កីឡាជាតិ
ជាតិ
លោក ម៉ែន សីហា ភ្ជាប់ព្រឹត្តិការណ៍បង្ហាញម៉ូដ ជាមួយវិស័យកីឡា
07, Aug 2022 , 11:29 pm        
រូបភាព
លោក Oliva Kong ក្នុងកម្មវិធី Model Casting Break the Rule រូបពី Phnom Penh International Fashion
លោក Oliva Kong ក្នុងកម្មវិធី Model Casting Break the Rule រូបពី Phnom Penh International Fashion
លោក ម៉ែន សីហា ស្ថាបនិកនៃកម្មវិធី Cambodia’s Queen of The Catwalk ថាកម្មវិធីបង្ហាញម៉ូដជាច្រើន របស់ខ្លួនបានបង្កប់អត្ថន័យអប់រំក្នុងសង្គម។ ស្ថាបនិករូបនេះ ក៏គ្រោងនឹងរៀបចំការបង្ហាញម៉ូដ ដែលផ្សាភ្ជាប់ជាមួយវិស័យកីឡាផងដែរ តែលោក សីហា មិនទាន់បញ្ជាក់ច្បាស់ទេ គ្រាន់តែស្ថិតនៅក្នុងគម្រោងរៀបចំរបស់ខ្លួន។


 
លោក ម៉ែន សីហា ត្រូវបានមហាជន ស្គាល់ថាលោក Oliva Kong ដែលជាអ្នកឆ្នៃម៉ូដមួយរូប ឲ្យក្រុមហ៊ុន Queen Victoria ហើយក៏ជាម្ចាស់គម្រោង បង្ហាញម៉ូដជាច្រើនផងដែរ។ អ្នកឆ្នៃម៉ូដរូបនេះ បានរៀបចំការបង្ហាញម៉ូដ Model Casting Break The Rules ដែលនឹងធ្វើនៅថ្ងៃទី៣ ខែកញ្ញា។ លោក Oliva បានប្រាប់ពីអត្ថន័យ នៃការបង្ហាញម៉ូដនេះ មកកាន់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖«ការបង្ហាញម៉ូដ Break the Rules នេះ គឺមិនប្រកាន់ ខ្ពស់ ទាប់ ខ្មៅ ស ធាត់ ឬស្គមទេ ហើយអាចចូលរួមបានទាំងអស់។ Break the Rule គឺមានន័យថាលុបបំបាត់ការរើសអើងមនុស្ស។»។
 
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅ អ្នកច្នៃម៉ូដរូបនេះ បានធ្វើកម្មវិធីបង្ហាញម៉ូដ ”ជីវិតចុងក្រោយរបស់សត្វសមុទ្រ” ក្នុងអត្ថន័យដើម្បីបណ្ដុះគំនិតផ្សព្វផ្សាយ និងបណ្ដុះផ្នត់គំនិតពលរដ្ឋឲ្យចូលរួមថែរក្សាបរិស្ថានសមុទ្រកម្ពុជា។

កីឡាការិនី ជា សម្ភស្សក្នុងកម្មវិធីបង្ហាញម៉ូត រូបពីលោក Oliva Kong
 
លោក ម៉ែន សីហា បានបន្ថែមថា បច្ចុប្បន្នមានកីឡាករ និងកីឡាការិនី ប្រមាណជា ៤ ទៅ៥នាក់ ដែលកំពុងហាត់ដើរម៉ូដជាមួយនិងរូបលោក ដូចជា កីឡាការិនីការ៉ាតេ ស៊ន សៀវម៉ី និងកីឡាការិនីហែលទឹក ហែម ថុនវិទិនី។
 
ជាមួយគ្នានេះ កីឡាការិនី ជា សម្ភស្ស អ្នកចាំទីជម្រើសជាតិកម្ពុជាបាល់ទាត់នារី ក៏មានវត្តមានជាបេក្ខនារីប្រកួតបង្ហាញម៉ូដនេះផងដែរ ដោយពាក់ស្លាកលេខ៣១៣។ ជុំវិញចំណាប់អារម្មណ៍របស់ កញ្ញា ជា សម្ភស្ស មកសាកល្បងក្នុងវិស័យបង្ហាញម៉ូដយ៉ាងណានោះ កីឡាការិនីរូបនេះ សុំមិនបានបញ្ចេញ។
 
កម្មវិធីនេះ មានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ ដោយមានអ្នកចុះឈ្មោះជាង១៥០០នាក់ ហើយក្នុងនោះ លោក ម៉ែន សីហា ថានឹងយកចំនួន ៦០នាក់ដើម្បីចូលរួមបង្ហាញម៉ូដនៅថ្ងៃទី៣ ខែកញ្ញា។ ការជម្រុះយកបេក្ខភាពទៅ បង្ហាញម៉ូដនោះ សម្រេចនៅថ្ងៃទី៣ ខែសីហា៕
 
 

Tag:
 ម៉ែន សីហា
  បង្ហាញម៉ូដ
© រក្សាសិទ្ធិដោយ thmeythmey.com