អន្តរជាតិ
ប្រមុខUN៖ ការប្រឈមមុខដោយអាវុធនុយក្លេអ៊ែរ​លេចឡើងជាថ្មី ក្រោយស្ងប់ស្ងាត់ច្រើនទសវត្សន៍
08, Aug 2022 , 3:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបថត Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបថត Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៨ ខែសីហា បានព្រមាន​ពីហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយប្រើអាវុធនុយក្លេអ៊ែរ ដែលលោកអះអាងថា កំពុងលេច​ឡើងជាថ្មី ក្រោយស្ងប់ស្ងាត់អស់ជាច្រើនទសវត្សន៍។ ប្រមុខUN រូបនេះ បាន​អំពាវនាវ​ឱ្យប្រទេស​មាន​អាវុធនុយក្លេអ៊ែរទាំងអស់ប្ដេជ្ញាចិត្តកុំប្រើប្រាស់ឱ្យសោះ។


អំឡុងទស្សនកិច្ចនៅទឹកដីជប៉ុន ដែលជាប្រទេសមួយគត់រងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គេលខាធិការអង្គការសហប្រជាជាតិ បានបង្ហាញពីក្ដីបារម្ភរបស់​លោក​ចំពោះហានិភ័យ​នៃការប្រឈម​មុខ​រវាង​មហាអំណាចដែលមាននុយក្លេអ៊ែរ។
 
ក្នុងសន្និសីទមួយនៅទីក្រុងតូក្យូនៅថ្ងៃទី៨ ខែសីហា លោក ហ្គូតេរ៉េស លើកឡើងថា ហានិ​ភ័យនៃការ​ប្រឈមមុខគ្នាដោយអាវុធនុយក្លេអ៊ែរកំពុងលេចឡើងជា​ថ្មីម្ដងទៀតហើយ ​ក្រោយស្ងប់ស្ងាត់ច្រើន​ទសវត្សន៍គិតចាប់តាំងពីជំនាន់មានភាពតានតឹង​ដោយសង្គ្រាមត្រជាក់។ ទន្ទឹមនេះ ប្រមុខ UN ក៏​បាន​អំពាវនាវឱ្យបណ្ដាប្រទេសមានអាវុធ​នុយក្លេអ៊ែរ មិនត្រូវប្រើប្រាស់អាវុធមហាប្រល័យនេះឡើយ។
 
លោក ហ្គូតេរ៉េស ក៏និយាយដល់វិបត្តិនៅអ៊ុយក្រែន ពិសេសការវាយប្រហាររបស់រុស្ស៊ីលើ​រោងចក្រ​ផលិតថាមពលដោយនុយក្លេអ៊ែរ​ Zaporizhzhia ដែលធំជាងគេនៅអឺរ៉ុប។ យោធារុស្ស៊ី វាយប្រហារ​រោងចក្រនេះពីរបីថ្ងៃមកហើយ។ លោក ហ្គូតេរ៉េស ព្រមានថាថា រាល់ការវាយប្រហារលើរោងចក្រផលិត​ថាមពល​ដើរដោយនុយ​ក្លេអ៊ែរ ជាការធ្វើអត្តឃាត។ 
 
ការវាយប្រហារជបន្តបន្ទាប់លើរោង​ចក្រផលិតថាមពលនៅអ៊ុយ​ក្រែន ធ្វើឱ្យ​ខូចឧបករណ៍ចាប់សញ្ញា​វិទ្យុ​សកម្ម​ចំនួនបី និងកម្មករម្នាក់រងរបួសដែរ។ 
 
ទាក់ទិនបញ្ហានុយក្លេអ៊ែរ កាលពីសប្ដាហ៍មុន លោក ហ្គូតេរ៉េស ក៏បានរិះគន់រដ្ឋជាច្រើនដែល​កំពុង​ស្វះស្វែងរកសន្តិ​សុខក្លែងក្លាយ តាមរយៈការចំណាយលុយជាច្រើនពាន់លានដុល្លារ​ទិញអាវុ​ធ​ស្តុកទុក​ដែលនោះជាទង្វើមិនគួរមានលើពិភពលោក៕ 
 
 

Tag:
 UN
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com