អន្តរជាតិ
ប្រមុខការទូតឥណ្ឌូណេស៊ី រំឭកសម្ដីសម្ដេចហ៊ុនសែន៖ អាស៊ានមិនត្រូវក្លាយជាចំណាប់ខ្មាំងនៃវិបត្តិមីយ៉ាន់ម៉ាឡើយ
08, Aug 2022 , 4:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។រូបភាពយកពីការផ្សាយផ្ទាល់របស់ ASEAN
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។រូបភាពយកពីការផ្សាយផ្ទាល់របស់ ASEAN
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី៨ ខែសីហា បានលើកឡើងថា អាស៊ាន មិនត្រូវអនុញ្ញាតឱ្យបញ្ហានយោបាយនៅមីយ៉ាន់ម៉ាកំណត់អត្ថន័យរបស់ខ្លួនឡើយ។ ទន្ទឹមនេះ ប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ បានស្រង់សម្តីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានផ្លាស់វេនអាស៊ាន ផងថា អាស៊ានមិនគួរក្លាយជាចំណាត់ខ្មាំង ដោយសារស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាឡើយ ប៉ុន្តែអាស៊ានត្រូវតែបន្តដំណើរទៅមុខ។


 
 
អាស៊ាន នៅថ្ងៃទី៨ ខែសីហា បានប្រារព្ធខួបនៃការបង្កើតបានរយៈពេល ៥៥ឆ្នាំ ស្របពេលមានបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហានយោបាយនៅមីយ៉ាន់ម៉ា ដែលជាសមាជិកមួយរបស់អាស៊ាន។ ក្នុងសុន្ទរកថាមួយនាក្រុងហ្សាការតា ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានជំរុញឱ្យប្រទេសក្នុងតំបន់មិនត្រូវអនុញ្ញាតឱ្យបញ្ហាមីយ៉ាន់ម៉ា កំណត់អត្តសញ្ញាណរបស់អាស៊ានឡើយ។ 
 
«យើងត្រូវតែបំពេញក្តីប្រាថ្នារបស់ប្រជាជន ដើម្បីរស់នៅប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព»។ ប្រមុខការទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងចំពោះមុខអគ្គលេខាធិការអាស៊ាន និងមន្រ្តីឥណ្ឌូណេស៊ីផ្សេងទៀត។ ក្នុងវេទិកាដដែល លោកស្រី Marsudi បានស្រង់សម្តីសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលជាប្រធានផ្លាស់វេនអាស៊ានផងនោះមកថា អាស៊ានមិនគួរក្លាយជាចំណាត់ខ្មាំងនៃស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាឡើយ ហើយអាស៊ាន ត្រូវតែបន្តដំណើរទៅមុខ។ 
 
ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ពីចំណុចមួយនៅក្នុងធម្មនុញ្ញអាស៊ាន ដែលមានចែងពីនីតិរដ្ឋ, គោលការណ៍ប្រជាធិបតេយ្យ, អភិបាលកិច្ចល្អ, ការគោរព និងការការពារសិទ្ធិមនុស្ស រួមទាំងសេរីភាពជាមូលដ្ឋានផង។ 
 
ដោយចាត់ទុកធម្មនុញ្ញអាស៊ានមានភាពចាំបាច់ ប្រមុខការទូតរូបនេះ បានជំរុញឱ្យយោធាមីយ៉ាន់ម៉ា គោរពការឯកភាព៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាននាខែមេសា ឆ្នាំ២០២១។ 
 
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៥ ខែសីហា បន្ទាប់ពីកិច្ចប្រជុំលើកទី៥៥ បានសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឱ្យមីយ៉ាន់ម៉ាគោរពតាមការឯកភាពទាំង៥ និងវាយតម្លៃលើការអនុវត្តរបស់របបសឹក។​ យ៉ាងណាមិញសេចក្តីថ្លែងការណ៍នោះ ត្រូវបានយោធាមីយ៉ាន់ម៉ា ច្រានចោល។ ជាមួយគ្នានេះ ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បានទទូចឱ្យអាស៊ានកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួនផង។ 
 
មិនតែប៉ុណ្ណោះ ស្របពេលអាស៊ានប្រារព្ធខួបរយៈពេល ៥៥ឆ្នាំនេះ លោកស្រី Marsudi បានអំពាវនាវឱ្យមានការពង្រឹងអាស៊ាន ការពារភាពជឿទុកចិត្ត រួមទាំងសាមគ្គីភាពផង។ 
 
ផែនការ ៥ចំណុចរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មានដូចជា ការរៀបចំគណៈកម្មការបោះឆ្នោតឡើងវិញ, វិធានការទប់ស្កាត់ជំងឺកូវីដ-១៩, វិធានការជួយសង្រ្គោះអាជីវកម្មក្នុងវិបត្តិជំងឺឆ្លង, ការសម្រេចបានសន្តិភាពនៅទូទាំងប្រទេស និងការរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ដោយផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨។
 
ក្នុងថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ លើសារព័ត៌មានរដ្ឋ The Global New Light of Myanmar ដោយលើកទឹកចិត្តឱ្យប្រជាជនមីយ៉ាន់ម៉ា ចូលរួមជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីធ្វើឱ្យសេចក្តីប្រាថ្នារបស់អាស៊ានក្លាយជាការពិត ក៏ដូចជាចូលរួមពង្រឹងកិច្ចខិតខំកសាងសហគមន៍ ដែលជួយលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើសពីនេះ។ 
 
យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍នោះ មេដឹកនាំយោធា មិនបានបញ្ជាក់ពីការអនុវត្តការឯកភាព ៥ចំណុច, ដំណើរប្រជាធិបតេយ្យ ឬការដោះលែងអ្នកជាប់ឃុំនយោបាយឡើយ៕
 

Tag:
 ឥណ្ឌូណេស៊ី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com