កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Ten Hag ថា ចាញ់ Brighton ខ្សែការពារគ្មានកំហុសឡើយ
08, Aug 2022 , 11:10 am        
រូបភាព
អ្នកចាត់ការ Manchester United លោក Erik ten Hag ថ្ងៃទី៧ ខែសីហា បានអះអាងថា ប្រកួតចាញ់ក្រុម Brighton & Hove Albion នាថ្ងៃជំនួបបើកឆាកនៅ ​Old Trafford មិនអាចបន្ទោសតំបន់ខ្សែការពារបានឡើយ។

 
ក្រុមរហ័សនាមបិសាចក្រហម ខកខានឱកាសក្រសោបយក ៣ពិន្ទុដំបូងនៃថ្ងៃប្រកួតបើកឆាក Premier League ក្នុងទឹកដី Old Trafford ខ្លួនឯង ក្រោយចាញ់ក្រោមថ្វីជើងក្រុមភ្ញៀវ Brighton លទ្ធផល ២-១។ ២គ្រាប់​ Brighton ធ្វើបានដោយកីឡាករ Pascal Gross នៅនាទី ៣០ និង ៣៩ ចំណែក ១គ្រាប់របស់បិសាចក្រហមជាការស៊ុតចូលទីខ្លួនឯងពីកីឡាករ Brighton គឺ Alexis MacAllister នៅនាទី ៦៨។
 
Brighton យកជ័យជម្នះលើកដំបូងថ្ងៃបើកឆាក ហើយជាការឈ្នះក្រៅទឹកដីលើកដំបូងបង្អស់របស់ពួកគេនៅទឹកដី Old Trafford ដែលធ្វើឱ្យលោក Ten Hag រងបរាជ័យក្នុងការប្រកួតក្នុងក្របខណ្ឌផ្លូវការដំបូង តាំងពីពេលចូលដឹកនាំក្រុមបិសាចក្រហមកាលពីខែមិថុនាមក។ ក្រុមបិសាចក្រហមហាក់មិនមានការប្រែប្រួលទម្រង់លេងនៅឡើយ ហើយកីឡាករស្ថិតតំបន់ខ្សែបម្រើ និងខ្សែការពារបន្តរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកវិភាគ និងអ្នកគាំទ្រជាថ្មីម្តងទៀត។
 
ទោះយ៉ាងនេះក្តីអតីតគ្រូ Ajax វ័យ ៥២ឆ្នាំ បដិសេធថា កីឡាករតំបន់ការពារមិនរងការបន្ទោសឡើយ ។លោក Ten Hag មើលឃើញកំហុសធំ និងភាពរអាក់រអ៊ួលនៃទម្រង់ក្រុមត្រង់តំបន់បម្រើការពាររួមមាន ​Fred និង Scott Mctominay។
 
«វាមិនមែនដោយសារតែតំបន់ការពារឡើយ យើងការពារគឺធ្វើជាក្រុម តែយើងធ្វើមិនបានល្អសម្រាប់ការប៉ះបាល់នៅត្រង់តំបន់ខ្សែបម្រើ ហើយបានបង្កកំហុសដែលធ្វើឱ្យគូប្រជែងមានឱកាសវាយបកមកលើពួកយើង។»។ អ្នកចាត់ការវ័យ ៥២ឆ្នាំនិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះលោក Ten Hag ក៏បានអះអាងបន្ថែមថា ក្រុមបិសាចក្រហមក្រោយប្តូរ Cristiano Ronaldo បានផ្លាស់ប្តូរទម្រង់លេងល្អប្រសើជាងវគ្គទីមួយនៃការប្រកួតជាមួយ Brighton ហើយក្រុមរបស់លោកត្រូវការពេលវេលាបន្ថែម ដើម្បីពង្រឹងសមត្ថភាពកីឡាករឡើងវិញ។
 
ខាងក្រោមនេះជាលទ្ធផលប្រកួតសបា្តហ៍ទី១ នៅ Premier League៖
ក្រុមកាំភ្លើងធំ ​Arsenal ឈ្នះ Crystal Palace លទ្ធផល ២-០
ក្រុមហង្សក្រហម Liverpool ស្មើ Fulham លទ្ធផល ២-២
ក្រុមមាន់ខ្នាយមាស Tottenham Hotspur ឈ្នះ Southampton លទ្ធផល ៤-១
ក្រុម Leeds United ឈ្នះ Wolverhampton Wanderers លទ្ធផល ២-១
ក្រុម ​AFC Bournemouth ឈ្នះ Aston Villa លទ្ធផល ២-០
ក្រុម Everton ចាញ់ Chelsea លទ្ធផល ១-០
ក្រុម Leicester City ស្មើ Brentford លទ្ធផល ២​-២ 
ក្រុម West Ham United ចាញ់ Manchester City លទ្ធផល ២-០៕
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com