អន្តរជាតិ
ប្រមុខ UN ទាមទារឱ្យត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន ក្រោយរងការវាយប្រហារជាថ្មី
08, Aug 2022 , 5:59 pm        
រូបភាព
រោងចក្រផលិតថាមពលដោយដើរនុយក្លេអ៊ែរ Zaporizhzhia ។ រូបថត AFP
រោងចក្រផលិតថាមពលដោយដើរនុយក្លេអ៊ែរ Zaporizhzhia ។ រូបថត AFP
ដោយ:
ប្រមុខអង្គការសហប្រជាជាតិនៅថ្ងៃទី៨ ខែសីហា អំពាវនាវឱ្យទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិចូលត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន Zaporizhzhia ដែលត្រូវបានរងការវាយប្រហារជាថ្មី។ រដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហារនេះដែលអាចនឹងបង្កឱ្យមានមហន្តរាយនុយក្លេអ៊ែរ ប្រសិនបើសារធាតុវិទ្យុសកម្មបានធ្លាយចេញពីរោងចក្រ Zaporizhzhia។

 
បើតាមមន្រ្តីអ៊ុយក្រែន រោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន Zaporizhzhia ដែលជារោងចក្រធំបំផុតនៅអឺរ៉ុបនៅយប់ថ្ងៃទី៦ ខែសីហា រងការវាយប្រហារពីសំណាក់កងកម្លាំងយោធារុស្ស៊ីជាថ្មីដែលបណ្តាលឱ្យខូចឧបករណ៍ចាប់សារធាតុវិទ្យុសកម្មចំនួនបី និងកម្មករធ្វើការនៅទីនោះម្នាក់រងរបួស។  
 
Zaporizhzhia ដែលស្ថិតនៅក្រុង Enerhodar ភាគអាគ្នេយ៍ប្រទេស ត្រូវបានវាយប្រហារលើកដំបូងនៅដើមខែមីនា ហើយក្រោយមកក៏ធ្លាក់ចូលក្នុងដៃយោធារុស្ស៊ី។ ប៉ុន្តែរោងចក្រនេះនៅតែដំណើរការដោយកម្មករអ៊ុយក្រែនដដែល។
 
ទាក់ទងរឿងនេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានហៅរុស្ស៊ីជាភេរវករនុយក្លេអ៊ែរ ហើយអំពាវនាវឱ្យអន្តរជាតិដាក់ទណ្ឌកម្មបន្ថែមលើក្រុងមូស្គូ ពិសេសលើវិស័យនុយក្លេអ៊ែរ។ បន្ថែមពីនេះ ក្រុងកៀវអះអាងថា ក្រុងមូស្គូក៏បានបាញ់ផ្លោងប៉ះនឹងខ្សែភ្លើងនៅរោងចក្រ Zaporizhzhia កាលពីថ្ងៃទី៥ ខែសីហា ។ 
 
«គ្មានប្រទេសណានៅលើពិភពលោកនេះដែលមានអារម្មណ៍ថាសុវត្ថិភាពទេ នៅពេលដែលរដ្ឋភេរវករបាញ់ប្រហាររោងចក្រនុយក្លេអ៊ែរ»។ លោក ហ្សេលេនស្គី ថ្លែងបែបនេះតាមទូរទស្សន៍ថ្ងៃទី៧ ខែសីហា។ 
 
យ៉ាងណាមិញ អាជ្ញាធរដែលរុស្ស៊ីចាត់តាំងនៅតំបន់នោះអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហាររោងចក្រ Zaporizhzhia ដោយគ្រាប់រ៉ុក្កែតជាច្រើន ដោយធ្វើឱ្យខូចខាតដល់អគាររដ្ឋបាល និងតំបន់ក្បែរនោះ។ 
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) អង់តូនីញូ ហ្គូតេរ៉េស វិញ បានទាមទារឱ្យក្រុមត្រួតពិនិត្យអន្តរជាតិចូលទៅរោងចក្រខាងលើដើម្បីតាមដានស្ថានការណ៍។ លោក ហ្គូតេរ៉េស អះអាងថា លោកគាំទ្រឱ្យទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិធ្វើការដើម្បីឱ្យស្ថានការណ៍ក្នុងរោងចក្រមានស្ថិរភាព។៕
 
 

Tag:
 UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com