រថយន្ត
អន្តរជាតិ
ទោះដាក់ទណ្ឌកម្ម តែជប៉ុនបន្តសម្រុកនាំរថយន្តមួយទឹកចូលរុស្ស៊ី 
រថយន្តរាប់ពាន់គ្រឿងរង់ចាំការដឹកជញ្ជូនទៅរុស្ស៊ី។ រូបថត Ashahi
×![]()
ចំនួនរថយន្តមួយទឹកដែលនាំចេញទៅកាន់ប្រទេសរុស្ស៊ី មានការកើនឡើងបីដង បើគិតចាប់តាំងពីខែឧសភា មក ហើយរថយន្តមួយទឹកប្រមាណ៤០០០គ្រឿងទៀត គ្រោងនឹងដឹកជញ្ជូនបន្តទៅកាន់ប្រទេសមួយនេះ។ បើទោះបីជាមានការទណ្ឌកម្មជាច្រើនប្រឆាំងរុស្ស៊ីក៏ដោយ ប៉ុន្តែជប៉ុននៅតែបន្តនាំចេញរថយន្តមួយទឹកក្នុងចំនួនដ៏ច្រើនទៅកាន់ប្រទេសមួយនេះ។
សារព័ត៌មាន Asahi Shimbun បានរាយការណ៍ថា កាលពីចុងខែមិថុនា កំពង់ផែ Vladivostok របស់រុស្ស៊ី មានរថយន្តថ្មី និងរថយន្តមួយទឹកជាច្រើនគ្រឿង ពីជប៉ុន និងកូរ៉េខាងត្បូង ដោយភាគច្រើនជាប្រភេទ SUVs, Minivans និងរថយន្តទំនើប Luxury។
លោក Viktor Lutsyk អ្នកទទួលខុសត្រូវម្នាក់ប្រចាំកំពង់ផែ បាននិយាយថា កំពង់ផែមិនមានចំណតទូលាយ បន្ទាប់ពីមានការនាំចូលយ៉ាងគំហុកនូវរថយន្តមួយទឹកពីជប៉ុន និងប្រទេសមួយចំនួនទៀត។
អ្នកបម្រើការនៅក្រុមហ៊ុនដឹកជញ្ជូនមួយរូបបាននិយាយថា រថយន្តមួយទឹកយ៉ាងហោចណាស់២០០០គ្រឿង ត្រូវបានដឹកពីជប៉ុនជារៀងរាល់ខែ តាមផែ Vladivostok ហើយក្រុមហ៊ុនសម្រេចផ្អាកការបញ្ជាទិញដោយសារកំណើនរថយន្តកាន់តែច្រើន។
រីឯលោក Dmitriy Zabora អគ្គនាយកក្រុមហ៊ុននាំចូលរថយន្ត Carwin Plc បានអះអាងថា ជារៀងរាល់ខែ រថយន្តមួយទឹកប្រមាណ១៧០០០ ទៅ១៨០០០គ្រឿង ពីជប៉ុន ត្រូវនាំចូលកាន់ប្រទេសរុស្ស៊ីទាំងមូល។
Asahi Shimbun បានរាយការណ៍ថា បច្ចុប្បន្ន រថយន្តប្រមាណពី៤០០០ទៅ៥០០០គ្រឿង ត្រូវបានបញ្ជាទិញ និងរង់ចាំការដឹកចេញពីជប៉ុន។ បញ្ហាដែលធំនោះ គឺសេវាកម្មពី Yokohama និង Kobe ទៅកាន់ផែរុស្ស៊ី មានការរអាក់រអួល ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសមួយនេះ។
របាយការណ៍បង្ហាញផងដែរថា រថយន្តមួយទឹកពីជប៉ុន មានតម្លៃថោក ជាពិសេសអំណោយផលលើការទូទាត់សាច់ប្រាក់យ៉េន និងរូប្លិ៍របស់រុស្ស៊ី។ មុនជម្លោះរុស្ស៊ី-អ៊ុយក្រែន ១រូប្លិ៍ស្មើប្រមាណ១,៥យ៉េន ហើយបន្តមកធ្លាក់ចុះតិចជាង០,៩យ៉េន៕
© រក្សាសិទ្ធិដោយ thmeythmey.com