អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន ថាទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកបង្កកំហុស៣
08, Aug 2022 , 2:00 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ រូបភាព៖ Thmey Thmey
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ រូបភាព៖ Thmey Thmey
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី៨ ខែសីហា បានលើកឡើងថា ទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅកោះតៃវ៉ាន់ បានបង្កកំហុសបីដូចជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន, គាំទ្រកម្លាំងឯករាជ្យនៅតៃវ៉ាន់ រួមទាំងបំផ្លាញសន្តិភាពនៅលើច្រកសមុទ្រតៃវ៉ាន់ផង។ បើតាមលោកវ៉ាង អាម៉េរិកមិនបានគោរពការជូនដំណឹង និងការដាស់តឿនរបស់ចិនជាមុនឡើយ។

 
បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅកោះតៃវ៉ាន់ ភាពតានតឹងរវាងចិន និងអាម៉េរិក កាន់តែរីកធំ ដោយភាគីទាំងពីរតែងចោទគ្នាទៅវិញទៅមក ជុំវិញការបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ក្នុងអំឡុងទស្សនកិច្ចនៅបង់ក្លាដែស រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោកវ៉ាង យី បានបញ្ជាក់ថា ទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅកោះតៃវ៉ាន់ បានបង្កកំហុសបី។
 
«អាម៉េរិក បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន, គាំទ្រកម្លាំងឯករាជ្យតៃវ៉ាន់ និងបំផ្លាញសន្តិភាពឆ្លងច្រកសមុទ្រតៃវ៉ាន់យ៉ាងខ្លាំង»។ លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តចោទរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា មានការប្តេជ្ញាក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងនៅតៃវ៉ាន់ បើទោះមានការជូនដំណឹង និងការក្រើនរំឮកជាមុនក្តី។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ត្រង់ចំណុចនេះ លោកវ៉ាង បានពន្យល់ថាតៃវ៉ាន់ មិនមែនជាផ្នែកមួយនៃអាម៉េរិកទេ ប៉ុន្តែជាផ្នែកមួយរបស់ចិន ហើយភាគីអាម៉េរិក ក៏បានប្តេជ្ញាគោរពតាមគោលការណ៍ចិនតែមួយដែរ។ 
 
បើតាមលោកវ៉ាង លោកស្រី ផេឡូស៊ី កំពុងគាំទ្រទាំងបើកចំហលើកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់។ ត្រង់ចំណុចនេះ លោកវ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានចង្អុលដាក់ បក្សគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) របស់លោកស្រី Tsai Ing-wen ដែលបានដាក់ចេញការស្វែងរកឯករាជ្យភាពនៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន ហើយព្យាយាមបង្កើតឱ្យមានចិនចំនួនពីរ ក្នុងនោះមាន ចិនដីគោក និងចិនតៃវ៉ាន់។ 
 
បន្ថែមពីនេះ ប្រមុខការទូតចិន បានបន្ថែមថា អាម៉េរិកព្យាយាមបង្កើតល្បិចចាស់តាមរយៈទស្សនកិច្ចរបស់លោកស្រីផេឡូស៊ីនៅតៃវ៉ាន់ ក្នុងគោលបំណងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។ មិនតែប៉ុណ្ណោះ លោកវ៉ាង បានអះអាងជាថ្មីថា អាម៉េរិកបានប្រើប្រាស់តៃវ៉ាន់ ដើម្បីកៀបសង្កត់ខ្លួន។ 
 
ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភានៅក្រុងតៃប៉ិ ចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ា​ន់ ដោយមានបាញ់គ្រាប់ពិត មីស៊ីល រួមទាំងសម្ញែងយន្តហោះចម្បាំងរបស់ខ្លួនផង។ លើសពីនេះ ចិនបានផ្អាកទំនាក់ទំនងលើវិស័យចំនួន៨ជាមួយអាម៉េរិក និងដាក់ទណ្ឌកម្មលើលោកស្រី ផេឡូស៊ី និងគ្រួសារថែមទៀត។ 
 
ទាក់ទិនបញ្ហាខាងលើ ប្រមុខការទូតចិន បាននិយាយការពារថា ចំណាត់ការដែលដាក់ចេញដោយក្រុងប៉េកាំង គឺស្របច្បាប់, សមហេតុផល, ចាំបាច់ និងបើកចំហ។ បើតាមលោកវ៉ាង គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជាវិធានដ៏ចាំបាច់នៅក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។​ រដ្ឋមន្រ្តីការបរទេសចិនរូបនេះ ក៏បានអរគុណដល់រដ្ឋផ្សេងទៀត ដែលទទួលស្គាល់គោលនយោបាយចិនតែមួយផង៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com