ជាតិ
សង្គមជាតិ
បុរសនីហ្សេរីយ៉ា ដែលកើតអុតស្វា ហើយលួចរត់មកកម្ពុជា ត្រូវហាមមិនឲ្យចូលកម្ពុជា៣ឆ្នាំ
08, Aug 2022 , 4:25 pm        
រូបភាព
បុរសនីហ្សេរីយ៉ា ពេលសម្រាកព្យាបាលជំងឺអុតស្វា ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រូបពី AKP)
បុរសនីហ្សេរីយ៉ា ពេលសម្រាកព្យាបាលជំងឺអុតស្វា ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រូបពី AKP)
បុរសនីហ្សេរីយ៉ា ដែលកើតអុតស្វានៅថៃ ហើយលួចរត់ចូលមកកម្ពុជា ត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់ពិន័យតាមច្បាប់អន្តោប្រវេសន៍ ដោយនឹងត្រូវបណ្តេញចេញពីកម្ពុជា ហើយហាមឃាត់មិនឲ្យត្រឡប់ចូលកម្ពុជារយៈពេល៣ឆ្នាំ។ នេះបើតាមព័ត៌មានពីលោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។


លោក កែវ វណ្ណថា មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះថា បុរសជនជាតិនីហ្សេរីយ៉ា បានលួចចូលមកកម្ពុជាដោយខុសច្បាប់ ដូច្នេះ អាជ្ញាធរកម្ពុជា ត្រូវអនុវត្តតាមច្បាប់ស្តីអន្តោប្រវេសន៍ ដោយរៀបចំបញ្ជូនរូបគេ ចេញពីកម្ពុជាក្នុងពេលឆាប់ៗ។ 
 
លោក បន្ថែមថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវរង់ចាំការចេញប្រកាសពីក្រសួងមហាផ្ទៃជាមុនសិន ទើបបញ្ជូនបុរសនីហ្សេរីយ៉ានេះចេញពីកម្ពុជា។ លោកអគ្គនាយករង បញ្ជាក់ដូច្នេះថា៖«ឲ្យតែថ្នាក់ដឹកនាំ ចុះហត្ថា វាយត្រា [លើប្រកាស] យើង នឹងបណ្តេញចេញហើយ»។ 
 
ចំពោះការពិន័យលើបុរសជនជាតិនីហ្សេរីយ៉ា តាមច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងទៀត ឬយ៉ាងណានោះ លោក កែវ វណ្ណថន រុញឲ្យទៅសួរក្រសួងសុខាភិបាល។ សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយសារតែអ្នកស្រី មិនទទួលការហៅចូល។ 
 
ក្រសួងសុខាភិបាល បានជូនដំណឹងលើទំព័រយ្វេសប៊ុកថា បុរសនីហ្សេរីយ៉ាខាងលើ បានជាសះស្បើយពីជំងឺអុតស្វាវិញ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា ក្រោយចេញពីមន្ទីរពេទ្យ បុរសនីហ្សេរីយ៉ានេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ 
 
បុរសនីហ្សេរីយ៉ានេះ ត្រូវបានធ្វើតេស្តរកឃើញជំងឺអុតស្វាតាំងពីនៅថៃ តែបានលួចរត់ចេញពីថៃ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ដោយអាជ្ញាធរកម្ពុជា ទទួលបានដំណឹងថា រូបគេ បានចូលទៅខេត្តព្រះសីហនុ ហើយបន្ទាប់មក អាជ្ញាធរកម្ពុជា បានរកឃើញនៅម្តុំផ្សារដើមថ្កូវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែកក្កដា៕ 
 

Tag:
 អុតស្វា
  ករណីបុរសនីហ្សេរីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com