ជាតិ
អាស៊ាន
លោកប្រាក់ សុខុន៖ កម្ពុជាដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានដោយជោគជ័យ
08, Aug 2022 , 9:59 am        
រូបភាព
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន នៅក្នុងទិវាអាស៊ាន ដែលរៀបចំនៅក្រសួងការបរទេស ក្នុងថ្ងៃទី៨ ខែសីហា។ រូបភាពយកពីការផ្សាយផ្ទាល់របស់ក្រសួងការបរទេស
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន នៅក្នុងទិវាអាស៊ាន ដែលរៀបចំនៅក្រសួងការបរទេស ក្នុងថ្ងៃទី៨ ខែសីហា។ រូបភាពយកពីការផ្សាយផ្ទាល់របស់ក្រសួងការបរទេស
ប្រមុខការទូតកម្ពុជា លោកប្រាក់ សុខុន នៅថ្ងៃទី៨ ខែសីហា បានបញ្ជាក់ថា កម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលរៀបចំឡើងនៅសប្តាហ៍មុន បានដោយជោគជ័យ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា នៅថ្ងៃទី៥ ខែសីហា ស្របពេលមានបញ្ហាតំបន់ និងពិភពលោកជាច្រើន។



 
 
កម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ស្របពេលមានភាពតានតឹងនៅកោះតៃវ៉ាន់ ជម្លោះនៅអ៊ុយក្រែន វិបត្តិនយោបាយមីយ៉ាន់ម៉ា រួមជាមួយបញ្ហាជាច្រើនទៀត។ យ៉ាងណាក៏ដោយ កម្ពុជាបានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកនេះ បានដោយជោគជ័យ។​
 
«ខ្ញុំពិតជារីករាយណាស់ក្នុងការអះអាងថា នៅសប្តាហ៍មុន កម្ពុជាអាចដឹកនាំកិច្ចប្រជុំអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធបានដោយជោគជ័យ»។ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបែបនេះនៅក្នុងទិវាអាស៊ាន ដែលរៀបចំឡើងនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងថ្ងៃទី៨ ខែសីហា។ បើតាមលោកប្រាក់ សុខុន កិច្ចប្រជុំនេះ បានធ្វើឡើងស្របពេលមានបញ្ហាសំខាន់ៗ, ការដាក់សម្ពាធមិនធ្លាប់មានពីមុន និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្នជាច្រើន។ 
 
នៅចំពោះមុខមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងមន្រ្តីទូតនៃបណ្តាប្រទេសផ្សេងៗ ប្រមុខការទូតកម្ពុជាបានបន្តថា អាស៊ាន នឹងផ្តោតលើកិច្ចខិតខំកសាងសហគមន៍ រួមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយដៃគូក្រៅតំបន់។ មិនតែប៉ុណ្ណោះ អាស៊ានមានភាពរឹងមាំ ក្នុងពេលដ៏ចាំបាច់ និងមិនច្បាស់លាស់នេះ។ 
 
កន្លងមក មន្រ្តីជប៉ុន បានអះអាងថាជប៉ុនមានការពេញចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំរបស់កម្ពុជា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន ខណៈប្រមុខការទូតសិង្ហបុរី បានសាទរកម្ពុជាលើភាពជោគជ័យនៃការៀបចំកិច្ចប្រជុំអាស៊ាន ស្របពេលមានភាពតានតឹងជាច្រើន។ 
 
ក្នុងវេទិកាដដែលនេះ ប្រមុខការទូតកម្ពុជាក៏បានទទួលស្គាល់ផងដែរថា ជាច្រើនទសវត្សរ៍កន្លងមកនេះ បញ្ហាប្រឈមនៅតែបន្តកើតមាន និងសាកល្បងពីសមត្ថភាពរបស់អាស៊ាន ទាក់ទិននឹងបញ្ហាសុខភាព សេដ្ឋកិច្ច រួមទាំងភូមិសាស្រ្តនយោបាយ៕
 

Tag:
 កម្ពុជា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com