ជាតិ
រថយន្ត
ក្រុងពីរនៅចិនអនុញ្ញាតឲ្យ Baidu បើកសេវាកម្ម​តាក់ស៊ីគ្មានអ្នក​បើក robotaxi
08, Aug 2022 , 7:29 pm        
រូបភាព
Apollo Go ជារថយន្តតាក់ស៊ី robotaxi ដែលនៅមានមនុស្សបញ្ជានៅឡើយ។ រូបថត Baidu
Apollo Go ជារថយន្តតាក់ស៊ី robotaxi ដែលនៅមានមនុស្សបញ្ជានៅឡើយ។ រូបថត Baidu
ដោយ: ធីតា
ក្រុម​ហ៊ុន​ Baidu ទទួល​បាន​ការអនុញ្ញាត​នូវ​ការ​ដាក់ឲ្យ​ដំណើរ​ការ​សេវា​រថយន្តតាក់​ស៊ី​ (Robotaxi) ដែល​គ្មាន​មនុស្ស​បើក​នៅ​ក្នុង​ចំនួន​២ គឺក្រុង Chongqing និង​ក្រុង Wuhan។ នេះ​បើតាម​ការផ្សាយ​របស់ HT Auto។

 
Baidu ដែល​ជា​ក្រុម​ហ៊ុន​រុករក​តាមអ៊ីនធ័រណិត (search engine) ​របស់ចិន បាន​លើក​ឡើងថា ការអភិវឌ្ឍន៍នេះ ជួយ​ពួក​គេ​រួម​ចំណែក​ជាមួយ​គោលនយោបាយ​រដ្ឋ ក្នុងការ​លើកកម្ពស់ឧស្សាហកម្ម​យានយន្ត​ស្វ័យ​ប្រវត្តិ។
 
បើតាម​លោក Wei Dong ប្រធាន​ទទួល​បន្ទុក​ប្រតិបត្តិការសុវត្ថិភាពផ្នែក​បើក​បរ​ឆ្លាតវៃ​របស់ Baidu ការអនុញ្ញាតនេះ ជាសញ្ញាណ​ដ៏វិជ្ជមានមួយ។ លោក​ប្រាប់រ៉យទ័រថា៖ «ប្រសិន​បើ​យើង​គិតថានេះជាការរុក​រកឋានអវកាស សកម្ម​ភាព​របស់​យើង​ក៏ស្មើ​នឹង​ការ​ឈានទៅ​ចុះចតនៅឋានព្រះចន្ទយ៉ាងដូច្នោះដែរ»។
 
តាមគម្រោងបឋម Baidu នឹង​បំពាក់​ស្ថានីយ៍បញ្ជូន​ចរន្ត នៅ៥ទីតាំងសម្រាប់​ក្រុងនីមួយៗ ដែលអាចប្រតិបត្តិការ​ពីម៉ោង​៩ព្រឹក​ដល់​ម៉ោង​៥ល្ងាច សម្រាប់ក្រុង​វូហាន រីឯពីម៉ោង​៩កន្លះព្រឹក ដល់ម៉ោង​៤កន្លះល្ងាច សម្រាប់​ក្រុង Chongqing។
 
ទោះបីជាយ៉ាងណាក៏ដោយ ទំហំនៃការធ្វើ​ចរាចរណ៍បាន​តែក្នុងរង្វង់​ពី​១៣ ទៅ៣០គីឡូម៉ែត្រប៉ុណ្ណោះ ពោល​គឺ​ស្ថិតក្នុងតំបន់​ដែល​ Baidu អាចគ្រប់គ្រង​បច្ចេកទេស​បាន។
 
បន្ទាប់ពីទទួលបាន​ភ្លើងខៀវសម្រាប់ក្រុង Chongqing និង Wuhan ក្រុមហ៊ុន Badu ក៏កំពុងពិភាក្សា​ជាមួយ​រដ្ឋបាលមូលដ្ឋាននៃក្រុងប៉េកាំង, សៀងហៃ និង Shenzhen ផងដែរ ដើម្បីទទួលបានអាជ្ញាបណ្ណ១ឆ្នាំ​លើ​ការ​ដាក់​ដំណើរ​ការសាកល្បង​រថយន្តតាក់ស៊ី robotaxis ដែលគ្មានមនុស្ស​បើកនេះ។​
 
កាលពី​ខែ​មករា ក្រុមហ៊ុន Cruise បានទទួលអាជ្ញាបណ្ណពីគណៈកម្មការជំនាញ​រដ្ឋកាលីហ្វនីញ៉ា លើ​ដំណើរ​រថយន្ត​គ្មាន​អ្នកបើ​ក នៅ​បណ្តាផ្លូវ​មួយចំនួន​ក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ជាមួយគ្នានេះ រថយន្តស្វ័យ​ប្រវត្តិ Apollo Go robotaxi របស់ Baidu ក៏បា​ន​ប្រតិបត្តិការសេវាកម្ម​នៅក្រុង​ចំនួន​១០ទូទាំង​ប្រទេស​ចិន​ចាប់ពី​ឆ្នាំ២០២០មកផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com