមួយ។ លោក Baraka Amidou កាលពីពេលថ្មីៗកន្លងមកនេះ រើសបានកាបូបលុយមួយនាពេលលោកធ្វើដំណើរត្រឡប់ពីចម្ការរបស់ខ្លួន។ នៅក្នុងកាបូបនោះ មានទឹកប្រាក់១៤លានហ្វ្រង់អាហ្វ្រិកខាងលិច (CFA) ដែលស្មើជាង២ម៉ឺនដុល្លារអាម៉េរិក លោកបានស្វែងរកម្ចាស់ ហើយប្រគល់ជូនវិញ ដោយមិនទាមទារសារគុណ។

 
រស់នៅភាគខាងជើងនៃប្រទេសបេណាំង លោក Baraka Amidou មានភរិយា និងកូន៥នាក់។ ទោះបីជាស្ថានភាពគ្រួសារមិនសូវធូរធា ប៉ុន្តែលោករីករាយចំពោះការសម្រេចចិត្តភ្លាមៗក្នុងការប្រគល់កាបូបលុយដល់ម្ចាស់ដើម។ 
 
សារព័ត៌មាន BBC Afrique បានសាកសួរព័ត៌មានបន្ថែម តាមរយៈលោក Soule Mohamed Tairou ដែលជាក្មួយប្រុស ដោយសារលោក Amidou មិនចេះនិយាយភាសាបារាំង។ បុរសវ័យ៣៧ឆ្នាំរូបនេះ បានបញ្ជាក់ថា មកពីលោកមានការអប់រំច្បាស់លាស់តាមសាសនា ហេតុដូច្នេះ គ្មានអ្វីដែលត្រូវសោកស្តាយឡើយក្នុងការប្រគល់កាបូបដល់ម្ចាស់ដើមវិញ។


 
ទង្វើរបស់លោក Amidou បានក្លាយជាគំរូដ៏ប្រពៃសម្រាប់ថ្នាក់ដឹកនាំ និងពលរដ្ឋនៅបេណាំង។ ក្រោយមក ថ្នាក់ដឹកនាំរដ្ឋ Borgou បានរៀបចំពិធីប្រគល់លិខិតសរសើរជូនកសិកររូបនេះ ជាមួយកញ្ចប់ថវិកាលើកទឹកចិត្តមួយចំនួន។ លោក Djibril Mama អភិបាលរដ្ឋ Borgou បានកត់សម្គាល់ថា៖ «សម័យកាលបច្ចុប្បន្ន សកម្មភាពមួយចំនួនបានធ្វើឲ្យតម្លៃមនុស្សកាន់តែបាត់បង់ទៅ ប៉ុន្តែបុរសម្នាក់បានស្ថាបនានូវទង្វើល្អឡើងវិញ»។
 
សូមបញ្ជាក់ថា ក្រោយរើសបានកាបូបលុយ លោក Amidou បានប្រកាសរកម្ចាស់កាបូបភ្លាមៗ ដោយរកមិនឃើញលោកបានទៅជួបមេភូមិរបស់ខ្លួន ដើម្បីឲ្យជួយស្វែងរក។ តាមប្រភពព័ត៌មានរបស់បេណាំង ម្ចាស់កាបូបគឺជាអ្នកជំនួញម្នាក់ ដែលដើររកទិញគ្រាប់ធុញ្ញជាតិនៅក្នុងតំបន់។
 
ក្រោយប្រគល់កាបូបលុយ ម្ចាស់កាបូបបានព្យាយាមសងសារគុណ  ប៉ុន្តែលោក Amidou បដិសេធ ហើយដោយសារតែមានការបង្ខំ និងស្នើឲ្យយោគយល់ច្រើនពេក ទើបលោកសម្រេចទទួលយក ៥០ ០០០ FCFA ដែលស្មើជាង៧៧ដុល្លារអាម៉េរិក។
 
រឿងរ៉ាវស្រដៀងគ្នា ក៏ធ្លាប់បានកើតឡើងផងដែរនៅប្រទេសលីបេរី ដោយអ្នកបើកបរតាក់ស៊ីម្នាក់ឈ្មោះ Emmanuel Tolue រើសបានលុយ៥ម៉ឺនដុល្លារអាម៉េរិក។ លោកបានប្រគល់ជូនម្ចាស់វិញទាំងអស់។ ជាការលើកទឹកចិត្តលោកប្រធានាធិបតី George Weah បានរៀបចំពិធីជួបយុវជន Tolue ដោយផ្ទាល់ ហើយប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត និងអាហារូបករណ៍សិក្សាផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com