ជាតិ
បទសម្ភាសន៍
វីដេអូ
​លោក ប៉ិច បូឡែន៖ គុណភាពអប់រំកម្ពុជា មិនចាញ់ប្រទេសអាស៊ានឡើយ ហើយនឹងជាគោលដៅក្នុងតំបន់
08, Aug 2022 , 8:59 pm        
រូបភាព
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា.
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា.
ដោយ: ថ្មីៗ
ដោយ៖ សុង សុធាវី
 
 
ភ្នំពេញ៖  ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក ប៉ិច បូឡែន ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា សិស្ស -និស្សិត កម្ពុជាមានសមត្ថភាព លេចធ្លោលើមុខវិជ្ជាភាសាអង់គ្លេស មុខវិជ្ជាជំនាញ ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចំណេះជំនាញផ្នែកសហគ្រិនភាពផងដែរ បើធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប រូបនេះ រំពឹងថា កម្ពុជាក៏អាចក្លាយជាគោលដៅអប់រំនៅក្នុងតំបន់អាស៊ានដែរ បើមានការរួមគ្នាពីសហគ្រិនក្នុងស្រុក និងការចាប់ដៃគូជាមួយក្រុមហ៊ុនខាងក្រៅ ដើម្បីកៀរគរធនធាន ទាំងបច្ចេកទេស ទាំងថវិកា ក្នុងការបង្កើតគ្រឹះស្ថាឧត្តមសិក្សាឱ្យមានគុណភាពអប់រំល្អទៅមុខទៀត។

 
សហព័ន្ធសេវាអប់រំនៅកម្ពុជាមានសាលារៀន និងវិទ្យាស្ថានជាង១០០ស្ថាប័នជាសមាជិក បើគិតមកដល់បច្ចុប្បន្ននេះ។ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធមួយនេះ និងមានបទពិសោធក្នុងវិស័យអប់រំជាង២០ឆ្នាំផងនោះបានប្រាប់សារព័ត៌មានថ្មីៗថា វិស័យអប់រំនៅកម្ពុជា ទាំងរដ្ឋ និង ឯកជន ពីមួយឆ្នាំទៅមួយឆ្នាំមានភាពរីកចម្រើនជាលំដាប់ តែក៏មានការធ្លាក់ចុះខ្លះដែរនៅតាមតំបន់ដាច់ស្រយាលមួយចំនួន ទាក់ទងនឹងវិធីសាស្រ្តបង្រៀនមិនបានពេញលេញឱ្យដូចគ្នាជាមួយសិស្សទូទៅ។
 
«បើយើងនិយាយពីប្រព័ន្ធអប់រំមួយ មានច្រើនណាស់ តាំងពីកំរិត មត្តេយ្យ បឋម មធ្យម ឧត្តម ការបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈក្រៅប្រព័ន្ធ ការអប់រំនៅក្នុងសាលា ក្រៅសាលា។ល។  អ៊ីចឹងមានរឿងច្រើនមែនទែនខ្ញុំអាចនិយាយបានថា យើងធ្វើបានល្អច្រើន ទាំងរដ្ឋ និង ឯកជន មួយរយៈនេះគុណភាពអប់រំយើងមិនចាញ់គេទេ ឱ្យតែយុវជនរបស់យើងទទួលបានបរិយាកាសល្អក្នុងការអភិវឌ្ឍសមត្ថភាព»។ នេះជាការលើកឡើងរបស់ លោក ប៉ិច បូឡែនក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមរយៈទូរសព្ទដៃ។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក ប៉ិច បូឡែន ដូចតទៅ៖




 
 
បុរសមាឌមាំវ័យ៤២ឆ្នាំរូបនេះ ពន្យល់បន្ថែមថា សិស្ស -និស្សិត កម្ពុជាមានសមត្ថភាព លេចធ្លោលើមុខវិជ្ជាភាសាអង់គ្លេស មុខវិជ្ជាជំនាញ ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចំណេះជំនាញផ្នែកសហគ្រិនភាពផងដែរ បើធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ 
 
ទន្ទឹមនឹងនេះ លោកក៏រំពឹងទុកថា កម្ពុជាក៏អាចក្លាយជាគោលដៅអប់រំនៅក្នុងតំបន់អាស៊ានដែរ បើមានការរួមគ្នាពីសហគ្រិនក្នុងស្រុក( សាលារៀនឯកជន សហការជាមួយសាលារដ្ឋ) និងការចាប់ដៃគូជាមួយក្រុមហ៊ុនខាងក្រៅ ដើម្បីកៀរគរធនធាន ទាំងបច្ចេកទេស ទាំងថវិកា ក្នុងការបង្កើតគ្រឹះស្ថានឧត្តមសិក្សាឱ្យមានគុណភាពអប់រំល្អទៅមុខទៀត។ 
 

លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និង សមាជិក សមាជិការ

«ប្រទេសយើងមិនធំពេកទេ អ៊ីចឹងធ្វើមិចឱ្យមានគ្រឹះស្ថានអប់រំធំៗ ល្អ មានគុណភាពខ្ពស់ ហើយមានចំនួនច្រើនទៀត ដែលអាចបម្រើប្រទេសក្នុងតំបន់អាស៊ាន មានតែការធ្វើរួមគ្នាហ្នឹងហើយ ទាំងក្នុងតំបន់ និងការវិនិយោគឆ្លងប្រទេសដៃគូរបស់យើងបន្ថែម»។ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាបញ្ជាក់ដោយសំនួនបែបនេះ និង ឆ្លៀតសង្កត់ធ្ងន់ថា៖ « បន្តអភិវឌ្ឃ បន្តឆ្លុះបញ្ចាំងគុណភាព ឱ្យឆ្លើយតបជាមួយនឹងការប្រែប្រួលពិភពការងារ អាជីវកម្ម កត្តាសេដ្ឋកិច្ច ទៅមុច ឬ អត់? ព្រោះគ្រឹះស្ថានបណ្តុះបណ្តាលទូទាំងពិភពលោកតែងគិតដូចគ្នា»។
 
ក្រឡេកមកមើលគុណភាពអប់រំនៅកម្ពុជា ទាំងរដ្ឋ និង ឯកជនវិញ លោក ប៉ិច បូឡែន បានបន្ថែមថា គុណភាពយុវជន ត្រូវរួមផ្សំនឹងសាលាដែលមានគុណភាពល្អ ហើយមាតាបិតាក៏ត្រូវយកចិត្តទុកដាក់តាមដានសកម្មភាព និងការសិក្សារបស់កូនផងដែរ។ បរិយាកាសសិក្សាល្អ ក្នុងការអភិវឌ្ឍសមត្ថភាពពួកគេ៕


 លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា

© រក្សាសិទ្ធិដោយ thmeythmey.com