អន្តរជាតិ
លោក ប្លីងខិន និងលោក Marcos Jr ជជែកពីការពង្រឹងទំនាក់ទំនងឱ្យរឹងមាំ ខណៈមានភាពតានតឹងក្នុងតំបន់
06, Aug 2022 , 6:29 pm        
រូបភាព
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ជជែកជាមួយប្រធានាធិបតីហ្វលីលីពីន លោក Ferdinand Marcos Jr។ រូបភាព៖ AP
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ជជែកជាមួយប្រធានាធិបតីហ្វលីលីពីន លោក Ferdinand Marcos Jr។ រូបភាព៖ AP
ដោយ:
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅថ្ងៃទី៦ ខែសីហា បានជួបពិភាក្សាគ្នានៅក្រុងម៉ានីលជុំវិញការពង្រឹងសម្ព័ន្ធភាពដ៏មាំទាំរបស់ប្រទេសទាំងពីរ។ ជំនួបនេះធ្វើឡើងអំឡុងចិនដែលខឹងសម្បារនឹងអាម៉េរកជុំវិញទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់។

 
បន្ទាប់ចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ទៅដល់ហ្វីលីពីននៅយប់ថ្ងៃទី៥ ខែសីហា។ លោក ប្លីងខិន ជាមន្រ្តីជាន់ខ្ពស់បំផុតរបស់អាម៉េរិកហើយដែលបានទៅបំពេញទស្សនកិច្ចនៅក្រុងម៉ានីល តាំងពីលោក Ferdinand Marcos Jr ចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី៣០ ខែមិថុនា។ 
 
ប្រមុខការទូតអាម៉េរិក បានជួបជាមួយលោក Marcos Jr នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីម៉ានីល ដោយបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាសម្ព័ន្ធមិត្តចាស់នឹងគ្នា ស្របពេលភាពតានតឹងនៅតំបន់កំពុងកើនឡើងរួមមានបញ្ហាតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូងជាដើម។
 
« សម្ព័ន្ធមិត្តគឺរឹងមាំ ហើយខ្ញុំជឿថានឹងអាចអភិវឌ្ឍទៅមុខកាន់តែខ្លាំងក្លាជាងនេះ»។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន AFP  ស្រង់សម្តីដែលលោក ប្លីងខិន ប្រាប់មេដឹកនាំហ្វីលីពីន។ 
 
ខណៈសន្យាដឹកនាំប្រទេសមិនឱ្យងាកទៅមហាអំណាចណាមួយ អំឡុងជំនួបនេះលោក Marcos Jr បានសរសើរពីទំនាក់ទំនងដ៏ពិសេសរវាងប្រទេសទាំងពីរ។ អាម៉េរិក និងហ្វីលីពីនមានកិច្ចព្រមព្រៀងការពារទៅវិញទៅមកឆ្នាំ១៩៥១។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យភាគីទាំងពីរជួយគ្នាទៅវិញទៅមកក្នុងករណីរងការវាយប្រហារពីភាគីទីបី។ ក្រុងវ៉ាស៊ីនតោនក៏បានគាំទ្រសម្ព័ន្ធមិត្តចាស់របស់ខ្លួនប្រឆាំងនឹងសកម្មភាពបង្ករឿងរបស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ។
 
ជំនួបរវាងលោក ប្លីងខិន និងលោក Marcos Jr ធ្វើឡើងស្របពេលចិនកំពុងធ្វើសមយុទ្ធយោធាបាញ់មីស៊ីលផ្លោងនៅតំបន់ចំនួន ៦ ជុំវិញកោះតៃវ៉ាន់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា។ ដោយខឹងសម្បារនឹងទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក ក្រុងប៉េកាំងថែមទាំងបានបញ្ជូននាវា និងយន្តហោះចម្បាំងទៅច្រកសមុទ្រតៃវ៉ាន់ជាការព្រមានទៀតផង។ កងទ័ពរំដោះប្រជាជនចិន (PLA) ក៏បានប្រកាសតំបន់គ្មានការហោះហើរលើកន្លែងធ្វើសមយុទ្ធផងដែរដែលនេះបានបង្អាក់ផ្លូវដឹកជញ្ជូនដ៏មមាញឹកនៅច្រកសមុទ្រតៃវ៉ាន់។
 
សមយុទ្ធនេះត្រូវបានអាម៉េរិក និងសម្ព័ន្ធមិត្តបារម្ភជាខ្លាំងពីស្ថិរភាពក្នុងតំបន់។ នៅថ្ងៃទី៥ ខែសីហា ប្រមុខការទូតអាម៉េរិកចេញមុខរិះគន់ថាសមយុទ្ធយោធារបស់ក្រុងប៉េកាំងដែលព័ន្ធជុំវិញកោះតៃវ៉ាន់បង្កឱ្យស្ថានភាពយ៉ាងតែយ៉ាប់យ៉ឺន ស្របពេលក្រសួងការបរទេសក្រុងម៉ានីលដែលមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយក្រុងតៃប៉ិដូចជាជំរុញឱ្យភាគីពាក់ព័ន្ធចរចា និងអត់ធ្មត់ដោះស្រាយបញ្ហនេះ៕
 

Tag:
 អាម៉េរិក
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com