អន្តរជាតិ
លោកប្លីងខិន ចោទចិនគ្មានការទទួលខុសត្រូវ បន្ទាប់ពីផ្អាកការទំនាក់ទំនងលើវិស័យចំនួន៨
07, Aug 2022 , 4:29 pm        
រូបភាព
លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
ប្រមុខការទូតអាម៉េរិក លោកអាន់តូនី ប្លីងខិន នៅថ្ងៃទី៦ ខែសីហា បានចោទចិនថា ប្រើប្រាស់ចំណាត់ការគ្មានការទទួលខុសត្រូវ បន្ទាប់ពីក្រុងប៉េកាំងផ្អាកប្រព័ន្ធទំនាក់ទំនងលើវិស័យសំខាន់ៗចំនួន ៨ ជាមួយក្រុងវ៉ាស៊ីនតោន ដើម្បីជាចំណាត់ការឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់លោកស្រី  ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់។

 
ដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក បានធ្វើឱ្យភាពតានតឹងរវាងអាម៉េរិក និងចិន កាន់តែខ្លាំងថែមទៀត បន្ទាប់ពីក្រុងប៉េកាំងបានផ្អាកប្រព័ន្ធទំនាក់ទំនងសំខាន់ៗរហូតដល់ ៨ ជាមួយក្រុងវ៉ាស៊ីនតោន។ ប្រព័ន្ធទំនាក់ទំនងសំខាន់ៗទាំង៨ នោះមានដូចជា ការគ្រប់គ្រងសារធាតុនីកូទីន, ការពារជាតិ, ឧក្រិដ្ឋកម្មឆ្លងដែន និងបម្រែបម្រួលអាកាសធាតុជាដើម។ 
 
យ៉ាងណាមិញ ការផ្អាកនេះ ត្រូវបានរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ហៅថាជាចំណាត់ការមិនទទួលខុសត្រូវ។ 
 
«វិស័យទាំងនោះដោយមានការទំនាក់ទំនងយោធា និងយោធា គឺសំខាន់ ដើម្បីបញ្ចៀសភាពយល់ខុស និងវិបត្តិ»។ លោកប្លីងខិន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉ានីល នៅថ្ងៃទី៦ ខែសីហា ដោយបន្តថា ការផ្អាកកិច្ចសហប្រតិបត្តិការអាកាសធាតុ មិនត្រឹមដាក់ពិន័យលើអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែវានឹងដាក់ទណ្ឌកម្មដល់ពិភពលោក រួមទាំងប្រទេសកំពុងអភិវឌ្ឍផង។ 
 
ក្នុងសារច្បាស់ៗទៅកាន់ក្រុងប៉េកាំង ប្រមុខការទូតអាម៉េរិក បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបន្តរក្សាប្រព័ន្ធទំនាក់ទំនងជាមួយក្រុងប៉េកាំងឱ្យបើកចំហ ក្នុងគោលបំណងបញ្ចៀសការរីកសាយនៃភាពយល់ច្រឡំ និងការយល់ខុសផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
 
ក្នុងថ្ងៃដដែល លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានចោទលោកប្លីងខិនថា និយាយមិនពិតពីចិន ហើយថែមទាំងព្រមានថា កុំធ្វើសកម្មភាពដោយខ្វះការពិចារណា និងកុំបង្កវិបត្តិកាន់តែធំ។
 
សូមបញ្ជាក់ថា យោធានៅចិន នៅថ្ងៃទី៧ ខែសីហា នៅតែបន្តធ្វើសមយុទ្ធយោធានៅជុំវិញដែនទឹក និងដែនអាកាសជុំវិញតៃវ៉ាន់ ដើម្បីព្រមានកុំឱ្យហ៊ានប្រកាសឯករាជ្យពីខ្លួន៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com