ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ តាំងពីឆ្នាំ៩៩មក កម្ពុជា ដើរតួនាទីយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន
08, Aug 2022 , 12:29 pm        
រូបភាព
សម្តេច ហ៊ុន សែន អានសារលិខិតរបស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូ ក្នុងទិវារម្លឹកខួប៥៥ឆ្នាំនៃការបង្កើតអាស៊ាន។
សម្តេច ហ៊ុន សែន អានសារលិខិតរបស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូ ក្នុងទិវារម្លឹកខួប៥៥ឆ្នាំនៃការបង្កើតអាស៊ាន។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២២នេះ បានចេញសារលិខិតអបអរសាទរខួប៥៥ឆ្នាំ នៃការបង្កើតសមាគមអាស៊ាន។ ក្នុងសារលិខិត សម្តេច បានរំលេចពីគុណសម្បត្តិខ្លះៗរបស់កម្ពុជា ដែលបានរួមចំណែកជាមួយអាស៊ាន។

 
«ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩មក និងក្នុងនាមជាសមាជិក ដែលចូលក្រោយគេបង្អស់ កម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន»។ នេះជាខ្លឹសារ១ ក្នុងសារលិខិតរបស់នាយករដ្ឋមន្រ្តីកម្ពុជា។ មេដឹកនាំកម្ពុជា បន្តថា កម្ពុជា ចូលរួមចំណែកយ៉ាងកម្មដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវក្នុងការរក្សាសន្តិសុខក្នុងតំបន់។ 
 
ប្រធានអាសាន លើកឡើងទៀតថា កម្ពុជា មានគោលបំណងក្នុងការជំរុញបន្ថែមនូវដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការសម្រេចឲ្យបានគោលដៅនិងគំនិតផ្តួចផ្តើមគន្លឹះនានា ស្ថិតក្រោមផែនការលម្អិតនៃការកសាងសហគមន៍អាស៊ានឆ្នាំ០២៥។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា មើលឃើញថា អាស៊ាន នឹងបន្តជួបប្រទះបញ្ហាសន្តិសុខធំៗជាច្រើន ដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាម-រុស្ស៊ី។ សម្តេចនាយករដ្ឋមន្រ្តី យល់ថា បញ្ហាទាំងនេះ អាចបង្កអស្ថិរភាពដល់សន្តិសុខក្នុងតំបន់អាស៊ាន បើអាស៊ាន មិនបានគ្រប់គ្រងបញ្ហាទាំងនេះឲ្យបានល្អ។ 
 
អាស៊ាន ដែលបច្ចុប្បន្ន មាន១០ប្រទេសជាសមាជិក ត្រូវបានបង្កើតឡើង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ ចាប់តាំងពីចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩មក កម្ពុជា មានឱកាសបានធ្វើជាប្រធានប្តូរវេន៣ដងហើយ។ កម្ពុជា ទើបនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានរួច នៅរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ តាមរយៈសារលិខិត ប្រមុខរដ្ឋាភិបាលកម្ពុជា សរសេរថា កម្ពុជា មានកិត្តិយសក្រៃលែង ដែលបានទទួលតួនាទីជាប្រធានអាស៊ានលើកទី៣នៅឆ្នាំ២០២២នេះ៕  
 

Tag:
 ខួប៥៥ឆ្នាំនៃបង្កើតអាស៊ាន
  កម្ពុជា
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com